ខេត្តបាត់ដំបង ៖ ផ្ទៃមេឃឡើងខ្មៅងងិត គ្របដណ្ដប់ទៅដោយដុំពពកខ្មួលខ្មាញ់ គ្មានតំណក់ភ្លៀង ប៉ុន្តែខ្យល់កន្ត្រាក់ នារដូវប្រាំងបានវាយប្រហារយ៉ាងគំហុកត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ធ្វើឲ្យ
លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន០៥ខ្នង ត្រូវរងការខូចខាតនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៣០ មីនា នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកភូមិទេ ។

របាយការណ៍របស់មន្ត្រីមូលដ្ឋានបានឲ្យដឹងថា លំនៅឋានដែលរងការខូចខាតចំនួន០៥ខ្នង ក្នុងនោះ មានឃ្លាំងស្ដុកកសិផល០១ខ្នងផង នៅឃុំចែងមានជ័យ ដោយខ្យល់កន្ត្រាក់មួយប្រាវនោះ គឺនៅភូមិប៉ៃឡាំ ខូចខាតចំនួន០២ខ្នង (របើកដំបូល១ខ្នងរលំដល់ដី១ខ្នង) នៅភូមិកំពង់គល់ អស់ចំនួន០១ខ្នង (របើកដំបូល) និងនៅភូមិបុះខ្នុរ ខូចខាតអស់ចំនួន០២ខ្នង ក្នុងនោះ ០១ខ្នង ជាឃ្លាំងស្ដុកកសិផល ។

អធិការស្រុកបាណន់ លោក ហេង បារាំង បានប្រាប់ដែរថា ពេលនោះ ផ្ទៃមេឃងងិតខ្លាំង តែហាក់ដូចគ្មានភ្លៀងទេ ប៉ុន្តែមានខ្យល់វាយប្រហារខ្លាំង ហើយបានប៉ះទង្គិចខ្លាំងទៅលើឃុំចែងមានជ័យ ។

លោកបានបន្ថែមថា មិនយូរប៉ុន្មាន មន្ត្រីមូលដ្ឋានបានរាយការណ៍ថា ខ្យល់កន្ត្រាក់បានវាយប្រហារយ៉ាងខ្លាំង ធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនបានរងការខូចខាតហើយ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។ ប៉ុន្តែជាមួយគ្នានោះ ក៏មានភ្លៀងធ្លាក់ខ្លះៗដែរ តែមិនធំដុំទេ ។ តុល្យការចុងក្រោយ ខូចខាតផ្ទះ០៤ខ្នង និងឃ្លាំងស្ដុកកសិផល០១ខ្នងប៉ុណ្ណោះ ដោយសារខ្យល់កន្ត្រាក់នារដូវប្រាំង ៕

ចែករំលែកព័តមាននេះ