ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌​ឆ្លើយ​តប​អ្នក​រិះគន់​រឿង​មិន​មាន​ចំណាត់ការ​លើ​អ្នកលក់​អន​ឡាញ​ដែល​ប្រើ​រូបភាព​ស្រើបស្រាល

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ទិ​ត ថា​វរិ​ទ្ធ បាន​ចេញ​មក​ឆ្លើយ​តប​ទៅ​កាន់​មហាជន​មួយ​ចំនួន ​ដែល​បាន​ធ្វើការ​រិះគន់​មក​លើ​ក្រសួង​ដែល​មិន​​មាន​ចំណាត់ការ​ទៅ​លើ​អ្នកលក់​អន​ឡាញ​មួយ​ចំនួន​​ដែល​បាន​ប្រើប្រាស់​រូបភាព​ស្រើប​ស្រាល ដើម្បី​ជា​ការ​ទាក់ទាញ​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ច្រើន ។…

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ទិ​ត ថា​វរិ​ទ្ធ បាន​ចេញ​មក​ឆ្លើយ​តប​ទៅ​កាន់​មហាជន​មួយ​ចំនួន ​ដែល​បាន​ធ្វើការ​រិះគន់​មក​លើ​ក្រសួង​ដែល​មិន​​មាន​ចំណាត់ការ​ទៅ​លើ​អ្នកលក់​អន​ឡាញ​មួយ​ចំនួន​​ដែល​បាន​ប្រើប្រាស់​រូបភាព​ស្រើប​ស្រាល ដើម្បី​ជា​ការ​ទាក់ទាញ​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ច្រើន ។

ការ​ចេញ​មក​ឆ្លើយ​តប​ពី​លោក ទិ​ត ថា​វរិ​ទ្ធ នា​ពេល​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ម្ចាស់​ផេ​ក​ព័ត៌មាន​មួយ​បាន​ធ្វើការ​បង្ហោះ​ដោយ​អ្នក​រិះគន់​ដោយ​ចោទប្រកាន់​មក​លើ​ក្រសួង​វប្បធម៌​ដែល​​តែងតែ​បណ្តែតបណ្តោយ និង​ព្រងើយ​ក​ន្តើយ​​ចំពោះ​រឿង​នេះ​​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​អំពើ​រំលោភ​បំពាន​នានា ដូច​ពាក្យចាស់​ពោល​ថា គោ​បាត់​ទើប​ធ្វើ​របង ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​លោក ទិ​ត ថា​វរិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​លើក​ឡើងជា​ការ​ឆ្លើយ​តប​ថា «ថ្មី​ៗ​នេះ មាន page នៃ​ព័ត៌មាន​បណ្តាញ​សង្គម​មួយ​បាន​ផ្សព្វផ្សាយ​រូបភាព​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ផលិត​មាតិការ ដើម្បី​ផ្សព្វផ្សាយ​លក់​ផលិតផល Online ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ដែល​មាន​ន័យ​ថា​ «វា​គឺជា​ទំលាប់​ទៅ​ហើយ ដែល​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែងតែ​បណ្តោយ​ឱ្យ​គោ​បាត់​ទើប​ធ្វើ​របង ការ​បណ្តោយ​ឱ្យ​ក្រុម​លក់​ផលិតផល ថត​រឿង​ខ្លី​បែប​អនា​ចារ ស្រើបស្រាល ដើម្បី​លក់​របស់​ដាច់ គឺជា​ប្រពៃណី​ដដែល​ៗ ដែល​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែងតែ​ព្រងើយកន្តើយ​ មិន​ខ្វល់​ពី​រឿង​ធ្វើ​របង​នោះ​ទេ» ។

លោក​ថា ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ជម្រាប​ជូន​សាធារណៈជន​អោយ​បាន​ជ្រាប​ថា ក្នុង​រយៈពេល​កន្លង​មក ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ បាន​ខិតខំ​បំពេញភារកិច្ច​ក្នុង​ការ​អភិរក្ស​ថែរក្សា និង​អភិវឌ្ឍ​សិល្បៈ​ទាំង​រូបី និង​អរូបី ហើយ​ក៏​បាន​បង្កើត​សកម្មភាព​ជា​ច្រើន ពង្រីក​ការ​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​ឧត្តុង្គឧត្តម​របស់​ជាតិ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ផង​ដែរ​។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​រៀបចំ​ការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​សុជីវធម៌ និង​សិ​ល​ធម៌​សង្គម ដើម្បី​ឱ្យ​យុវជន​យុវនារី និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​យល់​ដឹង និង​រក្សា​ឥរិយាបថ​ដ៏​សមរម្យ​ក្នុង​សង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់ ។

ហើយ​ថ្មី​ៗ​នេះ​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ទើប​បញ្ចប់​សិក្ខា​សិលា​ស្តី​អំពី «​សីល​ធម៌​របស់​សិល្បករ​» ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​កិច្ច​ពិភាក្សា​នេះ​​​មានការ​ចូលរួម​ពី​សិល្បករ​ល្បី​ៗ​ជា​ច្រើន​រូប​ផង​ដែរ ដើម្បី​ចូលរួម​ជួយ​ផ្សព្វផ្សាយ និង ប្រតិ​បត្តិ​ជា​គំរូ ។

លោក​បញ្ជាក់​ថា ចំពោះ​រូបភាព និង​សារ​ដែល​បង្ហោះ​ដោយ​គេហទំព័រ​មួយ​នោះ ដែល​មាន​ន័យ​ថា ក្រសួង​មិន​យកចិត្តទុកដាក់​គឺ​អាច​ជា​ការ​យល់​ច្រឡំ ឬ​ក៏​​មិន​បាន​ស្វែង​យល់​អោយ​បាន​ដឹ​ត​ដល់​នូវ​សកម្មភាព​របស់​ក្រសួង​កន្លង​មក រីឯ​ចំពោះ​សីល​​ធម៌​របស់​អ្នក​បង្កើត​មាតិកា​ខ្លះ​ៗ ដែល​ផលិត​ឃ្លី​ប​វី​ដេ​អូ​ដែល​មាន​រូបភាព​មិន​សមរម្យ​ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណៈ​បែប​នេះ​ គឺ​អាច​ជា​ចេតនា​ឯកជន​របស់​បុគ្គល ហើយ​ម្ចាស់​រូបភាព​ក៏​មិនមែន​ជា​សិល្ប​ការិនី​នោះ​ទេ គ្រាន់តែ​ជា​អ្នកមាន​អាជីវកម្ម Online ដែល​ប្រហែលជា​គាត់​មិន​ទាន់​យល់​ច្បាស់​អំពី​តម្លៃ និង​សភាព​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ ដែល​មិន​អាច​ធ្វើការ​ប្រៀបធៀប​នឹង​អរិយធម៌​បែប​បរទេស​និយម​តែ​ប៉ុណ្ណោះ ។

បើ​ទោះបីជា​យ៉ាងណា ខ្ញុំ​ជឿជាក់​ថា «គណៈកម្មាធិការ​លើកកម្ពស់​សី​ល​ធម៌​សង្គម​តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ» ​ដែល​មាន​សមាជិក​មក​ពី​អន្តរក្រសួង​រួម​ទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផង​ដែរ នឹង​បន្ត​ខិតខំ​អនុវត្ត​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ការ​ចូលរួម​កសាង​សង្គម​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ តែ​ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ចំណែក​ពី​គ្រប់​តួអង្គ​ដែល​​ជា​កោសិកា​សង្គម​ទាំងមូល​។

ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ក៏​​សូម​ថ្លែងអំណរគុណ​ដល់​សិល្បករ សិល្ប​ការិនី influencer content creator ជា​ច្រើន ដែល​ធ្លាប់​បាន​ចូលរួម​ថែរ​រក្សា ឬ​ច្នៃ​​បង្កើត​ស្នាដៃ​​សិ​ល្បៈថ្មី​ៗ ដ៏​ល្អ​ៗ បង្ហាញ​អំពី​អត្តសញ្ញាណ​ជាតិ និង​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក និង​សំណូមពរ​ដល់​យុវជន យុវនារី ប្រជា​ពលរដ្ឋ​ទាំងអស់​រួម​គ្នា​បន្តរ​ថែ​​រក្សា​នូវ​វប្បធម៌ ដែល​ជា​មរតក​ដូនតា​របស់​យើង​អោយ​បាន​ល្អ​បំផុត ចៀសវាង​ការ​បាត់បង់​ដោយ​ការ​បំពាន​អំពី​សំណាក់​ប្រទេស​ជិតខាង ​ដែល​កំពុង​តែ​ព្យាយាម​ចំលង​មិន​បន្ថយ​ដៃ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ