រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតសាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នកចម្រៀងតាមអកកាដង់ម្នាក់ ត្រៀមបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ពាក់ព័ន្ធករណី ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យពិការភាពដល់ជនរងគ្រោះ ។
អ្នកចម្រៀងអកកាដង់ម្នាក់នោះមានឈ្មោះ នួន រចនា ហៅ ជីង ភេទប្រុស អាយុ៣៨ឆ្នាំ ជាសិល្បករ (ធ្លាប់បានដាក់ពាក្យប្រឡងចម្រៀងនៅស្ថានីទូរទស្សន៍ហង្សមាស តែមិនជាប់) ត្រូវបានសមត្តកិច្ចនគរ បាលព្រហ្មទណ្ឌឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រ មស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២ ០២៥ នៅចំណុចផ្លូវបេតុងលេខ ៥១BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារពិការភាពជនរងគ្រោះ ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋាន D.Lini ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ។
បើតាមអង្គហេតុក្នុងដំណើររឿងខាងលើ នៅថ្ងៃកើតហេតុជនសង្ស័យមានកម្មវិធីផឹកស៊ីមួយនៅភោជនីយដ្ឋាន D.Lini ហើយក៏មានការប៉ះពារពាក្យសំដីជាមួយមិត្តរួមតុ បង្កឲ្យកើតមានជម្លោះទាស់ទែងគ្នា រហូតជនសង្ស័យបានយកដបស្រាវាយក្បាលជនរងគ្រោះ ទើបក្លាយជាអំពើហិង្សាតែម្តងទៅ ។
ហើយករណីខាងលើនេះត្រូវបានភាគីដែលអះអាងថា ជាជនរងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹងទៅសមត្តកិច្ចរហូតដល់តុលាការមានចំណាត់យ៉ាងក្តៅគគុកមកដល់ពេលនេះ ដែលសំណុំរឿងអ្នកចម្រៀងអកកាដង់នេះ ទំនងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់នោះឡើយ ៕
ចែករំលែកព័តមាននេះ