ឡានបុ.កម៉ូតូ សមត្ថកិច្ចរវល់ ក៏យកម៉ូតូទៅផ្ញើសន្តិសុខមួយភ្លែត ត្រូវជនឆ្លៀតឱកាសលួ.ចទៅបាត់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូយ៉ូតាព្រូស និងម៉ូតូហុងដាឌ្រីមបណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពេលដែលសមត្ថកិច្ចកំពុងរវល់វាស់វែង ហើយបានអូសម៉ូតូរបស់ជនរងគ្រោះទៅកៀនផ្លូវ និងផ្ញើរសន្តិសុខនៅក្បែរនោះមួយភ្លែត ក៍ស្រាប់តែមានជនឆ្លៀតឱកាសមានគ្នា៣នាក់ជិះម៉ូតូមកលួចយកម៉ូតូជនរងគ្រោះទៅបាត់ ។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលានៅវេលាម៉ោង ២ ឈានចូលព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ តាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក តូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF 9726 បើកបរដោយនារីម្នាក់ ជ្រុលទៅបុកនិងម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AG 6052 ជិះដោយនារីម្នាក់ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យនារីជាជិះម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែករថយន្តវិញ រងការខូចខាតផ្នែកខាងមុខ ហើយភ្លាមៗបានព្យាយាមបើករត់គេច តែត្រូវបានសមត្ថកិច្ចដេញតាមឃាត់បាន នាំទាំងអ្នកបើកបរស្ថានភាពស្រវឹង និងរថយន្តយកមកប៉ុស្តិ៍នគរបាលរដ្ឋទន្លេបាសាក់ រងចាំប្រគល់អោយផ្នែកជំនាញចរាចរណ៍ផងដែរ ។
តាមប្រភពបន្តទៀតថា ខណៈដែលហេតុការណ៍ខាងលើកើតឡើង សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅកន្លែងកើតហេតុ និងបានទាក់ផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងបន្ត ។ ពេលនោះសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ ក៍បានអូសម៉ូតូរបស់ជនរងគ្រោះដែលរងការខូចខាត យកទៅទុកកៀនផ្លូវ និងបានផ្ញើរសន្តិសុខនៅក្បែរនោះអោយជួយមើលម៉ូតូផង ហើយសមត្ថកិច្ចបានទៅមើលភាគីរថយន្តនៅឯប៉ុស្តិ៍នគរបាលទន្លេបាសាក់ គាប់ជួនពេលនោះ ក៍ស្រាប់តែជនឆ្លៀតឱកាស៣នាក់ជិះម៉ូតូ ២គ្រឿង មកធ្វើសកម្មភាពលួចលើកម៉ូតូរបស់ជនរងគ្រោះ ដែលផ្ញើសន្តិសុខ ជិះចេញទៅបាត់តែម្ដង ទោះសន្តិសុខខំរត់តាមស្រែកហៅ ក៍មិនទាន់នោះដែរ ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងយកមធ្យោបាយទាំងអស់ទៅរក្សាទុករងចាំដំណោះស្រាយ តែពេលទៅដល់ ឃើញតែរថយន្ត បាត់ម៉ូតូជនរងគ្រោះ ក៍មិនអាចធ្វើការបានដែរ ។ ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានប្រគល់ករណីនេះអោយសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន ធ្វើការដោះស្រាយវិញផងដែរ ៕













ចែករំលែកព័តមាននេះ