ទីក្រុងយេរូសាឡឹម៖ យោធាអ៊ីស្រាអែលបានវាយឆ្មក់ចូលប្រទេសលីបង់ភាគខាងត្បូងកាលពីយប់មិញជាហេតុធ្វើឱ្យប្រធានាធិបតីប្រទេសនេះ (លីបង់) ត្រូវតែប្រញាប់ចេញបញ្ជាឱ្យចល័តកងទ័ពជាបន្ទាន់ដើម្បីទប់ទល់។ អ៊ីស្រាអែលទទួលស្គាល់ថាខ្លួនពិតជាបានបើកប្រតិបត្តិការវាយប្រហារមែន។ ប៉ុន្តែគោលបំណងមិនមែនប៉ះពាល់រដ្ឋាភិបាលលីបង់ទេ។ អ៊ីស្រាអែលថាគោលដៅធំរបស់ខ្លួនគឺចាត់ការក្រុមហេស្បូឡា។ សូមជម្រាបថានៅលីបង់សព្វថ្ងៃនេះមាន២ក្រុមសំខាន់ៗ ទី១-រដ្ឋាភិបាលលីបង់ និងទី២-ក្រុមហេស្បូឡាដែលមិនមែនជារដ្ឋាភិបាលទេ ប៉ុន្តែមានកម្លាំងទ័ពខ្លាំងជាងរដ្ឋាភិបាលទៅទៀត។
ទោះបីអ៊ីស្រាអែល និងហេស្បូឡាបានចុះកិច្ចព្រមព្រៀងឈប់បាញ់គ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុន្តែអ៊ីស្រាអែលនៅតែរក្សាកងទ័ពរបស់ខ្លួននៅលើទីតាំងចំនួន៥កន្លែងនៅលីបង់ខាងត្បូង និងបន្តវាយប្រហារតាមអាកាសជាហូរហែ។ អ៊ីស្រាអែលអះអាងថាខ្លួនធ្វើបែបនេះដើម្បីការពារជនជាតិរបស់ខ្លួនដែលរស់នៅក្បែរព្រំដែនលីបង់។
ប្រធានាធិបតីលីបង់បានចេញបញ្ជាឱ្យកងទ័ពរដ្ឋាភិបាលតតាំងជាមួយកងទ័ពអ៊ីស្រាអែលដែលវាយឆ្មក់ចូលភាគខាងត្បូង។ ធ្វើបែបនេះដើម្បីការពារទឹកដីលីបង់ និងសុវត្ថិភាពរបស់ប្រជាជន។ លោកថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំជាមួយអគ្គបញ្ជាការកងទ័ព ហើយត្រូវបានផ្សព្វផ្សាយដោយខុទ្ទកាល័យប្រធានាធិបតី។ ចំណែកនាយករដ្ឋមន្ត្រីលីបង់ប្រកាសថ្កោលទោសទង្វើរបស់អ៊ីស្រាអែល និងចាត់ទុកថានេះជាអំពើឈ្លានពានយ៉ាងច្បាស់ក្រឡែតទៅលើអធិបតេយ្យភាពរបស់លីបង់។
កាលពីមុននេះ ទីភ្នាក់ងារព័ត៌មានលីបង់ អឹនអឹនអេ (NNA) រាយការណ៍ថាទាហានអ៊ីស្រាអែលវាយឆ្មក់ចូលអគាររដ្ឋបាលនៃតំបន់ប្ល៊ីដា (Blida) នៅពេលបុគ្គលិកនៅទីនោះកំពុងគេងលក់។ ទីភ្នាក់ងារព័ត៌មានដដែលនេះអះអាងថាទោះបីបុគ្គលិករូបនោះដេកលក់យ៉ាងនេះក្ដី ទាហានអ៊ីស្រាអែលនៅតែបាញ់សំដៅទៅលើគាត់ដដែល។ ក្រសួងសុខាភិបាលលីបង់បញ្ជាក់ថាជនរងគ្រោះរូបនោះបានស្លាប់ហើយ។
អ្នករាយការណ៍ព័ត៌មានរបស់អាអែហ្វប៉េ (AFP) បានពិនិត្យឃើញប្រហោងនៅលើជញ្ជាំង និងបង្អួចនៃអគាររដ្ឋបាលនោះដោយសារគ្រាប់កាំភ្លើងរបស់អ៊ីស្រាអែល។ នៅក្នុងបន្ទប់ដែលបុគ្គលិកឈ្មោះសាឡាមេ (Salameh) កំពុងតែដេកលក់នោះ គេឃើញថាកម្រាលឥដ្ឋ, ភួយ និងពូកប្រឡាក់សុទ្ធតែឈាម។ វ៉ែនតា ក្រដាស និងបារីរបស់ជនរងគ្រោះនៅរាត់រាយពាសពេញបន្ទប់។
អភិបាលតំបន់ប្ល៊ីដា (Blida) ថ្លែងថាសាឡាមេគេងនៅក្នុងអគាររដ្ឋបាលព្រោះយប់នោះជាពេលដែលគាត់ត្រូវយាម។ នៅប្ល៊ីដា អគារជាច្រើនខូចខាតអស់ហើយដោយសារការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេស្បូឡាកាលពីឆ្នាំមុន។ អ្នកភូមិដែលរស់នៅម្ដុំកើតហេតុនោះប្រាប់ថាយោធាអ៊ីស្រាអែលវាយឆ្មក់ជាច្រើនម៉ោងកាលពីយប់មិញ។ លុះពេលព្រឹកឡើង ពួកគេក៏ដកកម្លាំងទៅវិញ។
បើគេស្ដាប់ការបកស្រាយពីខាងភាគីអ៊ីស្រាអែលវិញម្ដង យោធាអ៊ីស្រាអែលអះអាងថាខ្លួនបើកប្រតិបត្តិការសឹកនៅពេលនោះដើម្បីកម្ទេចទីតាំងរបស់ហេស្បូឡានៅប្ល៊ីដា។ នៅពេលចុះទៅដល់អគារកើតហេតុនោះ យោធារបស់ខ្លួនរកឃើញជនសង្ស័យម្នាក់។ អ៊ីស្រាអែលថានៅពេលនោះ ជនសង្ស័យធ្វើសកម្មភាពគំរាមកំហែងមកលើខ្លួន ដូច្នេះខ្លួនត្រូវតែចាត់ការបង្ក្រាបជាមុនដើម្បីការពារខ្លួន។
យោធាអ៊ីស្រាអែលបញ្ជាក់ថាខ្លួនកំពុងពិនិត្យមើលសំណុំរឿងនេះឡើងវិញដែលខ្លួនចាត់ទុកថាជា «ឧបទ្ទវហេតុ»។ អ៊ីស្រាអែលចោទប្រកាន់ថាក្រុមហេស្បូឡាធ្វើសកម្មភាពភេរវកម្មដោយប្រើប្រាស់អគារស៊ីវិលមួយកន្លែងនេះធ្វើជារបស់បិទបាំងសកម្មភាពរបស់ពួកគេ។ នេះបើតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ