ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកសៀមរាបដឹងតែចំណេញ ! ទស្សនាប្រណាំងទូក ប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងពិធីបណ្តែតប្រទីប ក្នុងពេលតែមួយ!

7 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មោទកភាពយុវជនខ្មែរ! ទូកប្រណាំងមិត្តភាព ២៦គ្រឿង ត្រៀមបញ្ចេញសមត្ថភាព នៅស្ទឹងសៀមរាប ក្នុងបុណ្យអុំទូក ២០២៥។ រដ្ឋបាល​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ មោទកភាពយុវជនខ្មែរ! ទូកប្រណាំងមិត្តភាព ២៦គ្រឿង ត្រៀមបញ្ចេញសមត្ថភាព នៅស្ទឹងសៀមរាប ក្នុងបុណ្យអុំទូក ២០២៥។ រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​ពី​ការ​រៀបចំ​កម្មវិធី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ គឺ​«​ផ្សារ​ទឹក និង​ជិះទូក​កម្សាន្ត​» អម​ដោយ​ការ​ប្រកួត​ទូកប្រណាំង​លក្ខណៈ​មិត្តភាព​ចំនួន​២៦ គ្រឿង តាម​ដងស្ទឹង​សៀមរាប ។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក សម្រាប់​ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា​នេះ ។

ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​បច្ចេកទេស​រៀបចំ​ការ​ប្រណាំងទូក​មិត្តភាព សៀមរាប​ផ្ទះ​ខ្ញុំ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥​នេះ ឯកឧត្តម គុ​ជ លី​ណា ប្រធាន​គណៈកម្មការ​បច្ចេកទេស មាន​ប្រសាសន៍​ថា កម្មវិធី​ប្រណាំងទូក​មិត្តភាព​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ព្រឹត្តិការណ៍​ទាំងមូល ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជំរុញ​ការ​ចូលរួម​របស់​យុវជន​ក្នុង​សកម្មភាព​សង្គម និង​ការ​លើក​ស្ទួយ​កីឡា​ប្រពៃណី​ខ្មែរ ។
សម្រាប់​ការ​ប្រណាំងទូក​មិត្តភាព​មិន​ត្រឹមតែ​ជា​ការ​កម្សាន្ត​បែប​វប្បធម៌​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​យុវជន​បង្ហាញ​សមត្ថភាព កម្លាំង និង​ស្មារតី​ក្លាហាន ពង្រឹង​ការងារ​ជា​ក្រុម ធ្វើ​ឱ្យ​សហគមន៍​កាន់តែ​រឹង​មាំ និង​មាន​អត្តសញ្ញាណ​ជាតិ​ខ្លាំងក្លា ។

ឯកឧត្តម​បាន​បន្ថែម​ថា ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ជួយ​កសាង​ទំនាក់ទំនង​ដ៏​រឹង​មាំ​រវាង​យុវជន​គ្រប់​ភូមិ សង្កាត់ និង​ស្រុក នៅ​ក្នុង​ខេត្តសៀមរាប តាម​រយៈ​ការ​លើក​ស្ទួយ​ស្មារតី​ស្រឡាញ់​ប្រទេស​ជាតិ និង​ការ​ថែរក្សា​ប្រពៃណី​ខ្មែរ ។ ការ​ចូលរួម​របស់​យុវជន គឺជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​ជ្រៀតចូល​កាត់​បន្ថយ​អំពើអាក្រក់ បង្កើន​ការ​យល់ចិត្ត​រវាង​គ្នា និង​ជំរុញ​ភាព​ជា​ឯកភាព​ក្នុង​សង្គម ។ ការណ៍​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​ខេត្តសៀមរាប ក្លាយជា​ទីក្រុង​វប្បធម៌ និង​ទេសចរណ៍​ដែល​មាន​អត្តសញ្ញាណ​ពិសេស​លើ​ឆាក​ពិភពលោក ។

សូម​បញ្ជាក់​ថា ក្រៅពី​កម្មវិធី​ប្រណាំងទូក​មិត្តភាព​សៀមរាប​-​ផ្ទះ​ខ្ញុំ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក រដ្ឋបាល​ខេត្ត​ក៏​មានកម្ម​វិធី​ជា​ច្រើន​ទៀត ដូច​ជា​៖ កម្មវិធី​ជិះទូក​កម្សាន្ត និង​ប្រណាំង​ក្រឡោ កម្មវិធី​ប្រគំ​តន្ត្រី​ស្គរ​ដៃ​, កម្មវិធី​ស្ដង់​ពិព័រណ៍ និង​ម្ហូបអាហារ​, ផ្សារ​បណ្ដែត​ទឹក និង​Street Food, កម្មវិធី​ប្រដាល់​គុន​ខ្មែរ និង​ល្ខោនបាសាក់ និង​ពិធី​បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ