រាជធានីភ្នំពេញ ៖ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធចេកវិទ្យាមួយកន្លែងនៅក្នុងខណ្ឌសែនសុខ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្ក្រាប ដោយឃាត់ខ្លួនជនជាតិបរទេសប្រុស-ស្រីចំនួន៤៩នាក់ ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅអគារជួលមួយកន្លែង (លេខ៩៩៩) ដែលស្ថិតនៅជាប់ខាងត្បូងសាកលវិទ្យាល័យកម្ពុជាក្នុងភូមិចុងខ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

តាមព័ត៌មានអោយដឹងថា ដោយមានការស្រាវជ្រាវស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ចជំនាញ ក៏ឈានទៅរកឃើញទីតាំងលួចលាក់របស់ក្រុមឧក្រិដ្ឋជនកំពុងប្រព្រឹត្តិបទល្មើសឆបោក Scams Online ហើយត្រូវកម្លាំងសមត្ថកិច្ចបានបើកការចុះបង្ក្រាបភ្លាមតែម្តង ។

តាមព័ត៌មានដោយដឹងថា នៅក្នុងការឆែកឆេរបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបរទេសស្រីប្រុសចំនួន៤៩នាក់ និងបានដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធនិងប្រព្រឹត្តបទល្មើសយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ទោះបីជាយ៉ាងណា ជនសង្ស័យសមត្ថកិច្ចពុំទាន់ទំលាយឲ្យដឹងថា ជាជនជាតិអ្វីពិតប្រាកដនៅឡើយ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕






ចែករំលែកព័តមាននេះ