ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​សួង​ការងារ៖ រយៈពេល ៣​ឆ្នាំ​ ក្រសួង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​​ កាន់តែ​មាន​ប្រសិទ្ធភាព និងបន្ត​កសាង​សមត្ថភាព​មន្ត្រី​អធិការកិច្ច​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់

1 នាទី មុន

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២៦ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ…

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២៦ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពស់​ខ្ពង់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី ដើម្បី​វាយតម្លៃ​លទ្ធផល​ពាក់កណ្តាល​អាណត្តិ​នៃ​ការ​អនុវត្ត​ផែនការមេ​លើក​ទី​៣ ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ ឆ្នាំ២០២៣-២០២៧ ​។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​និម្មិត ZOOM ដោយ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​មាន ក្រសួង ស្ថាប័ន អង្គការ និង​ដៃគូ​អភិវឌ្ឍន៍ ជា​ពិសេស​សមាគម​និយោជក និង​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត ​។

ថ្លែង​ក្នុង​ឱកាស​នេះ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ បាន​គូសបញ្ជាក់​ថា សិក្ខាសាលា​នា​ពេល​នេះ​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​តាមដាន និង​បូក​សរុប​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​អស់​រយៈពេល ៣​ឆ្នាំ​កន្លង​មក ក៏​ដូច​ជា​ការ​ប្រមូល​ធាតុ​ចូល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ។ ការងារ​សុវត្ថិភាព និង​សុខភាព​ការងារ​នេះ គឺជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​នៃ «​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១» របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​ផ្តល់​អាទិភាព​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង សំដៅ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ​។

ក្នុង​ស្មារតី​ជំរុញ​ការ​អនុវត្ត​ផែនការមេ​លើក​ទី​៣ លោក​ជំទាវ​បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​គន្លឹះ​ចំនួន ៦ ដែល​ក្រសួង​កំពុង​យកចិត្តទុកដាក់ ដោយ​ក្នុង​នោះ​រួម​មាន ការ​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​ឱ្យ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ទាំង​ថ្នាក់​ជាតិ និង​សហគ្រាស ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​តាម​រយៈ​អធិការកិច្ច​ការងារ ការ​បង្កើន​កិច្ចសហការ​រវាង​និយោជក​និង​កម្មករនិយោជិត ការ​លើកកម្ពស់​បរិយាកាស​ការងារ​ក្នុង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម និង​ការ​លុប​បំបាត់​ពលកម្ម​កុមារ ព្រមទាំង​ការ​បង្ការ​ជំងឺ​ផ្សេង​ៗ​នៅ​កន្លែងធ្វើការ​។ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ក្រសួង​កំពុង​ព​ន្លឿ​ន​ការ​កសាង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ជំនាញការ​នៃ​សាធារណរដ្ឋ​កូរ៉េ និង​អង្គការ ILO ដើម្បី​ធានា​បាន​នូវ​បរិយាកាស​ការងារ​ល្អ និង​បង្កើន​ផលិតភាព​ការងារ​។ ក្រៅពី​ការ​រៀបចំ​ច្បាប់ ក្រសួង​ក៏​បាន​ដាក់​ចេញ​នូវ​កម្មវិធី​គាំទ្រ​ជាក់ស្តែង​ជា​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​ដល់​មូលដ្ឋាន ​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ បាន​រំលេច​នូវ​យន្តការ​ប្រកួតប្រជែង​ពានរង្វាន់ «​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​» និង​កម្មវិធី​កែ​លម្អ​របៀប​ធ្វើការ​ជា​ច្រើន​ទៀត​ដូច​ជា កម្មវិធី WISH សម្រាប់​អ្នកធ្វើការ​តាម​ផ្ទះ កម្មវិធី WISE សម្រាប់​សហគ្រាស កម្មវិធី WIND សម្រាប់​តាម​ភូមិដ្ឋាន និង​កម្មវិធី​ដទៃ​ទៀត​ដែល​គ្របដណ្តប់​ទាំង​ផ្នែក​សំណង់ យុវជន និង​ការ​គ្រប់គ្រង​កាក​សំណល់​។ កម្មវិធី​ទាំងនេះ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ធានា​ថា​គ្មាន​កម្មករនិយោជិត​ណា​ម្នាក់​ត្រូវ​បាន​បោះបង់​ចោល ទោះបីជា​ពួក​គេ​ស្ថិត​ក្នុង​វិស័យសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ឬ​ក្រៅ​ប្រព័ន្ធ​ក៏​ដោយ ​។

ដើម្បី​ឱ្យ​ការ​អនុវត្ត​ការងារ​បន្ត​ទៅ​មុខ​ដោយ​ជោគជ័យ លោក​ជំទាវ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បង្កើន​កិច្ចសហការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ បន្ត​កសាង​សមត្ថភាព​មន្ត្រី​អធិការកិច្ច​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់ និង​ត្រូវ​បង្កើត​ប្រព័ន្ធ​រាយការណ៍​ទិន្នន័យ​សុវត្ថិភាព​ការងារ​ឱ្យ​បាន​រឹង​មាំ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ដាក់​ចេញ​គោលនយោបាយ​នា​ពេល​អនាគត ​៕ អត្ថបទសហការ