ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រដ្ឋាភិបាល​ ៖​ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោ.ក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​រៀបចំ​ឡើង​ដោយ​ផ្អែក​តាម​មូលដ្ឋាន​សំខាន់​ៗ ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​រៀបចំ​ឡើង​ដោយ​ផ្អែក​តាម​មូលដ្ឋាន​សំខាន់​ៗ ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ជា​ពិសេស​អនុសញ្ញា​អង្ក​ការ​សហប្រជាជាតិ​។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​ឯកឧត្តម ប៉ែន បូ​ណា…

រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​រៀបចំ​ឡើង​ដោយ​ផ្អែក​តាម​មូលដ្ឋាន​សំខាន់​ៗ ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ជា​ពិសេស​អនុសញ្ញា​អង្ក​ការ​សហប្រជាជាតិ​។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​ធ្វើ​បច្ចុប្បន្នភាព​ស្តី​ពី​ការ​វិវត្តន៍​ស្ថានការណ៍​ថ្មី​ៗ​ពី​រាជរដ្ឋាភិបាល ដើម្បី​ផលប្រយោជន៍​ជាតិ មាតុភូមិ និង​ប្រជាជន ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ បន្ទាប់​ពី​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា​។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖” សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​តាម​មូលដ្ឋាន​សំខាន់​ៗ ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ជា​ពិសេស​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រឆាំង​បទឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដែល​មាន​អង្គការ​ចាត់តាំង និង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ព្រមទាំង​ច្បាប់​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​ស្រប​តាម​ស្តង់ដា​ជា​អន្តរជាតិ​។

ឯកឧត្តម​អ្នកនាំពាក្យ បាន​លើក​ឡើង​ថា​ក្នុង​សារ​ជូន​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ដើម្បី​ធានា​ការ​រស់នៅ​សុខសាន្ត​របស់​ប្រជាពលរដ្ឋ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម គឺជា​អាទិភាព​មួយ​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជា​ចំណុច​ដ៏​សំខាន់​បន្ថែម​ពីលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​កិច្ចការ​អាទិភាព​សំខាន់​ៗ​របស់​ជាតិ​ផ្សេង​ទៀត​។

សម្តេច​បវរ​ធិ​បតី​បន្ត​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា រហូត​ដល់​ដើម​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ចាត់វិធានការ​ជា​ច្រើន​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នេះ ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជា​ច្រើន​។

ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​ការ​កំណត់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម គឺជា​កិច្ចការ​អាទិភាព​ក្នុង​របៀបវារៈ​នយោបាយ​របស់​ខ្លួន​ពុំ​មែន​ជា​ការ​ចៃដន្យ​ឡើយ ហើយ​ការ​ដាក់​ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់ និង​មុត​ស្រួច​ជា​បន្តបន្ទាប់ ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​ពេល​កន្លង​មក គឺជា​សក្ខីភាព​មួយ​នៃ​ការ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​ខាង​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​មួយ​នេះ ដែល​ជា​ក្តី​កង្វល់​រួម​របស់​កម្ពុជា ក៏​ដូច​ជា​របស់​តំបន់ និង​ពិភពលោក​។

ក្នុង​ន័យ​នេះ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ចង់​ឃើញ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​លះបង់​ដើម្បី​ជាតិ ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​និន្នាការ ក៏​ដូច​ជា​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ សំដៅ​លុប​បំបាត់​នូវ​រាល់​បញ្ហា​អសកម្ម​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក៏​ដូច​ជា​ដើម្បី​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​ប្រពៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ