រាជធាភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងនយ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញត្រីតូចធំជាច្រើនប្រភេទ បានងាប់អណ្តែតពេញផ្ទៃទឹក ដែលបង្កឱ្យមានក្លិនស្អុយ និងមិនអាចប្រើប្រាស់ទឹកបានដូចធម្មតា ។
យោងតាមការរាយការណ៍ពីមូលដ្ឋាន ពលរដ្ឋបានដាក់ការសង្ស័យថា ករណីត្រីងាប់នេះ អាចបណ្តាលមកពីការលួចបង្ហូរទឹកកខ្វក់ ដែលមានសារធាតុពុល ចេញពីរោងចក្រកែច្នៃណាមួយ ដែលស្ថិតនៅតាមបណ្ដោយស្ទឹងព្រែកត្នោត ចូលមកក្នុងប្រភពទឹកសាធារណៈ។ ក្តីបារម្ភនេះបានកើតឡើងបន្ទាប់ពីសង្កេតឃើញទឹកស្ទឹងប្រែពណ៌ និងមានភាយក្លិនមិនល្អ ដែលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាជនក្នុងតំបន់ ។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់សារព័ត៌មាន ថាក្រសួងបានជ្រាបពីព័ត៌មាននេះហើយ និងបានចាត់វិធានការភ្លាមៗ។ លោកបានមានប្រសាសន៍ថា ៖ ក្រសួងបរិស្ថានបានបញ្ជូនមន្ត្រីជំនាញ ចុះទៅដល់កន្លែងកើតហេតុ បន្ទាប់ពីមានសេចក្ដីរាយការណ៍។ បន្ទាប់ពីទទួលបានព័ត៌មានច្បាស់លាស់ពីមន្ត្រីជំនាញ ក្រសួងនឹងផ្ដល់ជូនព័ត៌មានបន្ថែម ។
បច្ចុប្បន្ន មន្ត្រីជំនាញកំពុងស្ថិតនៅទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលសំណាកទឹកយកទៅធ្វើតេស្តតាមបច្ចេកទេស ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យត្រីងាប់ ។
សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងរកឃើញប្រភព នៃការពុលនេះ ក្នុងពេលឆាប់ៗ និងមានវិធានការច្បាប់ចំពោះក្រុមហ៊ុន ឬរោងចក្រណា ដែលបានបំពុលបរិស្ថាន ប្រសិនបើរកឃើញថា មានការបង្ហូរជាតិពុលចូលស្ទឹងពិតប្រាកដមែន ៕


ចែករំលែកព័តមាននេះ