សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលអាកាសធាតុកើនឡើងកម្ដៅខ្លាំងចន្លោះពី ៤០ ទៅ ៤២ អង្សាសេ រាងកាយយើងប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរគឺ “ជំងឺកម្ដៅថ្ងៃ ឬ Heatstroke” ដែលជាស្ថានភាពសីតុណ្ហភាពរាងកាយឡើងខ្ពស់លើសពី ៤០ អង្សាសេ ហើយមិនអាចបញ្ចេញកម្ដៅមកក្រៅបាន រហូតប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល និងអាចឈានដល់ការបាត់បង់ជីវិតភ្លាមៗ។
សញ្ញាអាសន្នដែលអ្នកត្រូវសង្កេតរួមមានការអស់កម្លាំងខ្លាំង ចង់ក្អួត វង្វេងវង្វាន់ ឈឺក្បាលប្រកាំង សម្ពាធឈាមចុះទាប និងអ្វីដែលប្លែកបំផុតនោះគឺខ្លួនក្ដៅខ្លាំងតែគ្មានចេញញើសទាល់តែសោះ ដែលអាចឈានទៅដល់ការប្រកាច់ ដកដង្ហើមញាប់ និងបាត់បង់ស្មារតី។
បុគ្គល ៦ ក្រុមអាទិភាពដែលងាយរងគ្រោះថ្នាក់ពីកម្ដៅថ្ងៃបំផុត រួមមានអ្នកដែលធ្វើការ ឬលេងកីឡាកណ្ដាលវាលដូចជា កម្មករសំណង់ កសិករ និងយុទ្ធជនហ្វឹកហាត់ កុមារតូចអាយុក្រោម ៥ ឆ្នាំ និងមនុស្សចាស់ដែលមានសមត្ថភាពបញ្ចេញកម្ដៅខ្សោយ អ្នកដែលមានជំងឺប្រចាំកាយដូចជាជំងឺបេះដូង សរសៃឈាមខួរក្បាល និងលើសឈាម បុគ្គលដែលមានសាច់ឈាមធាត់ខ្លាំងដែលធ្វើឱ្យការបញ្ចេញកម្ដៅមានភាពលំបាក អ្នកដែលសម្រាកមិនបានគ្រប់គ្រាន់ធ្វើឱ្យរាងកាយចុះខ្សោយ និងចុងក្រោយគឺអ្នកដែលនិយមទទួលទានគ្រឿងស្រវឹងខ្លាំង ដែលធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកកាន់តែលឿន និងបង្កើនកម្ដៅក្នុងខ្លួនទ្វេរដង។
ដើម្បីការពារខ្លួនពីគ្រោះថ្នាក់នេះ អ្នកគួរជៀសវាងការនៅកណ្ដាលថ្ងៃក្ដៅយូរពេក ត្រូវញ៉ាំទឹកឱ្យបានញឹកញាប់បំផុតទោះជាមិនស្រេកក៏ដោយ និងស្លៀកសម្លៀកបំពាក់ដែលរលុងស្រឡះងាយចេញខ្យល់។ ប្រសិនបើឃើញនរណាម្នាក់មានអាការៈសន្លប់ដោយសារកម្ដៅថ្ងៃ អ្វីដែលត្រូវធ្វើមុនគេគឺប្រញាប់នាំគាត់ចូលម្លប់ឱ្យឆាប់បំផុត រួចប្រើក្រណាត់ជក់ទឹកត្រជាក់ជូតខ្លួនដើម្បីបញ្ចុះកម្ដៅរាងកាយជាបន្ទាន់ និងប្រញាប់បញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីសង្គ្រោះជីវិតឱ្យទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ