ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃបញ្ជា​ឱ្យ​ផ្អាក​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ខ្វះខាត​នៅ​ក្នុង​ប្រទេស​ឡាវ

12 ម៉ោង មុន

រាជធានី​វៀងចន្ទន៍ ៖ ប្រទេស​ថៃ បាន​បញ្ជា​ឱ្យ​ផ្អាក​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស​របស់​ប្រទេស​អ៊ី​រ៉​ង់ ដែល​បង្ក​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​របស់​ប្រទេស​ឡាវ ដោយសារ​តែ​ការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ថាមពល​ពី​ប្រទេស​ថៃ នេះ​បើ​យោង​តាម Laotian Time…

រាជធានី​វៀងចន្ទន៍ ៖ ប្រទេស​ថៃ បាន​បញ្ជា​ឱ្យ​ផ្អាក​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស​របស់​ប្រទេស​អ៊ី​រ៉​ង់ ដែល​បង្ក​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​របស់​ប្រទេស​ឡាវ ដោយសារ​តែ​ការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ថាមពល​ពី​ប្រទេស​ថៃ នេះ​បើ​យោង​តាម Laotian Time ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​០២ មីនា ២០២៦ ។

រដ្ឋមន្ត្រីក្រសួង​ថាមពល​របស់​ប្រទេស​ថៃ លោក Auttapol Rerkpiboon បាន​ប្រកាស​ពី​វិធានការ​បន្ទាន់​នេះ កាលពី​ថ្ងៃ​ទី​១ ខែមីនា ដោយ​លើក​ឡើង​ពី​ជម្លោះ ដែល​កំពុង​កើនឡើង​នៅ​មជ្ឈិមបូព៌ា ជា​កត្តា​ជំរុញ​ឲ្យ​ថៃ​ផ្អាក​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ​ជា​បណ្តោះអាសន្ន ។

រួម​ជាមួយនឹង​ការ​ផ្អាក​ការ​នាំ​ចេញ​នេះ រដ្ឋមន្ត្រីក្រសួង​ថាមពល​ថៃ បាន​បញ្ជា​ឱ្យ​បង្កើត​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ថាមពល​បន្ទាន់ និង​បាន​ដឹកនាំ​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​វាយតម្លៃ​ផល​ប៉ះពាល់ និង​រៀបចំ​ផែនការ​បន្ទាន់ ដែល​គ្របដណ្តប់​ទាំង​ទុនបម្រុង​ប្រេងឥន្ធនៈ និង​តម្លៃ ។

ការ​សម្រេចចិត្ត​ផ្អាក​ការ​នាំ​ចេញ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​ឡាវ ។

ប្រទេស​ថៃ គឺជា​ដៃគូ​នាំ​ចូល​ធំ​ជាងគេ​របស់​ប្រទេស​ឡាវ ដោយ​ប្រទេស​ឡាវ នាំ​ចូល​ទំនិញ​ជាង ៤.៤​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០២៥ ដែល​មាន​ចំនួន ៤៥.៧១​ភាគរយ​នៃ​ការ​នាំ​ចូល​សរុប នេះ​បើ​យោង​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ឡាវ​។ ប្រេងម៉ាស៊ូត​តែ​មួយ​មុខ គឺ​មាន​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ ឬ​ប្រហែល​មួយ​ភាគ​បួន នៃ​ការ​នាំ​ចូល​ទាំង​អស់ពី​ប្រទេស​ថៃ ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​ទំនិញ​នាំ​ចូល​ធំ​បំផុត ។

កត្តា​ដែល​នាំ​ឲ្យ​ប្រទេស​ថៃ​សម្រេច​ផ្អាក​ការ​នាំ​ចេញ​ប្រេង គឺ​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​ជា​ផ្លូវ​ទឹកតែ​មួយ​គត់​ពី​ឈូង​សមុទ្រ​ពែ​រ្ស ទៅ​កាន់​មហាសមុទ្រ​បើកចំហ ដែល​ដឹក​ជញ្ជូន​ប្រេង​ប្រហែល​មួយ​ភាគ​ប្រាំ នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ប្រចាំ​ថ្ងៃ​របស់​ពិភពលោក ។

ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស​នេះ បន្ទាប់​ពី​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ក្រោយ​កងកម្លាំង​អា​មេ​រិ​ក និង​អ៊ី​ស្រា​អែ​ល បាន​បើក​ការ​វាយប្រហារ​លើ​ទីក្រុង​តេ​អេ​រ៉​ង់ ដោយ​បាន​សម្លាប់​មេដឹកនាំ​កំពូល​របស់​អ៊ី​រ៉​ង់ លោក អា​យ៉ា​តូ​ឡា អា​លី ខា​មេ​នី ។

អ៊ី​រ៉​ង់​បាន​សងសឹក​ដោយ​មី​ស៊ី​ល​ផ្លោង និង​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​កំណត់​គោលដៅ​ទ្រព្យសម្បត្តិ និង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក នៅ​ទូ​ទាំង​តំបន់​មជ្ឈិមបូព៌ា ។

ការ​វាយប្រហារ​ទាំងនេះ បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប្រេង​ធំ​ៗ​ផ្អាក ឬ​ប្តូរ​ផ្លូវ​ដឹក​ជញ្ជូន​ប្រេង ដែល​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​សកល កើនឡើង​យ៉ាង​ខ្លាំង ។

ទោះបីជា​មានការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង ចំពោះ​សន្តិសុខ​ថាមពល​ក៏​ដោយ ក៏​រដ្ឋាភិបាល​ឡាវ មិន​ទាន់​បាន​ចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ ឬ​វិធានការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ។ តែ​ទោះជា​យ៉ាងណា នៅ​ល្ងាច​​ថ្ងៃ​ទី​០២ មីនានេះ ក្រសួង​ឧស្សាហកម្ម​ឡាវ និយាយ​ថា ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​តែ​ធម្មតា និង​គ្រប់គ្រាន់ ទោះបីជា​មាន​ភាព​ចលាចល​នៅ​មជ្ឈិមបូព៌ា​ក៏​ដោយ​។ ប៉ុន្តែ​ជំរុញ​ឱ្យ​ប្រើប្រាស់​យានយន្ត ចាំបាច់​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ