រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនកម្ពុជា -ថៃ ជាការងាររួមគ្នាធ្វើយូរមកហើយ ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្តក្នុងរយៈពេលវែងទៅខាងមុខ ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា«ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យ និងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ចៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ» ។
សម្តេចបានលើកឡើងថា ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញាអនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ ។
សម្តេចបានបន្តថា ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការ
ចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងលេខ៥២-៥៩ នៅខេត្តបាត់ដំបង ។
សម្តេចបញ្ជាក់ថាទៀតថា ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិការចោទជាសំណួរ និងការបង្ហាញពីកង្វល់របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែង និងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅ ចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩។
សម្តេចបន្ថែម ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួនថា មានមតិខ្លះលើកឡើងថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩ ធ្វើឡើងដោយប្រញាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ?
សម្តេចសង្កត់ធ្ងន់ថា៖ ខ្ញុំសូមបញ្ជាក់ថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអា សន្ននៅចន្លោះបង្គោលព្រំដែនខាងលើ មិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត២០ឆ្នាំមកហើយ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែង និងខណ្ឌសីមាព្រំ ដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ បានចាប់ផ្តើមចុះអនុវត្តការងារ នៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដើម្បីវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០ ។
កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេស នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោល ព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។
សម្តេចបានលើកឡើងទៀតថា ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអា
សន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩ នៅពេលនេះ គឺជាការ បន្តអនុវត្តការងារជាជំហានៗ ដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា ។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា តើការវាស់វែងនិងបោះបង្គោលព្រំដែន
បណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវតម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ?
សម្តេចបានពន្យល់ថា ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះ រួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និងបង្គោលព្រំដែន ចន្លោះលេខ៥២-៥៩ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។
សម្តេចធិបតីបានអះអាងថារាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕
ចែករំលែកព័តមាននេះ