ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចម្បាំង​ប៉ូ​ឡូញ ស្ទា.ក់​យន្តហោះ​រុ​ស្ស៊ី នៅ​លើ​សមុទ្រ​បាល់​ទិ​ក

7 ម៉ោង មុន

ប្រទេស​ប៉ូ​ឡូញ ៖ កងទ័ពអាកាស​ប៉ូ​ឡូញ កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​ប៉ូ​ឡូញ ២​គ្រឿង បាន​ស្ទាក់​យន្តហោះ​រុ​ស្ស៊ី…

ប្រទេស​ប៉ូ​ឡូញ ៖ កងទ័ពអាកាស​ប៉ូ​ឡូញ កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​ប៉ូ​ឡូញ ២​គ្រឿង បាន​ស្ទាក់​យន្តហោះ​រុ​ស្ស៊ី ១​គ្រឿង កាលពី​ថ្ងៃ​ទី​២៨ តុលា កន្លង​ទៅ ដែល​កំពុង​ហោះហើរ​សម្រាប់​បេសកកម្ម​ឈ្លបយកការណ៍ នៅ​ក្នុង​ដែនអាកាស​អន្តរជាតិ​លើ​សមុទ្រ​បាល់​ទិ​ក (Baltic) ដោយ​គ្មាន​ផែនការ​ហោះហើរ​ដែល​បាន​ជូនដំណឹង​ជា​មុន ហើយ​ឧបករណ៍​បញ្ជូន​សញ្ញា​យន្តហោះ​ក៏​ត្រូវ​បាន​បិទ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters និង Euronews បាន​ចេញផ្សាយ​។

យន្តហោះ​ចម្បាំង MiG-29 ចំនួន ២​គ្រឿង​ពី​កងទ័ពអាកាស​ប៉ូ​ឡូញ បាន​ស្ទាក់​យន្តហោះ​រុ​ស្ស៊ី ១​គ្រឿង ដែល​កំពុង​ហោះហើរ​ពីលើ​សមុទ្រ​បាល់​ទិ​ក​។ បញ្ជាការ​ប្រតិបត្តិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​ប៉ូ​ឡូញ​បាន​កំណត់​អត្តសញ្ញាណ​យន្តហោះ​រុ​ស្ស៊ី​នោះ​ថា Il-20 ហើយ​បាន​បញ្ជាក់​ថា វា​កំពុង​ហោះហើរ​ក្នុង​ដែនអាកាស​អន្តរជាតិ​។ ដ្បិត Il-20 គឺជា​យន្តហោះ​ឈ្លបយកការណ៍​សម័យ​សហភាព​សូ​វៀត ដែល​ប្រើប្រាស់​សម្រាប់​បេសកកម្ម​ឈ្លបយកការណ៍ និង​ស្តាប់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។

ទោះ​យ៉ាងណា កងទ័ពអាកាស​ប៉ូ​ឡូញ​អះអាង​ថា យន្តហោះ​រុ​ស្ស៊ី​១​គ្រឿង​នោះ មិន​បាន​រំលោភ​លើ​ដែនអាកាស​ប៉ូ​ឡូញ​នោះ​ទេ​។ ប៉ុន្តែ​ការ​ស្ទាក់​ត្រូវ​បាន​អនុវត្ត​ដោយសារ​ហេតុផល​សំខាន់​ៗ​ដូច​ជា យន្តហោះ Il-20 របស់​រុ​ស្ស៊ី​មិន​មាន​ផែនការ​ហោះហើរ​ដែល​បាន​ជូនដំណឹង​ជា​មុន​ទេ ហើយ​ឧបករណ៍​បញ្ជូន​សញ្ញា​ដែល​អនុញ្ញាត​ឱ្យ​តាមដាន​ទីតាំង​របស់​យន្តហោះ ក៏​ត្រូវ​បាន​បិទ​ថែម​ទៀត​។ កត្តា​ទាំងនេះ​ធ្វើ​ឱ្យ​ការ​ហោះហើរ​គួរ​ឱ្យ​សង្ស័យ និង​អាច​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​។

កងកម្លាំងប្រដាប់អាវុធ​ប៉ូ​ឡូញ​បាន​សង្កត់ធ្ងន់​ថា ជាមួយនឹង​ការ​ត្រៀមខ្លួន​ប្រយុទ្ធ​កម្រិត​ខ្ពស់ វិជ្ជាជីវៈ​របស់​អ្នក​បើក​យន្តហោះ និង​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស ការ​ស្ទាក់​យន្តហោះ​ឈ្លបយកការណ៍​របស់​រុ​ស្ស៊ី ត្រូវ​បាន​អនុវត្ត​យ៉ាង​ឆាប់រហ័ស មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ កងកម្លាំងប្រដាប់អាវុធ​ប៉ូ​ឡូញ​តែងតែ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​ណាមួយ ដើម្បី​ការពារ​បូរណភាព​នៃ​ទឹកដី​ជាតិ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ