ខេត្តព្រៃវែង ៖ បឹងជំនុំ គឺជាបឹងសាធារណៈមួយ ដែលមានទំហំប្រមាណជាងកន្លះហិកតា ស្ថិតនៅចន្លោះព្រំប្រទល់ស្រុកពោធ៍រៀង និងស្រុកពារាំង បច្ចុប្បន្នកំពុងត្រូវបានឈ្មួញម្នាក់ដាក់គ្រឿងចក្រ ជីកយកអាចម៍ដីដឹកលក់រាល់ថ្ងៃ ខណៈអាជ្ញាធរមូលដ្ឋានបានសំងំស្ងាត់ឈឹង ។
ពលរដ្ឋនៅឃុំកំពង់ឫស្សីបានឲ្យដឹងថា បឹងជំនុំនេះ ត្រូវបានឈ្មួញជីកយកអាចម៍ដីលក់ច្រើនថ្ងៃមកហើយ ដោយម្ចាស់គ្រឿងចក្រ គឺជាម្ចាស់ការ៉ាស់សាំងយីហោ ប្រា មុំម៉ារី នឹងត្រូវជាបងប្អូនសាច់ញាតិរបស់លោក ចេម ប្រា អភិបាលស្រុកពារាំង ។
ពលរដ្ឋដែលមានដីស្រែនៅជាប់បឹងជំនុំនេះបានឲ្យដឹងថា ពួកគាត់មានការព្រួយបារម្ភណាស់ ខ្លាចគេជីកយូរទៅធ្វើឲ្យបាក់ដី ប៉ះពាល់ដីស្រែរបស់ពួកគាត់ ប៉ុន្តែពុំមានអ្នកណាហ៊ានប្តឹងឬតវ៉ានោះទេ ព្រោះខ្លាចអំណាចម្ចាស់គ្រឿងចក្រ ដែលមានបងប្អូនជាអភិបាលស្រុក ។
លោក វ៉ា ធីម អភិបាលស្រុកពោធ៍រៀង បានឲ្យដឹងថា ជុំវិញរឿងរ៉ាវមួយនេះលោកបានសួរទៅអាជ្ញាធរឃុំកំពង់ឫស្សីរួចហើយ ដោយលោកមេឃុំបានអះអាងថា គឺប្រជាពលរដ្ឋជាអ្នកស្នើសុំឲ្យជីកស្តារបឹងនេះ ដើម្បីបានទឹកប្រើប្រាស់ ទើបលោកមេឃុំអនុញ្ញាតិឲ្យឈ្មួញជីកតែម្ដងទៅ ។ ប៉ុន្តែនៅពេលសួរថា តើប្រជាពលរដ្ឋអ្នកស្នើសុំឲ្យជីកនោះមានប៉ុន្មានគ្រួសារ ? មានអ្នកជំទាស់ដែរ ឬទេ? ហើយការជីកនោះមានការត្រួតពិនិត្យពីមន្ត្រីបច្ចេកទេសដែល ឬទេ? សំណួរទាំងនេះពុំមានអាជ្ញាធរណាម្នាក់ធ្វើការបកស្រាយឡើយ ។
សង្ស័យជីកហួសក្បាលប្រេត ក៏មិនច្បាស់ដែរ ព្រោះបានដីដឹកយកទៅលក់ម៉ាសេរី ប្រៀបដូចរកស៊ីអត់ដើម…ព្រោះអាងសាច់ញាតិជាអ្នកមានអំណាចក្នុងស្រុក គ្មានអ្នកណាហ៊ានក្អកដាក់…ហេ! ហេ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ