រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានលើកឡើងពីតម្លៃស្រូវ ពីប្រជាកសិករនោះ តំណាងរាជរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធ បើកវេទិការពិភាក្សាលើកការអភិវឌ្ឍទីផ្សារខ្សែច្រវាក់ តម្លៃស្រូវ នៅកម្ពុជា ។
លោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកាថ្នាក់ជាតិ ស្ដីពីការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិត ក្រោមប្រធានបទ «ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃស្រូវ» តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថា វេទិការនេះ ដើម្បីផ្ដល់ឱកាសឱ្យភាគីពាក់ព័ន្ធ ជួបជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ពង្រឹងការផលិត និងការរកទីផ្សារ ។
លោកជំទាវ ថា វេទិកាថ្នាក់ជាតិនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបតិ្តការក្នុងការពង្រឹង និងអភិវឌ្ឍន៍ទីផ្សារខ្សែច្រវាក់ស្រូវ និងគ្រឿងទេស ដែលនឹងឈានទៅរកការកំណត់គោលដៅរួមគ្នានាពេលអនាគត ដើម្បីធ្វើឱ្យការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃផលិតផលស្រូវកាន់តែមានលក្ខណៈល្អប្រសើរឡើង ។
លោកជំទាវ បន្តថា នៅក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ ការគិតគូរស្តង់ដារសុខភាពសុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋ ការធានានិរន្តភាពក្នុងការផលិត និងទីផ្សារ គឺជាកត្តាចាំបាច់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នារកដំណោះស្រាយសមរម្យ ។
លើសពីនេះ លោកជំទាវជឿជាក់ថា ៖ «ការចូលរួមពីគ្រប់ដៃគូ ដែលប្រកបដោយការគាំ ទ្រជាប្រព័ន្ធពីសំណាក់រាជរដ្ឋាភិបាល ការវិនិយោគពីវិស័យឯកជន និងការប្ដេជ្ញាចិត្តរបស់ក្រុមអ្នកផលិត គឺជាកត្តាចាំបាច់ ដើម្បីបង្កើតឱកាសថ្មីៗក្នុងទីផ្សារ និងអភិវឌ្ឍខ្សែច្រវាក់តម្លៃប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងធានាឱ្យបានអ្នកប្រើប្រាស់ទទួលបានផលិតផលសុវត្ថិភាព» ។
ចំណែកលោក ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជានាយករងគម្រោង AIMS បានថ្លែងថា កម្មវិធីនេះ ជាវេទិការចនាសម្ព័ន្ធភាពជាដៃគូមួយ ដែលរួមបញ្ចូលរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិតសហការគ្នា ដើម្បីអភិវឌ្ឍខ្សែច្រវាក់ តម្លៃកសិ-ពាណិជ្ជកម្ម ស្ថិតក្រោមគម្រោង AIMS ។
លោកបន្តថា ភាគីពាក់ព័ន្ធ ត្រូវរួមចំណែកទទួលខុសត្រូវ ចែករំលែកធនធាន ចំណេះដឹង អត្ថប្រយោជន៍ ហានិភ័យ និងចូលរួមដោះស្រាយបញ្ហាប្រកបដោយការសម្របសម្រួល ដើម្បីអភិវឌ្ឍន៍ទីផ្សារប្រកបដោយបរិយាបន្ន ។
បន្ថែមលើនេះ លោកបានបញ្ជាក់ថា ៖ «វេទិកានេះ គឺជាឱកាសបើកកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ហើយអាចបង្កើនការវិនិយោគ និងការផ្តួចផ្តើមអាជីវកម្មកាន់តែច្រើនក្នុងខ្សែច្រវាក់ផលិតផល ដែលមានគុណភាពខ្ពស់ ឬផលិតផល ប្រណិត (Premium Products)។ លើសពីនេះ យើងអាចបានកំណត់សកម្ម ភាពជាយុទ្ធសាស្ត្រ សម្រាប់ជំហានបន្ទាប់ផងដែរ» ។
ចំណែកលោក ឆេង ចាន់ឌី ប្រធានសហគមន៍កសិកម្មពន្លឺព្រៃតូច ខេត្តបាត់ដំបង បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានមកចូលរួមក្នុងកម្មវិធីនេះ ។
លោកថា ៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានមកចូលរួមក្នុងកម្មវិធីវេទិកានេះ ព្រោះមានសារៈសំខាន់ជួយឱ្យខ្ញុំបានជួបដៃគូសហការទិញ-លក់ផលិតផលស្រូវប្រណិត របស់ក្រុមចង្កោមប្រជាពលរដ្ឋជាកសិករដាំស្រូវ» ។
លោក ភ័ន យាង ប្រធានចង្កោមសាមគ្គីមានជ័យ ខេត្តត្បូងឃ្មុំ បានសង្កត់ធ្ងន់ថា លោកមកចូលវេទិកានេះ ក្នុងគោលបំណងចង់ជួបពិភាក្សាជាមួយមន្ត្រីជំនាញ និងសហគ្រាសរោងម៉ាស៊ីនកិនស្រូវ ដើម្បីចរចាទិញ-លក់ស្រូវរបស់កសិករ ។
លោកថា ៖ «ខ្ញុំបានជួបដៃគូសហការទិញ-លក់ស្រូវហើយ ប៉ុន្ដែយើងនៅបន្តចរចាពីតម្លៃ និងប្រភេទពូជស្រូវ ដើម្បីឱ្យស្របតាមតម្រូវការរោងម៉ាស៊ីនរបស់គាត់» ។
ដោយឡែកលោក ទន ពណ្ណរាយ នាយកគ្រប់គ្រងច្រវ៉ាក់ផ្គត់ផ្គង់ នៃក្រុមហ៊ុន Signature Rice Co.,Ltd បានថ្លែងថា ក្រុមហ៊ុនរបស់លោកបាន និងកំពុងប្រមូលទិញស្រូវពីកសិករនៅខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។ ក្រុមហ៊ុនលោកប្រមូលទិញស្រូវពីកសិករតាមរដូវទាំងស្រូវរដូវវស្សា និងស្រូវរដូវប្រាំងផងដែរ ។
លោកបញ្ជាក់ថា ៖ «ចំពោះបរិមាណស្រូវ ដែលក្រុមហ៊ុនយើងប្រមូលទិញ គឺចន្លោះពី ២ម៉ឺនតោន ទៅ៣ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ក្រុមហ៊ុនយើងនឹងមានផែនការបន្ទាប់ ដោយចាប់ផ្ដើមសិក្សាទិញស្រូវប្រណិតឱ្យកាន់តែច្រើនថែមទៀត ដើម្បីយកមកផ្គត់ផ្គង់ទីផ្សា រនាពេល បច្ចុប្បន្ននេះ» ។
គួររំឭកថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ជាគម្រោងរួមគ្នារប ស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ អនុវត្តគម្រោងដោយក្រសួងពាណិជ្ជកម្ម ក្រោមការណែនាំរបស់គណៈកម្មាធិការដឹកនាំគម្រោងដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងមានគោលបំណងជំរុញកំណើនប្រកបដោយបរិយាប័ន្ន លើទីផ្សារដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍន៍ចង្កោមតាមមូលដ្ឋាន ដែលក្រុមផលិតជាកសិករខ្នាតតូចក្រីក្រអាចទទួលបានផលប្រយោជន៍រួមគ្នា ។ ចំណែកមន្ទីរពាណិជ្ជកម្មខេត្តគោលដៅចំនួន១៨ គឺជាអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត រួមមាន ៖ ខេត្តបាត់ដំបង កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង សៀមរាប បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កែប កណ្តាល តាកែវ កំពត កំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ រតនគិរី និងមណ្ឌលគិរី ៕





ចែករំលែកព័តមាននេះ