រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញពីរបាយការណ៍ នៃការស៊ើបអង្កេតករណីលោក ស៊ាំ បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU ពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា ។
របាយការណ៍បានលើកឡើងក្នុងកិច្ចប្រជុំលើកទី៣ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម យ៉ិន ទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានលើកឡើងពីរបាយការណ៍វឌ្ឍនភាព ករណីស៊ើបអង្កេតលើលោក ស៊ាន បូរ៉ាត អនុប្រធាន ACU ថា រហូតមកដល់ថ្ងៃនេះ លោក កែវ នាថមុនី ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋាន បានដឹកនាំស៊ើបអង្កេតករណីលោក ស៊ាន បូរ៉ាត អនុប្រធាន AUC ពាក់ព័ន្ធនឹងអតីត ឧកញ៉ា ឡេង ចាន់ណា បានស្តាប់ចម្លើយ ៖
១. លោក ស៊ាន បូរ៉ាត ចំនួន ១៥៧ កំណត់ហេតុ (ក្នុងរយៈពេល៤២ ថ្ងៃ), បានបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់លោក ស៊ាន ប៊ូរាត និងបានជូនលោកជំទាវភរិយា លោក ស៊ាន បូរ៉ាត ប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្ថែម ព្រមទាំង បានឆែកឆេរ ការិយាល័យធ្វើការរបស់លោក ស៊ាន បូរ៉ាត ។
២. លោក អ៊ុក សំណាង (ជំនួយការលោក ស៊ាន បូរ៉ាត) ក្នុងរយៈពេល ២៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន ១២៥ កំណត់ហេតុ។
៣. លោក ស៊ិន សុខគា អតីតស្វាមីលោកស្រី ឡេង ចាន់ណា និងជាប្រធានក្រុមហ៊ុនពុះដីឡូតិ៍ ឈ្មោះ SMKN Sokea City Property ក្នុងរយៈពេល ៣ថ្ងៃ ស្តាប់ចម្លើយ ៤២កំណត់ហេតុ ។
៤. ឯកឧត្តម ស ថាវី ក្នុងរយៈពេល ១ថ្ងៃ ស្តាប់ចម្លើយបាន ៨កំណត់ហេតុ ។
៥. អ្នកស្រី ធាម លីណា (ភរិយាឯកឧត្តម ស ថាវី) ក្នុងរយៈពេល ៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន ៣២ កំណត់ហេតុ ។
ACU បានលើកឡើងថា ក្នុងរយៈពេល៤ថ្ងៃ (០៨-១១ ខែកញ្ញា ឆ្នាំ ២០២៥) ក្រុមការងារ លោក កែវ នាថមុនី ជាច្រើនក្រុម បានចុះទៅពន្ធនាគារ ខេត្តសៀមរាប ដើម្បីស្តាប់ចម្លើយជនត្រូវចោទ ១០រូប សរុបមានចំនួន ៤៥៤ កំណត់ហេតុ ស្តាប់ចម្លើយ ៖ ១. ឡេង ចាន់ណា ១១៣ កំណត់ហេតុ។ស្តាប់ចម្លើយ ២. ចាន់ ឃឹម ៨៤ កំណត់ហេតុ។ ស្តាប់ចម្លើយ ៣. ផុន សាមាន ៥៦ កំណត់ហេតុ។ ស្តាប់ចម្លើយ (១០) ឃុច ចំរើន ២៤ កំណត់ហេតុ។ស្តាប់ចម្លើយ ៤.ពិត សុថារិទ្ធ ១០ កំណត់ហេតុ។ ស្តាប់ចម្លើយ ៥. ប៊ី ពិសិដ្ឋ ៣៨ កំណត់ហេតុ។ ស្តាប់ចម្លើយ ៦. អឹម ស្រីវុទ្ធ ៥០ កំណត់ហេតុ។ ស្តាប់ចម្លើយ ៧. សយ កុសល ២៥ កំណត់ហេតុ។ ស្តាប់ចម្លើយ ៨. រ៉េត សុធីតា ១៩ កំណត់ហេតុ។ ស្តាប់ចម្លើយ ៩. ស៊ាង អូន ៣៥ កំណត់ហេតុ។
សូមជម្រាបថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌ ចំនួន៣ រួមមាន៖ ១៖ បទឆបោកមានស្ថានទម្ងន់ទោស, ២៖ បទមិនបំពេញកាតព្វកិច្ចឧបករណ៍ ដែលអាចជួញដូរបាន និង៣៖ បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤។ បន្ទាប់មក លោកស្រីត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។
របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី២ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ៕







ចែករំលែកព័តមាននេះ