ទីក្រុងបេរូត៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងបេរូត (ប្រទេសលីបង់) អំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនប្រញាប់ចាកចេញពីទីនោះជាបន្ទាន់កាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ជាពិសេស ពួកគេត្រូវឆ្លៀតឱកាសទាន់ពេលដែនអាកាសលីបង់មិនទាន់បិទទាំងស្រុង និងទាន់ពេលក្រុមហ៊ុនអាកាសចរណ៍នានាបន្តដឹកមនុស្សចេញ-ចូលប្រទេសនេះ។ ស្ថានទូតបញ្ជាក់ថាសភាពការណ៍នៅលីបង់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ និងគ្រោះថ្នាក់បំផុត។ អ្វីៗសុទ្ធតែមិនអាចប៉ាន់ស្មានបានឡើយ។

សេចក្ដីប្រកាសរបស់ស្ថានទូតអាមេរិកដូចខាងលើនេះធ្វើឡើងតែបន្តិចប៉ុណ្ណោះបន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារជាថ្មីទៅលើប្រទេសលីបង់។ អ្នករស់នៅទីក្រុងបេរូត (Beirut) និងទីក្រុងទីរ៉េ (Tyre) អាចស្ដាប់ឮពីចម្ងាយនូវសំឡេងផ្ទុះយ៉ាងកងរំពង។ យោធាអ៊ីស្រាអែលថ្លែងថាខ្លួនបានសម្លាប់មន្ត្រីចារកម្មម្នាក់របស់ក្រុមហេសបូឡាឈ្មោះហ៊ូសេន ម៉ូកាឡេះ (Hussein Mokalleh) នៅក្នុងការវាយប្រហារមួយកាលពីថ្ងៃចន្ទ។

ស្ថានទូតអាមេរិកប្រកាសបន្តទៀតថាសម្រាប់ពលរដ្ឋអាមេរិកដែលមានគម្រោងធ្វើដំណើរទៅប្រទេសលីបង់សូមផ្អាកជាបណ្ដោះអាសន្ននៅក្នុងពេលនេះ។ ស្ថានកុងស៊ុលអាមេរិកប្រចាំប្រទេសលីបង់នឹងផ្អាកសេវាទាំងអស់របស់ខ្លួនរហូតដល់មានការជូនដំណឹងជាថ្មី។ ស្ថានទូតសារភាពតាមត្រង់ថាខ្លួនគ្មានសមត្ថភាពជួយយកអាសា ឬផ្ដល់សេវាគាំទ្រអ្វីទាំងអស់សម្រាប់ពលរដ្ឋអាមេរិកដែលកំពុងស្ថិតនៅប្រទេសលីបង់។

ស្ថានទូតកត់សម្គាល់ថានៅទូទាំងប្រទេសលីបង់ពេលនេះទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លា ជាពិសេសលីបង់ភាគខាងត្បូង, តំបន់បេកកា (Beqaa) និងផ្នែកខ្លះនៃរដ្ឋធានីបេរូត។ ចំពោះអ្នកដែលទទួលបានដំណឹងនេះហើយ ហើយនៅតែសម្រេចចិត្តស្នាក់នៅប្រទេសលីបង់ជាបន្តទៀត ស្ថានទូតក៏មិនដឹងធ្វើយ៉ាងដូចម្ដេចដែរ។ ប៉ុន្តែពួកគេត្រូវតែត្រៀមលក្ខណៈសម្បត្តិទុកឱ្យហើយ។ បើមើលសភាពការណ៍មិនស្រួលទេគួរតែប្រញាប់ជម្លៀសខ្លួនជាបន្ទាន់ទៅរកកន្លែងលាក់ខ្លួន។
ស្ថានទូតអាមេរិកនៅប្រទេសលីបង់សេចក្ដីប្រកាសនោះចង់សង្កត់ធ្ងន់ថាពលរដ្ឋអាមេរិកាំងនៅលីបង់ត្រូវតែរវាសរវៃបន្តិច កុំរង់ចាំរដ្ឋាភិបាលអាមេរិកយកយន្តហោះទៅដឹកពួកគេទើបពួកគេព្រមចាកចេញ។ ចំពោះពលរដ្ឋអាមេរិកនៅលីបង់ខាងត្បូង, នៅក្បែរតំបន់ព្រំដែនជាប់នឹងប្រទេសស៊ីរី, នៅជំរំជនភៀសខ្លួន និងនៅតំបន់ជាយក្រុងបេរូតសូមប្រញាប់ចាកចេញពីទីកន្លែងទាំងនោះជាបន្ទាន់។ ស្ថានទូតឱ្យតម្រុយថាអាកាសយានដ្ឋានអន្តរជាតិបេរូតរ៉ាហ្វីក ហារីរី (Beirut–Rafic Hariri International Airport) បន្តបើកដំណើរជាធម្មតានៅឡើយទេ ហើយយន្តហោះដឹកអ្នកដំណើរក៏បន្តដឹកជញ្ជូនមនុស្សចេញ-ចូលដូចសព្វមួយដង។ គ្រាន់តែថាពេលខ្លះជើងហោះហើរត្រូវលុបចោលម្ដងម្កាល។ ស្ថានទូតសូមអំពាវនាវឱ្យពលរដ្ឋអាមេរិកទាក់ទងទៅក្រុមហ៊ុនអាកាសចរណ៍ដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ