ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ចិន ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ បន្ត​កិច្ច​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឆ្ពោះទៅ​រក​ភាព​ប្រក្រតី​វិញ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ប្រទេស​ចិន នឹង​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ បន្ត​កិច្ច​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឆ្ពោះទៅ​រក​ភាព​ប្រក្រតី​វិញ និង​ធានា​បាន​នូវ​សន្តិភាព​យូរអង្វែង​។ លើក​ឡើង​ដូចនេះ…

រាជធានី​ភ្នំពេញ​ ៖ ​ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ប្រទេស​ចិន នឹង​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ បន្ត​កិច្ច​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឆ្ពោះទៅ​រក​ភាព​ប្រក្រតី​វិញ និង​ធានា​បាន​នូវ​សន្តិភាព​យូរអង្វែង​។

លើក​ឡើង​ដូចនេះ ក្នុង​ឱកាស​ដែល​ឯកឧត្តម វ៉ាង វិ​ន​ពី​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ជូនពរ​សម្តេច​ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

សម្តេច​មហារដ្ឋ​សភាធិបតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ចំណងមិត្តភាព​ដែកថែប​កម្ពុជា​-​ចិន ជា​ចំណងមិត្តភាព​ដែល​ធន់ និង​អាច​ជឿ​ទុកចិត្ត​បាន នៅ​គ្រប់​កាលៈទេសៈ​។

សម្តេច​បាន​រំលឹក​ពី​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ និង​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ នៅ​គ្រប់​ជំនាន់​។

សម្តេច​បាន​សង្កត់ធ្ងន់​ថា ការ​អភិវឌ្ឍ និង​រីក​ចម្រើន​របស់​កម្ពុជា រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​កាត់​ផ្តាច់​ពី​ជំនួយ​គាំទ្រ​ដ៏​មាន​តម្លៃ​របស់​ប្រទេស​ចិន​នោះ ឡើយ​។

សម្តេច​រដ្ឋសភាធិបតី បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ចិន ដែល​បាន​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ កិច្ច​អន្តរាគមន៍​របស់​ចិន មាន​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ច្បាស់លាស់ និង​ហ្មត់ចត់​។ ក្នុង​នោះ សម្តេច​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម​រៀបចំ​ឱ្យ​មាន​កិច្ចប្រជុំ​ចង្អៀត​ត្រីភាគី ស្តី​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នៅ​បឹង​ហ្វូ​សៀន (Fuxian Lake) ខេត្ត​យូ​ណា​ន កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ ដែល​បាន​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់ និង​ប្រកបដោយ​ស្ថាបនា​ក្នុង​ការ​លើកកម្ពស់​កិច្ច​សន្ទនា និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់​អាវុធ និង​នាំ​ស្ថានភាព​ឆ្ពោះទៅ​កាន់​សន្តិភាព​ឡើង​វិញ​។

ជាមួយ​គ្នា​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​បេសកកម្ម​ការទូត​របស់​ឯកឧត្តម វ៉ាង វិ​ន​ពី​ន នៅ​កម្ពុជា​ថា មាន​សកម្មភាព​យ៉ាង​សកម្ម និង​សម្រេច​បាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជា​ច្រើន​គួរ​ជាទី​មោ​ទ​ន​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ធ្វើ​ដំណើរ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​សម្ពោធ​សមិទ្ធផល​នានា ដែល​ជា​ជំនួយ​របស់​មិត្ត​ចិន​ចំពោះ​កម្ពុជា ដែល​ថ្មី​ៗ​នេះ គឺ​គម្រោង​កសាង​ស្ពាន​ថ្មី​មេគង្គ​ក្រចេះ ដែល​ជា​ស្ពាន​មិត្តភាព​ខ្មែរ​ចិន ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ ដែល​ជា​កា​រត​ភ្ជាប់​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ដោយ​ផ្ទាល់​ដល់​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ជំនួយ​របស់​ចិន បាន​និង​កំពុង​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​នៅ​ក្នុង​គ្រា​លំបាក​នេះ​។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ចក្ខុវិស័យ​ច្បាស់លាស់ ក្នុង​ការ​រក្សាសុខ​សន្តិភាព និង​ជំរុញ​ការ​អភិវឌ្ឍ ដើម្បី​សម្រេច​គោលដៅ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ឯកឧត្តម វ៉ាង វិ​ន​ពី​ន បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ជូនពរ ក្នុង​ឱកាស​នេះ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា សម្តេច​ប្រធានរដ្ឋសភា ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​លើកកម្ពស់​ចំណងមិត្តភាព​កម្ពុជា​-​ចិន​។ មិត្ត​ចិន​នឹង​បន្ត​គាំទ្រ​ដល់​បុព្វហេតុ​អភិវឌ្ឍន៍​នៅ​កម្ពុជា ហើយ​ចំណងមិត្តភាព​កម្ពុជា​-​ចិន មិន​ប្រែប្រួល​ឡើយ និង​មិន​ត្រឹមតែ​ជា​ពាក្យ​និយាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ជា​លទ្ធផល​ជាក់ស្តែង​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ប្រកាស​ថា ជំនួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា នឹង​បន្ត​ជា​បន្តបន្ទាប់ រួម​ទាំង​ការ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​។

ចំពោះ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ប្រទេស​ចិន នឹង​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ បន្ត​កិច្ច​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឆ្ពោះទៅ​រក​ភាព​ប្រក្រតី​វិញ និង​ធានា​បាន​នូវ​សន្តិភាព​យូរអង្វែង​។

ឯកឧត្តម វ៉ាង វិ​ន​ពី​ន មាន​ជំនឿ​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កម្ពុជា នឹង​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​របស់​ខ្លួន ដោយសារ​តែ​កម្ពុជា​មាន​សក្តានុពល និង​ប្រជាពលរដ្ឋ​មាន​សាមគ្គីភាព​យ៉ាង​រឹង​មាំ​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​គូសបញ្ជាក់​ថា ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វិស័យ​ការពារ​ជាតិ​កម្ពុជា​ផង​ដែរ​។

សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​កម្ពុជា ដែល​ស្រឡាញ់​សន្តិភាព និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​គោរព និង​អនុវត្ត​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ៗ​។

ជាមួយ​គ្នា​នេះ សម្តេច​បាន​អបអរសាទរ ចំពោះ​ជោគជ័យ​នៃ “​មហាសន្និបាត​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន (CPPCC)” និង “​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូ​ទាំង​ប្រទេស (NPC)” កាលពី​ខែមីនា​កន្លង​មកនេះ ដែល​បាន​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​អភិបាលកិច្ច និង​ជា​ទិស​ដៅ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ និង​វិបុលភាព​បន្ថែម​ទៀត​របស់​ប្រទេស​ចិន​។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី​លើក​ឡើង​ទៀត​ប្រទេស​ចិន នឹង​បន្ត​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សុខ​សន្តិភាព​ពិភពលោក និង​ស្តារ​សណ្តាប់ធ្នាប់​ពិភពលោក​ឡើង​វិញ លើកកម្ពស់​យន្តការ​ពហុភាគី​និយម ដែល​ជា​ខែល​សម្រាប់​ប្រទេស​តូច​ៗ និង​កំពុង​អភិវឌ្ឍន៍ ក្នុង​កិច្ច​ការពារ​អធិបតេយ្យភាព និង​ជំរុញ​ការ​អភិវឌ្ឍ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ