រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលលួចម៉ូតូនារីលក់កាហ្វេម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោកស្រាវជ្រាវចាប់ខ្លួនបានហើយ ។ តាមនគរបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០ និង៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ជនសង្ស័យរូបនោះ ឈ្មោះ កប សុភា ហៅពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ បានប្រើប្រាស់សារធាតុញៀន ។

តាមនគរបាលបានអោយដឹងទៀតថា កាលពីវេលាម៉ោងប្រហែល០២ និង២៨នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ពណ៌.ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1HS-4193 នៅចំណុចមុខផ្ទះ៦១B ផ្លូវលេខ២៥៣ ក្រុមទី២ ភូមិ១ សង្កាត់ទឺកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម្ចាស់ម៉ូតូឈ្មោះ ហ៊ឹម ស្រីណុច ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់កាហេ្វ ស្នាក់នៅផ្ទះជួលភូមិ២ ផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ បន្ទាប់ពីបាត់ម៉ូតូ ជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលហើយសមត្ថកិច្ចនគរបាលខណ្ឌ ទួលគោក ក៏ធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជនសង្ស័យ ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចុដកហូតវត្ថុតាងចាប់យក១-ម៉ូតូ០១គ្រឿងម៉ាកHONDA BEAT ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1HS-4193 ដែលជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួចយក ។ ២-ម៉ូតូ០១គ្រឿងម៉ាកSIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ ជារបស់នសង្ស័យជិះធ្វើសកម្មភាព ។ ៣-ក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕

ចែករំលែកព័តមាននេះ