ទីក្រុងកៀវ៖ អ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីបានលើសពី៣,៣ម៉ឺនគ្រឿងពេញមួយខែមីនា ឆ្នាំ២០២៦នេះ។ បើដូច្នេះមែន វាជាចំនួនដ្រូនដែលអ៊ុយក្រែនបាញ់ទម្លាក់បានច្រើនជាងខែណាៗទាំងអស់គិតចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដំបូង។ នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន។

ទន្ទឹមនឹងនោះ ដ្រូនផលិតនៅអ៊ុយក្រែនដែលអាចបើកប្រតិបត្តិការឆ្ងាយបានវាយប្រហាររោងចក្រចម្រាញ់ប្រេងឆៅ និងទីតាំងស្តុកប្រេងរបស់រុស្ស៊ីនៅសមុទ្រខ្មៅជាលើកទីបីត្រឹមតែរយៈពេលមិនដល់២សប្ដាហ៍ផងទេ។ ការវាយប្រហារនោះធ្វើឱ្យប្រជាជនមូលដ្ឋានជម្លៀសខ្លួនជាបន្ទាន់ដើម្បីជាវិធានការបង្ការទុកជាមុន។ បើមិនប្រញាប់រត់ទេ ក្រែងលោគ្រោះថ្នាក់កាន់តែធ្ងន់ជាងនេះ។

អ៊ុយក្រែនបានបង្កើតបច្ចេកវិទ្យាទំនើបក្នុងការផលិតដ្រូន។ លទ្ធផលជាក់ស្ដែងដូចយើងឃើញស្រាប់។ អ៊ុយក្រែនអាចស៊ីសងគ្នាបានជាមួយកងទ័ពរុស្ស៊ី ទោះបីរុស្ស៊ីជាប្រទេសធំ និងមានកម្លាំងយោធាខ្លាំងជាងខ្លួនក៏ដោយ។ ដោយសារមូលហេតុនេះហើយទើបបានជាវិស័យដ្រូនរបស់អ៊ុយក្រែនក្លាយជាការចាប់អារម្មណ៍នៅទូទាំងសាកលលោក ជាពិសេសដ្រូនសម្រាប់បម្រើឱ្យវិស័យយោធា។ ចំពោះដ្រូនដែលប្រើសម្រាប់បាញ់ទម្លាក់ដ្រូនរបស់បច្ចាមិត្តគឺជាផ្នែកដ៏សំខាន់នៃប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។

ឥឡូវនេះ បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា និងឈូងសមុទ្រពែក្សកំពុងរកទិញដ្រូនប្រភេទនេះទុកសម្រាប់តទល់ជាមួយដ្រូនអត្តឃាតរបស់អ៊ីរ៉ង់។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន។ អ៊ុយក្រែនក៏កំពុងតែបង្កើនការផលិតឧបករណ៍ស្ទាក់ចាប់ដ្រូនរបស់សត្រូវផងដែរដើម្បីចាត់ការជាមួយការវាយប្រហារតាមអាកាសពីសំណាក់យោធារុស្ស៊ី។ យោធាអ៊ុយក្រែនទើបតែបង្កើតបញ្ជាការដ្ឋានថ្មីមួយទៀតចំណុះឱ្យអង្គភាពកងទ័ពអាកាសដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន។ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកមីខៃឡូ ហ្វូដូរ៉ូស (Mykhailo Fedorov) បង្ហោះសារនៅលើតេឡេក្រាម៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ