រាជធានីភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងថា ការកម្ចាត់អំពើពុករលួយ និងការិយាធិបតេយ្យ ជាលក្ខខណ្ឌចាំបាច់ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ។
លោកបណ្ឌិតបានសរសេរលើបណ្តាញសង្គម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា កាលពីពីរបីថ្ងៃមុន ខ្ញុំបានជួបអ្នកការទូតបរទេសម្នាក់ ។ អ្នកការទូតរូបនោះហាក់សម្តែងការភ្ញាក់ផ្អើលចំពោះព័ត៌មានពាក់ព័ន្ធនឹងមន្ត្រីចំនួន៣រូប ដែលបម្រើការនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវបានសាមីអង្គភាពឃាត់ខ្លួនដោយសារជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ។
អ្នកការទូតរូបនោះបានចោទសួរខ្ញុំថា ៖ «ហេតុអ្វីបានជាមន្ត្រី ACU ខ្លួនឯង នៅតែហ៊ានប្រព្រឹត្តអំពើពុករលួយ?» លោកបណ្ឌិតបានបញ្ជាក់ថា៖«ខ្ញុំបានពន្យល់តបវិញថា នោះ គឺជាទង្វើបុគ្គលដែលមិនឆ្លុះបញ្ចាំងពីគុណតម្លៃរួមរបស់អង្គភាពទាំងមូលឡើយ ។ ការដែល ACU ហ៊ានចាត់វិធានការច្បាប់លើមន្ត្រីរបស់ខ្លួនបែបនេះ គឺជាភស្តុតាងដែលបញ្ជាក់ថា ច្បាប់ប្រឆាំងអំពើពុករលួយ មិនមានការរើសអើងឡើយ ពោល គឺបុគ្គលណាក៏ដោយឱ្យតែប្រព្រឹត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែង ។ យើងមានការឯកភាពគ្នាក្នុងក្របខណ្ឌសង្គមទាំងមូលថា ៖ អំពើពុករលួយ គឺជាមេរោគស៊ីរូងផ្ទៃក្នុង ដែលបំផ្លាញជំនឿចិត្តរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចរដ្ឋរខេករខាក និងធ្វើឱ្យអំណាចរដ្ឋទន់ខ្សោយចំពោះមុខសត្រូវឈ្លានពាន ។ រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយខ្ពស់បំផុត ក្នុងកិច្ចការបង្ក្រាបមេរោគសង្គមមួយនេះ » ។

លោកបណ្ឌិតបានលើកឡើងថា ដូចគ្នាដែរ កន្លងមកក្នុងជំនួបរបស់ខ្ញុំផ្ទាល់ ជាមួយឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត និងមន្ត្រីការទូតជាន់ខ្ពស់ទទួលបន្ទុកកិច្ចការនយោបាយ និងសេដ្ឋកិច្ចនៃបណ្តាប្រទេសធំៗមួយចំនួន រួមទាំងតំណាងក្រុមហ៊ុនបរទេសខ្លះផង ពួកគេតែងតែត្អូញត្អែរអំពីអំពើពុករលួយ និងភាពសាំញ៉ាំនៃប្រព័ន្ធការិយាធិបតេយ្យ ចាប់តាំងពីដំណាក់កាលចុះបញ្ជីក្រុមហ៊ុន រហូតដល់ដំណើរការនាំចេញទំនិញ ។ ពួកគេយល់ឃើញថា នៅតែមានភាពលំបាក និងភាពមិនច្បាស់លាស់ច្រើន ក្នុងការវិនិយោគនៅកម្ពុជា ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត បានគូសបញ្ជាក់ថា ចំពោះបញ្ហានេះខ្ញុំតែងព្យាយាមបកស្រាយពីបរិយាកាសវិនិយោគរបស់កម្ពុជា ដោយលើកឡើងនូវចំណុចវិជ្ជមានមួយចំនួនដូចជា ៖
១. ក្របខណ្ឌច្បាប់ ៖ ច្បាប់វិនិយោគថ្មីដែលមានលក្ខណៈអំណោយផលណាស់សម្រាប់វិនិយោគិន ហើយកម្ពុជាមានយន្តការច្បាប់ និងតុលាការ ដែលអាចធានាការពារផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនបាន ។
២. សន្តិភាពនិងស្ថិរភាព៖ កម្ពុជាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយរឹងមាំ។
៣. ធនធានមនុស្ស៖ កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងដែលមានផលិតភាពនិងជំនាញខ្ពស់។
៤. ហេដ្ឋារចនាសម្ព័ន្ធ៖ កម្ពុជាមានការរីកចម្រើនខាងប្រព័ន្ធដឹកជញ្ជូន ទឹកស្អាត និងអគ្គិសនី ដែលធានាស្ថិរភាពនៃការផ្គត់ផ្គង់។
៥. ទីផ្សារ៖ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចិន កូរ៉េ យន្តការ RCEP និងភាពអនុគ្រោះពាណិជ្ជកម្មទៅកាន់អាមេរិក អឺរ៉ុប និងអង់គ្លេស។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារយ៉ាងសកម្ម និងរស់រវើក ។ លោកបណ្ឌិតក៏បានអះអាងថា ទោះជាយ៉ាងណា ការព្យាយាមពន្យល់គេដោយទ្រឹស្ដីតែមួយមុខ មិនទាន់គ្រប់គ្រាន់ឡើយ ។ អ្វីដែលសំខាន់បំផុត គឺការដោះស្រាយបញ្ហាជាក់ស្តែង ដែលអ្នកការទូតបរទេស និងវិនិយោគិន បានលើកឡើង ជាពិសេសការលុបបំបាត់អំពើពុករលួយ និងការិយាធិបតេយ្យ ដើម្បីកសាងរូបភាពវិជ្ជមានរបស់កម្ពុជា ក្នុងក្រសែភ្នែកអន្តរជាតិ ។ យើងមិនអាចចាត់វិធានការបែបពន្លត់អគ្គិភ័យ (ដោះស្រាយតាមករណីចាំបាច់ម្ដងម្កាល) បានទៀតទេ ប៉ុន្តែត្រូវបង្កើតប្រព័ន្ធអភិបាលកិច្ចមួយ ដែលមាននិរន្តរភាព និងតម្លាភាព ។
រាជរដ្ឋាភិបាលចាំបាច់ត្រូវអនុវត្តវិធានការមុតស្រួច ដោយឈរលើគោលការណ៍តឹងរ៉ឹងបំផុតដូចដែលវៀតណាម និងចិនបានធ្វើ គឺ ៖ ១. គ្មានតំបន់ហាមឃាត់ ២. គ្មានការលើកលែង និង៣. គ្មានការយោគយល់ (វាយទាំងខ្លា វាយទាំងរុយ) ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា៖«បើមិនដូច្នោះទេ មហិច្ឆតាក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ អាចនឹងជួបឧបសគ្គរាំងស្ទះជាមិនខាន» ៕
ចែករំលែកព័តមាននេះ