ខេត្តកណ្ដាល-តាកែវ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំមន្ត្រីក្រោមឱវាទឱ្យរក្សាទឹកក្នុងអាងទន្លេបាទី និងទំនប់៧មករាសម្រាប់ប្រើប្រាស់នៅរដូវប្រាំង នាពេលខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក បានឱ្យដឹងថានាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តតាកែវ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ពេលនេះទ្វារទឹកប្រឡាយ៧៨ ដែលហូរចូលអាងទន្លេបាទីបើកទាំងអស់ ដោយសារមានរំហូរទឹកពីផ្នែកខាងលើតំបន់ទំនប់៧មករា ចំណែកទ្វារទឹកនៅទីតាំងស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ និងប្រឡាយហនុមាន គឺបើកទាំងអស់ដូចគ្នា ដើម្បីរំដោះទឹកចេញពីអាងទន្លេបាទី។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ក្រុមការងារក្រសួង មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងខេត្តកណ្តាល ក៏ដូចជារដ្ឋបាលស្រុកបាទីឱ្យបន្តកិច្ចសហការជិតស្និទ្ធជាមួយឆ្មាំទ្វារទឹកនៅទំនប់៧មករា ក្នុងការផ្លាស់ប្តូរព័ត៌មាន និងត្រៀមបិទទ្វារទឹក ដើម្បីរក្សាទឹកទុកក្នុងអាងឱ្យបានពេញ សម្រាប់បម្រើដល់ការប្រើប្រាស់នៅរដូវប្រាំងខាងមុខ។
បើតាមក្រសួង, គិតត្រឹមព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បរិមាណទឹកក្នុងអាងទន្លេបាទីដែលស្ថិតក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី មានប្រមាណ ៧,៩លានម៉ែត្រគូប ស្មើនឹង ១០០% នៃបរិមាណស្ដុកទឹកសរុប ៧,៩លានម៉ែត្រគូប ហើយទឹកក្នុងអាងមានកម្ពស់ ៧,៥ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន ៨ម៉ែត្រ៕
ចែករំលែកព័តមាននេះ