ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​៖ បច្ចុប្បន្នប្រព័ន្ធ​ផ្សព្វផ្សាយ​បែបបុរាណ​​ធ្លាក់​ចុះ ជំនួស​មក​វិញ​បែប​បច្ចេកវិទ្យា​ ដែលធ្វើ​ឱ្យព័ត៌មាន​ក្លែងក្លាយ​មាន​ច្រើន ​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ​៣០ ខែតុលា ឆ្នាំ​ ២០២៥ នេះ ​ឯកឧត្តម នេត្រ…

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ​៣០ ខែតុលា ឆ្នាំ​ ២០២៥ នេះ ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានឱ្យ​ដឹង​នៅ​ក្នុង​ពិធី​បើកសិក្ខាសាលា​ស្តី​ពី ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជា​វី​ដេ​អូ និង​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ​(AI) ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ថា​បរិបទ​បច្ចុប្បន្ន ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ​ត្រូវ​បាន​ធ្លាក់​ចុះ ហើយ​ជំនួស​មក​វិញ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ បែប​បច្ចេកវិទ្យា​វិញ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ការ​បំពុលដោយ​ព័ត៌មាន​ក្លែងក្លាយ​មាន​ច្រើន ​។

ឯកឧត្តម​រដ្ឋមន្ត្រី បន្ត​ថា ៖ «​នៅ​ពេល​ដែល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន និង​ជឿនលឿន ខណៈ​ព័ត៌មាន​ក្លែងក្លាយ​កាន់តែ​ច្រើន បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពេល​ខ្លះ​គាត់​បាត់បង់​ទំនុកចិត្ត​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារ​តែ​អ្វី​ដែល​គាត់​ទទួល​បានហាក់ដូចជា​មានការ​ពិបាក​ក្នុង​ការថា​តើ​ព័ត៌មាន​ណា​ជា​ព័ត៌មាន​ពិត និង​មួយ​ណា​មិន​ពិត ។ ប៉ុន្តែ​នៅ​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ​យើង​បាន​ពង្រឹងលើ​យន្តការ​គ្រប់គ្រង​ព័ត៌មាន មាន​ន័យ​ថា​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បានព័ត៌មាន​ប្រកបដោយ​សុវត្ថិភាព​» ​។

ឯកឧត្តម ក៏​បាន​លើក​ឡើងលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ​ផង​ដែរ ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រភេទ​នេះ​បច្ចុប្បន្ន​មាន​តិចតួច​ក្តី ប៉ុន្តែ​ប្រជាជន​ពិតជា​មិន​អាច​ចោល​បាន​ទេ ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ​នៅ​តែ​ដើរតួ​នាទី​សំខាន់ ព្រោះ​ជា​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​មួយ​ដែល​ត្រឹមត្រូវ ដែល​ផ្ទុយ​ពី​ការ​ផ្តល់​ព័ត៌មាន​តាម facebook, TikTok ។​ល​។ ដែល​បណ្តាញ​សង្គម​ទាំងនេះអ្នក​ណា​ក៏​អាច​បង្កើត​បាន​ដែរ​ ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​នោះ​គឺ ការ​ផ្សព្វផ្សាយ​តាម​រយៈ​ទូរទស្សន៍ កាសែត ទស្សនា​វ​ដី្ត​ ។​ល​។ ដោយ​ការ​ផ្សព្វផ្សាយ​ប្រភេទ​នេះ ត្រូវ​បាន​បិទទ្វា​ច្រើន ក្រោយ​ការ​កើនឡើង​នៃ​បច្ចេកវិទ្យា ដែល​ហៅ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប ​។ លោករដ្ឋមន្ត្រី បន្ថែម​ថា អ្វី​ដែល​យើង​ធ្វើ ​គឺ​ក្តោប​ទៅ​លើ​គុណភាព​ព័ត៌មាន ដូចនេះ​យើង​បាន​ពង្រឹង​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ទំនើប ​។

សូម​បញ្ជាក់​ផង​ដែរ​ថា សិក្ខាសាលា​ស្តី​ពី «​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជា​វី​ដេ​អូ និង​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ (AI) ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​» ធ្វើឡើងរយៈពេល​ ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ​៣០ ដល់​ ៣១ ខែតុលា ឆ្នាំ​ ២០២៥ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ដោយ​មាន​វាគ្មិន​មក​ធ្វើ​បទ​បង្ហាញ​មក​ពី​ក្រុមហ៊ុន Viory ដែល​មាន​ទីតាំង​មក​ពី ប្រទេស​អេ​មី​រ៉ាត អា​រ៉ាប់​រួម (United Arab Emirates) ក្នុង​គោលបំណង ចែករំលែក​បទ​ពិសោធ និង​ចំណេះដឹង​អំពី ការ​កែសម្រួល​ព័ត៌មាន​ប្រកបដោយ​គុណភាព ការ​វិភាគ​វី​ដេ​អូ​ និង​ការ​កំណត់​ទីតាំង​ភូមិសាស្ត្រ ការ​ផ្ទៀងផ្ទាត់ ព័ត៌មាន​ជាមួយនឹង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ការ​ត្រួតពិនិត្យ​ទិន្នន័យ Metadata និង​ពាក្យ​គន្លឹះ ការ​ស្វែងរក​ព័ត៌មាន​តាម​បណ្តា​ទំនាក់ទំនង​សង្គម និង​ការ​ប្រើប្រាស់ AI language models ប្រកបដោយ​ប្រសិទ្ធភាព​ ៕

អត្ថបទសរសេរ ដោយ