ឌុយបៃ៖ ប្រទេសអារ៉ាប់រួមប្រកាសថាខ្លួនសម្រេចចិត្តចាកចេញពីអង្គការអូប៉ិច (OPEC) និងអូប៉ិចបូកជាមួយប្រទេសដទៃទៀត (OPEC+) នាពេលឆាប់ៗនេះហើយ។ បើដូច្នេះមែន វាជាការទះមួយកំផ្លៀងយ៉ាងដំណំទៅលើក្រុមប្រទេសនាំចេញប្រេង និងប្រធានក្រុមគឺអារ៉ាប៊ីសាអូឌីត។ ការសម្រេចចិត្តនេះធ្វើឡើងចំពេលដែលបញ្ហាកំពុងតែពិបាកស្រាប់ដោយសារសង្គ្រាមអ៊ីរ៉ង់។ សង្គ្រាមនេះធ្វើឱ្យមានវិបត្តិថាមពលដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ និងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក។

អារ៉ាប់រួមបញ្ជាក់ថាខ្លួននឹងចាកចេញពីអង្គការអូប៉ិចជាផ្លូវការនៅថ្ងៃទី១ ខែឧសភាខាងមុខនេះ។ ការបាត់បង់ប្រទេសអារ៉ាប់រួមក្នុងនាមជាសមាជិកចាស់វស្សារបស់អូប៉ិចនោះអាចនឹងធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងធ្វើឱ្យអូប៉ិចចុះខ្សោយ។ ជានិច្ចកាល អូប៉ិចច្រើនបង្ហាញពីការរួបរួមសាមគ្គីរបស់ខ្លួនជានិច្ចទោះបីពេលខ្លះមានការមិនចុះសម្រុងផ្ទៃក្នុងពាក់ព័ន្ធនឹងបញ្ហាជាច្រើនរាប់បញ្ចូលទាំងការប្រទាញប្រទង់គ្នាខាងភូមិសាស្ត្រនយោបាយ រហូតដល់ការខ្វែងគំនិតអំពីការផលិតប្រេងតិច ឬច្រើនជាដើម។

រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសអារ៉ាប់រួមថ្លែងថារដ្ឋាភិបាលរបស់លោកសម្រេចចិត្តដកខ្លួនថយពីអូប៉ិចបន្ទាប់ពីពិនិត្យពិច័យដោយយកចិត្តទុកដាក់លើយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង-ចាត់ចែងថាមពលរបស់ប្រទេសមហាអំណាចប្រចាំតំបន់មួយនេះ។ ចំពោះសំណួរថាតើអារ៉ាប់រួមបានពិគ្រោះយោបល់ជាមួយអារ៉ាប៊ីសាអូឌីតដែរឬទេមុននឹងដកខ្លួនចេញ? លោករដ្ឋមន្ត្រីរូបនេះឆ្លើយតបថាអារ៉ាប់រួមមិនបានលើកយកបញ្ហានេះទៅពិភាក្សាជាមួយប្រទេសណាទាំងអស់។

រដ្ឋមន្ត្រីរូបនេះថ្លែងបន្តទៀតថានេះជាការសម្រេចចិត្តដោយផ្អែកលើគោលនយោបាយ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីពិនិត្យយ៉ាងហ្មត់ចត់លើគោលនយោបាយបច្ចុប្បន្ន និងអនាគតពាក់ព័ន្ធនឹងអត្រាផលិតប្រេង។ លោកយល់ថានៅពេលអារ៉ាប់រួមក្លាយជាប្រទេសឯករាជ្យ មិនចាំបាច់ស្ដាប់តាមការបង្គាប់បញ្ជារបស់អូប៉ិច ពេលនោះអារ៉ាប់រួមអាចដាក់ចេញវិធានការអ្វីមួយប្រកបដោយភាពបត់បែនស្រេចនឹងចិត្តរបស់ខ្លួន។ លោកថាការសម្រេចចិត្តនេះនឹងបង្កលក្ខណៈងាយស្រួលឱ្យប្រទេសរបស់លោកអាចផលិតប្រេងដែលឆ្លើយតបទៅតាមតម្រូវការជាក់ស្ដែងរបស់ពិភពលោកដូចជាប្រេងឆៅ, ប្រេងពាក់កណ្ដាលសម្រេច និងហ្គាស៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ