ខេត្តកំពង់ឆ្នាំង ៖ ភ្លៀង និងខ្យល់កន្ត្រាក់ បណ្ដាលឱ្យដើមឈើ ខ្លោងទ្វារសង្ក្រាន្ត ផ្ទះប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង បានដួលរលំ របើកដំបូល និងដាច់ចរន្តអគ្គិសនី នៅវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ។
លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានស្រង់របាយការណ៍បឋមថា នៅពេលវេលាខាងលើមានភ្លៀង និងខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងផ្ទះប្រជាពលរដ្ឋ ដូចជា ៖ នៅសួនសម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងសង្កាត់ប្អេរ រលំដើមឈើមួយដើម និងទ្រេត៤ដើម, នៅមុខមន្ទីរគណបក្សខេត្ត រលំដើមឈើ១ដើម, នៅមុខមន្ទីរសាធារណៈការខេត្ត រលំដើមឈើមួយដើម សង្កត់បង្គោលភ្លើង២ដើម, បណ្ដាលឱ្យដាច់ចរន្តអគ្គិសនី និងខូចខាតតូបលក់បាយ១ខ្នង, នៅមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បាក់រលំខ្លោងទ្វារសង្ក្រាន្តឆ្នាំថ្មី និងគ្រោងដែកលម្អតំបន់ត្រជាក់ សង្កត់លើរថយន្តបណ្ដាលឱ្យខូចខាតរថយន្ត ស្រាល១គ្រឿង, របើកដំបូលផ្ទះប្រជាពលរដ្ឋនៅសង្កាត់ផ្សារឆ្នាំងចំនួន ៦ខ្នង ក្នុងនោះ៣ខ្នង ប្រក់ដំបូលស៊ីប្រូ និងក្បឿង៣ខ្នង, រលំដើមស្វាយ ៣ខ្នង និងខូចខាតសម្ភារៈនៅមុខផ្ទះមួយចំនួន, របើកដំបូលសំយ៉ាបស័ង្កសីផ្ទះមួយខ្នងទំហំ ២គុណ នឹង ៤ម៉ែត្រ និងរបើករបងស័ង្កសីប្រវែង ៦ម៉ែត្រ ។
ក្នុងករណីខាងលើ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។ ក្រោយកើតហេតុ អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការ កងកម្លាំង ចុះសម្រួលចរាចរណ៍ ដោយទាញដើមឈើ និងខ្លោងទ្វារសង្ក្រាន្ត ដាក់ឲ្យទៅម្ខាងផ្លូវ ដើម្បីបើកដំណើរការឡើងវិញ។ហើយផ្នែកអគ្គិសនី ក៏បានទាញដើមឈើចេញ ។
សូមបញ្ជាក់ថា នៅរសៀលដដែលនេះ នៅខាងស្រុករលាប្អៀរ ក៏មានការខូចខាតច្រើនណាស់ដែរ ប៉ុន្តែមិនទាន់ទទួលរបាយការណ៍នៅឡើយ ៕















ចែករំលែកព័តមាននេះ