ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ប្រទេស​ស្វី​ស​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ TVET ដើម្បី​ជំរុញ​ការ​លើកកម្ពស់​ជំនាញ​ កម្លាំង​ពលកម្ម​ឆ្លើយ​តប​ទីផ្សារ​ការងារ

1 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Reto…

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Reto Grüninger នាយក​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ (SDC) នៅ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ពី​វឌ្ឍនភាព​ នៃ​កិច្ច​សហប្រតិបត្តិការ និង​ផ្លាស់​ប្តូរ​យោបល់​លើ​ការ​បន្ត​កិច្ច​គាំទ្រ​លើ​អភិបាលកិច្ច និង​ការ​សម្របសម្រួល​លើ​ប្រព័ន្ធ TVET នៅ​កម្ពុជា ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ស្វី​ស​ដែល​ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​និង SDC ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​គាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​ជន​ទេសន្តរប្រវេសន៍ ក៏​ដូច​ជា​កម្លាំង​ពលកម្ម​កម្ពុជា​តាម​រយៈ​ការ​ពង្រឹង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​(TVET) ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​ការងារ និង​កា​រវិ​វត្ត​នៃ​ឧស្សាហកម្ម​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​វ​ឌ្ឍ​ភាព​ការងារ និង​ទិស​ដៅ​អាទិភាព​ចម្បង​ៗ​របស់​ក្រសួង ឱ្យ​ស្រប​តាម​ស្តង់ដា និង​កាន់តែ​មាន​ភាព​ប្រមូលផ្តុំ​លើ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល ការ​ធានា​គុណភាព និង​អភិបាលកិច្ច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​សង្គម និង​សេដ្ឋកិច្ច​បៃតង​ផង​ដែរ​។

ជាមួយ​គ្នា​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍ​ជំនាញ និង​លើកទឹកចិត្ត​ដល់​អតីត​ពលករ​ពី​ប្រទេស​ថៃ​អាច​ទទួល​បានការ​ទទួលស្គាល់​ជំនាញ ឯកឧត្តម ហេង សួរ មាន​ប្រសាសន៍​ថា ក្រសួង​បានការ​រៀបចំ​ការ​ធ្វើតេស្ដ​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) សម្រាប់​ពួក​គាត់​លើ​មុខ​ជំនាញ​ចំនួន ៨ ក្នុង​វិស័យ​សំណង់​។ ការ​ធ្វើតេស្ត​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ ហើយ​បងប្អូន​ដែល​បាន​ឆ្លងកាត់​ការ​វាយតម្លៃ​នេះ​ជាប់ នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជំនាញ​ពី​មុន​ជា​ផ្លូវការ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​រំលេច​ដែរ​ថា ក្នុង​ពេល​តម្លៃ​ប្រេងឥន្ធនៈ​កំពុង​កើនឡើង រថយន្ត​អគ្គិសនី (EV) និង​ថាមពលព្រះអាទិត្យ ឬ​ថាមពល​កកើត​ឡើង​វិញ គឺ​កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​ខ្លាំង​ពី​រាជរដ្ឋាភិបាល​។ នា​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​លើកលែង​ពន្ធ​នាំ​ចូល​រថយន្ត EV ដើម្បី​ឲ្យ​មាន​កំណើន​នៅ​កម្ពុជា និង​មាន​តម្លៃ​សមរម្យ​ជាង​មុន​។ ទន្ទឹម​នេះ ក្រសួង​យល់​ស្រប​ថា ជំនាញ​មេកា​ត្រូ​និ​ច (mechatronics) និង​អគ្គិសនី គឺជា​មូលដ្ឋាន​សម្រាប់​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើង​វិញ ព្រោះថា​មិន​ថា​នៅ​ក្នុង​រោងចក្រ ឬ​វិស័យ​យានយន្ត​ទេ មេកា​ត្រូ​និ​ច គឺជា​ជំនាញ​ស្នូល​ដែល​ក្រសួង​ត្រូវការ​។ ក្រៅពី​នេះ វា​ត្រូវការ​ឲ្យ​សិស្ស​មាន​មូលដ្ឋាន​ខាង​វិទ្យាសាស្ត្រ​ខ្លាំង​ជាង​មុន ព្រោះ​វា​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​មេកានិច អេ​ឡិច​ត្រូ​និ​ច និង​បច្ចេកវិទ្យា ក៏​ដូច​ជា AI​។

ជា​ការ​ឆ្លើយ​តប លោក Reto Grüninger បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ ក៏​ដូច​ជា វឌ្ឍនភាព​ការងារ​ក្នុង​ការ​លើកកម្ពស់​ជំនាញ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា ដោយ​លោក​គូសបញ្ជាក់​ថា SDC តែងតែ​ព្យាយាម​ធ្វើ​ឱ្យ​មាន​ភាព​បត់បែន ហើយ​ពិតជា​បន្ត​ការ​គាំទ្រ​នូវ​អ្វី​ដែល​ដែល​អាច​ធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ និង​ការ​សម្របសម្រួល​ដែល​មាន​ន័យ​កាន់តែ​ល្អ​សម្រាប់​ភាគី​ទាំង​ពីរ​។ SDC ពិតជា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឱ្យ​អ្វី​ៗ​ដំណើរ និង​ក្លាយជា​ប្រយោជន៍​ដល់​ប្រជាជន ជា​ពិសេស​យុវជន​កម្ពុជា ដែល​ត្រូវការ​ការ​អប់រំ​បច្ចេកទេស និង​វិជ្ជាជីវៈ​។

ភាគី​ទាំង​ពីរ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ច​ពិភាក្សា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល ផលិតភាព និង​ចក្ខុវិស័យ​នេះ នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ ​ដ៏​ចាំបាច់​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន ដែល​រួមចំណែក​យ៉ាង​ធំធេង​ ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​ការងារ​នៅ​កម្ពុជា ​៕ អត្ថបទសហការ