សហរដ្ឋអាមេរិក ៖ យោងតាមទិន្នន័យពីសេវាកម្មតាមដានតម្លៃប្រេង GasBuddy បានបង្ហាញថា តម្លៃប្រេងសាំងលក់រាយជាមធ្យមនៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានឡើងដល់៤ដុល្លារក្នុង១ហ្គាឡុង (៣,៨ លីត្រ) ជាលើកដំបូងនៅក្នុងរយៈពេលជាង៣ឆ្នាំ ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានបន្តធ្វើឱ្យទីផ្សារថាមពលសកលមានភាពច្របូកច្របល់។ បើយោងតាមប្រភពពី Reuters បានចេញផ្សាយ។
នេះជាលើកដំបូងក្នុងរយៈពេលជាង៣ឆ្នាំ ដ្បិតតម្លៃ៤ដុល្លារក្នុង១ហ្គាឡុងត្រូវបានកត់ត្រាចុងក្រោយបង្អស់ កាលពីខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ តម្លៃសម្រាប់ទំនិញជាច្រើនប្រភេទនៅសហរដ្ឋអាមេរិកក៏កំពុងឡើងថ្លៃផងដែរ រួមទាំងប្រេងដែលប្រើសម្រាប់ផលិតប្រេងសាំង បន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស (Hormuz) ដោយអ៊ីរ៉ង់ ដែលជារាំងស្ទះផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយរបស់ពិភពលោក។
ការកើនឡើងតម្លៃប្រេងឥន្ធនៈបានចាប់ផ្តើមដាក់បន្ទុកលើហិរញ្ញវត្ថុគ្រួសារអាមេរិក ដែលកំពុងតស៊ូជាមួយនឹងការកើនឡើងថ្លៃដើម ហើយនេះក៏បានក្លាយទៅជាបញ្ហានយោបាយសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងគណបក្សសាធារណរដ្ឋរបស់លោកផងដែរ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខនេះ ខណៈពេលដែលធ្វើយុទ្ធនាការរក្សាសំឡេងភាគច្រើននៅក្នុងសភាអាមេរិក លោក ត្រាំ បានសន្យាថា នឹងកាត់បន្ថយតម្លៃថាមពល ក៏ដូចជាបង្កើនការផលិតប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក។
ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ភាគច្រើននៃអាណត្តិទី២របស់លោកត្រូវបានសម្គាល់ដោយទីផ្សារមានការប្រែប្រួលខ្លាំង ភាពចលាចលភូមិសាស្ត្រនយោបាយ និងគោលនយោបាយផ្លាស់ប្តូរទៅរកបញ្ហាដូចជា ពន្ធគយ ជាដើម។
តម្លៃសាំងលក់រាយជាមធ្យមទូទាំងរបស់សហរដ្ឋអាមេរិកបានកើនឡើងប្រហែល ១,០៦ ដុល្លារក្នុង១ហ្គាឡុង ឬ ៣៦% ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីនៅចុងខែកុម្ភៈកន្លងទៅ៕
ចែករំលែកព័តមាននេះ