រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ក្នុងនោះម្នាក់ជាបក្សពួកជនសង្ស័យដែលក្លែងជាសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ពីជនជាតិចិន, ៣នាក់ទៀតជាក្រុមជនជាតិចិន ធ្វើសកម្មភាពគាត់ផ្ទះជនបរទេសយកគ្រឿងអលង្កាសរុបប្រមាណ១ម៉ឺនដុល្លារ និងម្នាក់ជាជនសង្ស័យបាញ់បោះសេរី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈរួមគ្នា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ។

លោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលបង្ហាញមុខ មានម្នាក់ជាបក្សពួកជនសង្ស័យដែលក្លែងធ្វើជាសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើសកម្មភាពចាប់ជំរិតជនជាតិចិន ។

ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានធ្វើការស្រាវជ្រាវ ឈានទៅសហការជាមួយនគរបាលច្រកទ្វាអត្តជាតិអន្តោប្រវេសន៍ក្រុងបាវិត ។

នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៥ ក៏បានឃាត់ខ្លួនបក្សពួកជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពក្លែងជាសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើសកម្មភាពចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់ចំនួន (៥២,០០០U.SA ប្រាំម៉ឺនពីរពាន់ដុល្លាអាមេរិក) កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោងប្រហែង០២ និង៣០នាទី ។
ជនសង្ស័យរូបនោះឈ្មោះ សុង ឆាយ ហៅគួន អ៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១ ផ្លូវ១០៨ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូត, ១-អាវុធខ្លីម៉ាក K ៥៤ លេខ៧៤៨១ គ្រាប់៨គ្រាប់, ២-អាវុធខ្លីម៉ាក zaraki M៩០៦ គ្រាប់៤គ្រាប់។

ដោយឡែក ជនសង្ស័យចំនួន៣នាក់ជាជនជាតិចិន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោងប្រហែល១៧ និង៣០នាទីនៅចំណុចស្តុបហេងលាភ ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះជនជាតិអេហ្ស៊ីប សញ្ជាតិខ្មែរ យកប្រាក់និងគ្រឿងអលង្ការសរុបប្រមាណ១ម៉ឺនដុល្លារ ។
ជនសង្ស័យទាំង៣នាក់នោះ ១-ឈ្មោះDUAN DE ភេទប្រុស ជនជាតិចិន អាយុ ៤៦ឆ្នាំ, ២-ឈ្មោះDAI DOONGSHENG ភេទប្រុស ជនជាតិចិន អាយុ46ឆ្នាំ, ៣-ឈ្មោះLi HONGQUAN ភេទប្រុស ជនជាតិចិន អាយុ ៤៤ឆ្នាំ ។

ចំណែកជនរងគ្រោះឈ្មោះអែលខូលី ម៉ូហាម៉េដ ភេទប្រុស ឆ្នាំកំណើត១៩៧២ ជនជាតិអេហ្ស៊ីប សញ្ជាតិខ្មែរ មានទីលំនៅបុរី ភ្នំពេញផាក ផ្ទះលេខC18 ផ្លូវចំប៉ា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរជាពាណិជ្ជករ ។
លោកវរសេនីយ៍ឯក អេង សោភាប្រធាន ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩ និង៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះ លួចយកទ្រព្យសម្បត្តិ) នៅចំណុចបុរីភ្នំពេញផាក ផ្ទះលេខCIB ផ្លូវចំប៉ា ក្រុមទី១៩ ភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

នៅក្នុងសកម្មភាពជនសង្ស័យបានលួចយក១. នាឡិកាដៃចំនួន០៩គ្រឿង មានម៉ាកដូចជា: ១.ម៉ាក Longineចំនួន ១គ្រឿង, ២.ម៉ាក Sartចំនួន ២គ្រឿង, ៣ម៉ាក Tagheur ចំនួន ១គ្រឿង, ៤.ម៉ាក Old Tissotចំនួន ២គ្រឿង, ៥.ម៉ាក IWatch ចំនួន៣គ្រឿង, ៦.ខ្សែរកម៉ាក LV លោហៈធាតុពណ៌ទឹកប្រាក់ ចំនួន ១ខ្សែរនិង៧ខ្សែរដៃម៉ាក LVលោហៈធាតុពណ៌ទឹកប្រាក់ចំនួន ១ខ្សែ ដែលសរុបជាទឹកប្រាក់ ប្រហែល១០០០០$ (មួយម៉ឺនដុល្លាអាមេរិក) ។
បន្ទាប់ពីក្រុមចោរបរទេសគាស់ផ្ទះជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចនគបាលព្រហ្មទណ្ឌកំរិតធ្ងន់ក៏បានស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ព្រមទាំងដកហូតបានសម្ភារៈមួយចំនួនយកមកប្រគល់ឲ្យម្ចាស់វិញ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣ខាងលើថា ខ្លួនពិតជាបានធ្វើសកម្មភាព គាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិពិតប្រាកដមែន ។ ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបាញ់បោះសេរីកាលពីកំឡុងខែកញ្ញាឆ្នាំ២០២៥ នៅតំបន់បឹងកក់ ក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញ។
បច្ចុប្បន្ន ចំពោះជនសង្ស័យទាំង៥នាក់ខាងលើ សម្ថកិច្ចនគរបាលព្រហ្មទណ្ឌកំពុងធ្វើនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ