ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការរដ្ឋាននគរបាលស្រុកសេសាន បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី កាលពីវេលាម៉ោង១៤ និង៥៥នាទីរសៀលថ្ងៃទី៣០ មីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចកំពង់ទឹក ក្នុងភូមិសាស្ត្រឃុំស្រែគរ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆឹង សិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ក្រោយការឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលជំនាញបានរកឃើញវត្ថុតាងនៅកន្លែងកើតហេតុ រួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន ០២កញ្ចប់ (ធំ ០១ និងតូច ០១) ឧបករណ៍សម្រាប់ច្រក និងសេពគ្រឿងញៀនមួយចំនួនទូកស្មាច់០១គ្រឿង ព្រមទាំងម៉ាស៊ីនកាណូតម៉ាកហ៊ីណូតា (Hinota) កម្លាំង១៨សេះ ពណ៌ស្លាទុំ ចំនួន០១គ្រឿង ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងសមត្ថកិច្ចបានបន្តឈានទៅដល់ការឆែកឆេរលំនៅឋានរបស់ជនសង្ស័យនៅវេលាម៉ោង១៥ និង០៥នាទីថ្ងៃដដែល រកឃើញវត្ថុតាងបន្ថែមរួមមាន៖អាវុធកែច្នៃបាញ់ហ្គាស០១ដើម ឧបករណ៍ឆក់ត្រី០៤គ្រឿង និងអាគុយ៤០អំពែរ០១គ្រឿង ម៉ូតូយ៉ាម៉ាហា ពណ៌ស លាយខ្មៅ០១គ្រឿង រួមទាំងឧបករណ៍ពាក់ព័ន្ធមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់បន្ត៕
ចែករំលែកព័តមាននេះ