ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ ចំ​ពេល​ភាព​មិន​ច្បាស់លាស់​នៃ​កិច្ចចរចា​សន្តិភាព​អា​មេ​រិ​ក​-​អ៊ី​រ៉​ង់

2 ម៉ោង មុន

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ខណៈ​ដែល​តម្លៃ​ប្រេង​កើនឡើង​បាន​ធ្វើ​ឱ្យ​ការ​ព្រួយបារម្ភ​អំពី​អតិផរណា​ខ្ពស់ ស្រប​ពេល​ដែល​វិនិយោគិន​កំពុង​រង់ចាំ​ការ​សម្រេចចិត្ត​សំខាន់​ៗ​របស់​ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក (Fed) នៅ​ស​ប្តា​ហ៍​នេះ…

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ខណៈ​ដែល​តម្លៃ​ប្រេង​កើនឡើង​បាន​ធ្វើ​ឱ្យ​ការ​ព្រួយបារម្ភ​អំពី​អតិផរណា​ខ្ពស់ ស្រប​ពេល​ដែល​វិនិយោគិន​កំពុង​រង់ចាំ​ការ​សម្រេចចិត្ត​សំខាន់​ៗ​របស់​ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក (Fed) នៅ​ស​ប្តា​ហ៍​នេះ ដើម្បី​មើល​ថា តើ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​បាន​ផ្លាស់​ប្តូរ​ទស្សនវិស័យ​អត្រា​ការ​ប្រាក់​ដែរ​ឬទេ? នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ ១,១% មក​នៅ​ត្រឹម ៤ ៦២៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​អោន ឬ ៥ ៥៧៥​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ១២:៥៣ នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​) ដែល​ជា​កម្រិត​ទាប​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦​។

មន្ត្រី​អា​មេ​រិ​កម្នា​ក់បាន​និយាយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​នឹង​សំណើ​ចុង​ក្រោយ​របស់​អ៊ី​រ៉​ង់ សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព ដែល​ធ្វើ​ឱ្យ​ក្តី​សង្ឃឹម​សម្រាប់​ដំណោះស្រាយ​ជម្លោះ​ដែល​បាន​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ជំរុញ​អតិផរណា និង​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ ជាប់​គាំង​បន្ត​ទៀត​។

ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​កើនឡើង​ខ្ពស់ ហើយ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ឡើង​ខ្ពស់​ជាង ១១០ ដុល្លារ​ក្នុង​១​បារ៉ែល ដោយសារ​តែ​ផ្លូវទឹក​ដឹក​ជញ្ជូន​ដ៏​សំខាន់​នៃ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) នៅ​តែ​បិទ​ភាគច្រើន​។ តម្លៃ​ប្រេង​ឆៅ​ខ្ពស់​អាច​ជំរុញ​អតិផរណា ដោយ​បង្កើន​ថ្លៃដើម​ដឹក​ជញ្ជូន និង​ផលិតកម្ម រួម​ទាំង​បង្កើន​លទ្ធភាព​អត្រា​ការ​ប្រាក់​ខ្ពស់ ខណៈ​ពេល​ដែល​មាស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខែល​ការពារ​ហានិភ័យ​ពី​អតិផរណា ប៉ុន្តែ​អត្រា​ការ​ប្រាក់​ខ្ពស់​ធ្វើ​ឱ្យ​ទ្រព្យសកម្ម​ដែល​ផ្តល់​ផល​ចំណេញ​ដូច​ជា ប្រាក់​បញ្ញើ​ជាដើម មាន​ភាព​ទាក់ទាញ​ជាងមាស​។

Fed ត្រូវ​បាន​គេ​រំពឹង​ទុក​យ៉ាង​ទូលំទូលាយ​ថា នឹង​រក្សា​អត្រា​ការ​ប្រាក់​ឱ្យ​នៅ​ថេរ​នៅ​ចុង​កិច្ចប្រជុំ​រយៈពេល​2​ថ្ងៃ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ស្រប​ពេល​ដែល​វិនិយោគិន​ក៏​នឹង​ផ្តោត​លើ​ការ​សម្រេចចិត្ត​ផ្សេង​ទៀត​របស់ Fed នៅ​ស​ប្តា​ហ៍​នេះ រួម​ទាំង​ការ​សម្រេចចិត្ត​ពី​ធនាគារកណ្តាល​អឺរ៉ុប ធនាគារ​អង់គ្លេស និង​ធនាគារ​កា​ណា​ដា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ