ខេត្តពោធិ៍សាត់ ៖ ក្នុងគោលបំណងការពារធនធានមច្ឆជាតិ និងថែរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប គណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទ បានបើកប្រតិបត្តិការមួយ នាព្រឹកព្រលឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ ។
ជាក់ស្តែងគណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទខុសច្បាប់បឹងទន្លេសាប បានប្រកាសនាព្រឹកថ្ងៃទី៣១ ខែមីនានេះថា ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងចម្រុះសហការជាមួយសង្កាត់រដ្ឋបាលជលផលបាកាន នៃខណ្ឋរដ្ឋជលផលពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ ពាក់ព័ន្ឋករណីឧបករណ៍ឆក់ ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងក្នុងភូមិសាស្ត្រ ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជាតំបន់ស្នូលដ៏សំខាន់សម្រាប់ជម្រកត្រីពងកូន ។ ជាលទ្ធផល កម្លាំងជំនាញបានធ្វើការបង្ក្រាបចំគោលដៅលើករណីប្រើប្រាស់ឧបករណ៍ឆក់ត្រី ដែលជាប្រភេទឧបករណ៍នេសាទបំផ្លិចបំផ្លាញកម្រិតធ្ងន់ និងត្រូវបានច្បាប់ហាមឃាត់ដាច់ខាត។
ការប្រើប្រាស់ឧបករណ៍ឆក់ មិនត្រឹមតែបំផ្លាញត្រីធំៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានសម្លាប់កូនត្រីតូចៗ និងជីវៈចម្រុះក្នុងទឹកយ៉ាងរង្គាល ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងនាពេលអនាគត ៕
ចែករំលែកព័តមាននេះ