ប្រទេសបារាំង ៖ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង កាលពីយប់ថ្ងៃទី៦ តុលាបានស្នើលោកសេបាស្ទៀនឡឺគ័រនុយ ដែលទើបសុំលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ឲ្យធ្វើការចរចាចុងក្រោយ ដើម្បីប៉ុនប៉ងជួយសង្គ្រោះក្រុមចម្រុះប្រធានាធិបតី ។ នោះជាបេសកកម្មបន្ទាន់ ដែលត្រូវបំពេញចាប់ពីយប់ថ្ងៃទី៨ តុលា ទៅ ដើម្បីកំណត់គោលនយោបាយសកម្មភាពនិងធ្វើឲ្យប្រទេសមានស្ថិរភាព។ នេះបើតាមការប្រកាសរបស់វិមានប្រធានាធិបតីបារាំងអេលីហ្សេ។
ប្រធានាធិបតីផ្ដោតក្ដីសង្ឃឹមលើការសម្របសម្រួលគ្នាមួយ ក្រោយពីទិវានៃភាពច្របូកច្របល់ខាងនយោបាយមិនធ្លាប់មាន មកពីការសុំលាលែងភ្លាមៗរបស់នាយករដ្ឋមន្ត្រីដែលទើបតែងតាំងមិនទាន់បានមួយខែផង។ នេះជារឿងអាក្រក់មួយសម្រាប់សាធារណរដ្ឋទី៥បារាំង។
លោកសេបាស្ទៀនឡឺគ័រនុយពេលនេះ ជានាយករដ្ឋមន្ត្រីលាលែង នៅទទួលបន្ទុកកិច្ចការប្រចាំថ្ងៃរបស់រដ្ឋាភិបាលនោះ អះអាងតាមបណ្ដាញសង្គមXថា ខ្ញុំនឹងជម្រាបប្រាប់ដល់ប្រធានាធិបតីនាយប់ថ្ងៃទី៨ តុលា ថា តើសំណើនោះទៅរួចដែរឬអត់ ដើម្បីឲ្យប្រធានាធិបតីមានចំណាត់ការតទៅទៀត។
នៅវិមានអេលីហ្សេបណ្ដាអ្នកនៅជុំវិញប្រធានាធិបតីលើកឡើងថា ប្រសិនបើការចរចានោះបរាជ័យជាថ្មីម្ដងទៀត លោកម៉ាក្រុងនឹងជាអ្នកទទួលខុសត្រូវ។ គេអាចបកស្រាយថា នោះជាការគំរាមកំហែងរំលាយសភាជាថ្មី មិនដល់៦ខែផង បន្ទាប់ពីការរំលាយសភាមុន។
នារសៀលថ្ងៃទី៦ តុលា លោកសេបាស្ទៀនឡឺគ័រនុយ បានមកកាន់វិមានអេលីហ្សេពិភាក្សាជា មួយប្រមុខរដ្ឋ មុនទៅជួបលោកហ្សេរ៉ាដឡាស័រប្រធានព្រឹទ្ធសភានិងប្រមុខគណបក្សអ្នកសាធារណរដ្ឋ ដែលការគំរាមដកថយរបស់គណបក្សនោះពីរដ្ឋាភិបាលចម្រុះនាំឲ្យមានវិបត្តិភ្លាមៗ។ ការជួបគ្នានោះប៉ុនប៉ងបញ្ចុះបញ្ចូលពួកអ្នកស្ដាំនិយមឲ្យនៅជួយរក្សាសំឡេងភាគច្រើនក្នុងសភា៕
ចែករំលែកព័តមាននេះ