ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ជួយ​ពលករ​ខ្មែរ​នៅ​ថៃ ក្នុង​ករណី​មានការ​បញ្ជូន​មក​កម្ពុជា​វិញ «​មាន​ទាំង​ការងារ និង​អត្ថប្រយោជន៍​ផ្សេង​ៗ»

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ស៊ុន មេ​សា បាន​ថ្លែង​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់…

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ស៊ុន មេ​សា បាន​ថ្លែង​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ជួយ​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ផុត​សុពលភាព​បណ្ណ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ឱកាស​ការងារ​នៅ​កម្ពុជា​មាន​រាប់​ម៉ឺន​កន្លែង​សម្រាប់​ត្រៀម​ផ្ដល់​ជូន​ បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ស្រុក​វិញ​ ។

លោក ស៊ុន មេ​សា ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​ថា រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​សេនាធិការ បាន​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​រង់ចាំ​ទទួល​ស្វាគមន៍​បងប្អូន​ពលករ​ខ្មែរ​ដែល​ផុត​សុពលភាព​បណ្ណ​ការងារ​នៅ​ប្រទេស​ថៃ ខណៈ​ដែល​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង កំពុង​រង់ចាំ​បងប្អូន​ពលករ​មក​ពី​ប្រទេស​ថៃ ​។

លោក​បន្ត​ថា បុគ្គលិក និង​កម្មករនិយោជិត​ដែល​កំពុងធ្វើការ​ងារ​ នៅ​ក្នុង​ប្រទេស​កម្ពុជា មានឱកាស​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ ប្រហាក់ប្រហែល​នៅ​ប្រទេស​ថៃ​ដែរ ថែម​ទាំង​មាន​សេវា​ថែទាំ​សុខភាព តាម​រយៈ​បេឡា​ជាតិ​សន្ដិសុខ​សង្គម​(​ប​.​ស​.​ស​.), ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ និង​មាន​ប្រាក់​សោធន ខណៈ​ដែល​នៅ​ប្រទេស​ថៃ មិន​មាន​សេវា​ទាំង​អស់នេះ​ សម្រាប់​ជួយ​គាំពារ​ដល់​ពលករ​ខ្មែរ​ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់​នោះ​ទេ ​។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា​៖ «​យើង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​បងប្អូន​ពលករ​យើង​ដែល​ផុត​សុពលភាព​ត្រឹម​ថ្ងៃនេះ ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា នៅ​កម្ពុជា​មានការ​ងារ​រាប់​ម៉ឺន​កន្លែង​ដែល​អាច​ផ្តល់​ប្រាក់​ចំណូល​សមរម្យ​ ជូន​បងប្អូន​ពលករ ក្នុង​ករណី​ដែល​ពួក​គាត់​ចង់រក​ការងារ​នៅ​ក្នុងស្រុក​។ បើ​ទោះបី​មិន​មាន​ជំនាញ​ក៏​យើង​មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​វគ្គ​ខ្លី​ៗ ហើយ​អាច​ទទួល​បាន​ថវិកា ​ចាប់តាំងពី​ថ្ងៃ​ចូល​រៀន​ដំបូង​ ។ ដូចនេះ​មិន​មាន​អ្វី​គួរ​ឱ្យ​បារម្ភ​ឡើយ​» ​។

ក្នុង​នាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា បាន​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​វិញ មុន​ពេល​មានការ​បណ្តេញ​ចេញពី​សំណាក់​អាជ្ញាធរ​ថៃ ដើម្បី​ចៀសវាង​ការ​ប្រមាថ ឬ​បញ្ហា​ផ្សេង​ៗ​។ រាជរដ្ឋាភិបាល​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍​ពលករ​ទាំងអស់ ទោះបីជា​មាន ឬ​គ្មាន​ឯកសារ​ស្របច្បាប់​ក៏​ដោយ ​។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ អតីត​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ប្រមាណ​ជាង ៦៥​ម៉ឺន​នាក់ ក្នុង​ចំណោម​ជាង ៨០​នាក់​ទទួល​បាន​ឱកាស​ការងារ ខណៈ​ជាង ៣៣​ម៉ឺន​នាក់​កំពុងធ្វើការ​ងារ​ក្នុង​ប្រព័ន្ធ និង​អ្នក​ទទួល​បាន​ឱកាស​ការងារ​នៅ​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ជាង ៣២​ម៉ឺន​នាក់ ​៕ អត្ថបទសហការ