ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋផ្ទុះការតវ៉ា ពេលអាជ្ញាធរចុះរុះរើទីលំនៅដ្ឋាន​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០​នាក់ ​មាន​ ៦​គ្រួសារ​រស់នៅ​អាស្រ័យ​ផល​នៅ​តាម​បណ្ដោយ​ផ្លូវ​ ១៥១ សង្កាត់​ពញា​ពន់ បាន​ផ្ទុះ​ការ​តវ៉ា រា​រាំង​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០​នាក់ ​មាន​ ៦​គ្រួសារ​រស់នៅ​អាស្រ័យ​ផល​នៅ​តាម​បណ្ដោយ​ផ្លូវ​ ១៥១ សង្កាត់​ពញា​ពន់ បាន​ផ្ទុះ​ការ​តវ៉ា រា​រាំង​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​អនុវត្ត​វិធានការ​រដ្ឋបាល​ចុះ​រុះរើ​ផ្ទះ​របស់​ពួក​គាត់​មុន​ថ្ងៃ​ផុត​ឱសានវាទ​ និង​មិន​ទាន់​មាន​ដំណោះស្រាយ​រក​ទីជម្រក​ឲ្យ​ពួក​គាត់​បាន​សមរម្យ​ ។ ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​ ៣០​ ខែតុលា​ ឆ្នាំ​២០២៥​ ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រារាំង​អាជ្ញាធរ​ដែល​ដឹកនាំ​ដោយ​លោក វ​ណ្ណា​លី​ន សច្ច​នា អភិបាលរង​ដែល​បាន​ដឹកនាំ​កម្លាំង ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ​។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ចំនួន ៦​គ្រួ​សារបាន​មក​ទិញ​ដី​រស់នៅ​ចំណុច​ទ្វារ​ទឹក​ទី​ ២ តាម​បណ្តោយ​ផ្លូវ​លេខ​ ១៥១ ស្ថិត​ក្នុង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ​តាំងពី​ឆ្នាំ​ ១៩៩៤ ​ដោយ​មាន​អាជ្ញាធរ​ឃុំ​ដឹង​ឮ​តាំងពី​នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ពញាឮ​មិន​ទាន់​កាត់​ចូល​រាជធានី​ភ្នំពេញ​នៅឡើយ ​។​នៅ​ពេល​ថ្មី​ៗ​នេះ​អាជ្ញាធរ ខណ្ឌ​ព្រែក​ព្នៅ​ចុះ​ទៅ​ណែនាំ ​និង​ជូនដំណឹង​ឲ្យ​រុះរើ​ចេញ​ដោយ​ទុក​រយៈពេល​ត្រឹម​ថ្ងៃ​ទី​ ៣១ ខែតុលា​ឆ្នាំ ​២០២៥ ​ស្រាប់តែ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ចុះ​រុះ​រើស​មុន​ថ្ងៃ​ផុត​ឱសាន​វាទ ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​មិន​ជំទាស់​និង​អាជ្ញាធរ​អភិវឌ្ឍ​នោះ​ទេ​តែ​សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​រក​ទីជម្រកសង​ឲ្យ​គាត់​បាន​សមរម្យ​ដូច​ប្រជាពលរដ្ឋ​ជាង​ ១០០​គ្រួសារ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៥១​ នេះ​ដែរ ​។​ បន្ទាប់​ពី​មានការ​តវ៉ា​រារាំង​អាជ្ញាធរ​ក៏​បាន​ផ្អាក​សកម្មភាព​និង​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​សាលា​ខណ្ឌ​ដើម្បី​ដោះស្រាយ​ ។

តាម​សេចក្តី​ជួន​ដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ សូម​គោរព​ជម្រាប​ជូន​សាធារណៈជន ពិសេស​បងប្អូន​ដែលកំពុង​អាស្រ័យ​ផល​តាំងទី​លំនៅ​លើ​ដី​ចំណី​ផ្លូវ ជា​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិត​នៅ​ចំណុច​ទ្វារ​ទឹក​ទី​ ២ តាមបណ្តោយ​ផ្លូវ​លេខ ​១៥១ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ មេត្តា​ជ្រាប​ថា រដ្ឋបាល​ខណ្ឌ មាន​គម្រោង​ស្ថាបនាផ្លូវ​ត​ភ្ជាប់​ពី​មហាវិថី​ឈ្នះ​ឈ្នះ មក​កាន់​ផ្លូវ​លេខ​ ១៥១ ដើម្បី​រំដោះ​ការ​កកស្ទះ​ចរាចរណ៍ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​-​ដឹក​ជញ្ជូន​ទំនិញ​ផ្សេង​ៗ​របស់​ប្រជាជន​ទូទៅ​ឱ្យ​កាន់តែ​ឆាប់រហ័ស និង​មាន​ភាព​ងាយស្រួល​ជាង​មុខ​ ។ កន្លង​មក រដ្ឋបាល​ខណ្ឌ ធ្លាប់​បានការ​ដោះស្រាយ​គោលនយោបាយ​រួច​ហើយជូន​ដល់​អ្នកអាស្រ័យ​ផល​តាំងទី​លំនៅ​នៅ​ចំណុច​នេះ ប៉ុន្តែ​បងប្អូន​ខ្លះ​មិន​ទាន់ ចាកចេញ ដោយ​ស្នើ​សុំ​រស់នៅ​ជា​បណ្តោះអាសន្ន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​អាជ្ញាធរ​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ធ្វើការ​រុះរើ​សំណង់​ផ្សេង​ៗ​ចេញពី​ដី​របស់​រដ្ឋ ដើម្បី​ផ្តល់​ទីតាំង​សម្រាប់​ការ​ស្ថាបនា​ផ្លូវ​ទុកជា​ប្រយោជន៍សាធារណៈ សម្រាប់​យើង​ទាំងអស់​គ្នា ដោយ​ទុក​រយៈពេល​រហូត​ដល់ថ្ងៃ​ទី ​៣១ ខែតុលា ឆ្នាំ ​២០២៥ ​។ បើ​ហួស​រយៈពេល​កំណត់​នេះរដ្ឋបាល​ខណ្ឌ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ចុះ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ឡើយ ។

លោក​ ធឹ​ម សំ​អាន អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន ​៦ គ្រួ​សារបាន​មក​រស់នៅ​ធ្វើ​រោង​សុំ​ស្នាក់​នៅ​តាម​ដងផ្លូវ ដើម្បី​នេសាទ ​។ ​កន្លង​មក​អាជ្ញាធរ​បាន​ធ្វើការ​ដោះស្រាយ​ជា​លុយកាក់​ជូន​ពួក​គាត់​រួចរាល់ ​តែ​ពួក​គាត់​ពុំ​ព្រម​រុះរើ​ទើប​អាជ្ញាធរ​អនុវត្ត​វិធានការ​រដ្ឋបាល ​។ លោក​អភិបាល​ក៏​បាន​បញ្ជាក់​ថា ការ​ចុះ​រុះរើ​មុន​ថ្ងៃ​ឱសានវាទ​នេះ ​គឺ​រុះរើ​តែ​រោង​ពុំ​មាន​មនុស្ស​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ​ហើយ​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​តែ​ម្តង ​​៕

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ