ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ហាណូយ​! អ្នក​ជិះ​ម៉ូតូ​ប្រើ​សាំង​ប្តូរ​មក​ម៉ូតូ​អគ្គិសនី នឹង​បាន​ប្រាក់​ឧបត្ថម្ភ​ជិត ២០០​ដុល្លារ

2 ម៉ោង មុន

ប្រទេស​វៀតណាម ៖ គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម មាន​គម្រោង​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ចំនួន ៥ លាន​ដុ​ង ឬ​ស្មើនឹង ១៩០ ដុល្លារ​អា​មេ​រិ​ក…

ប្រទេស​វៀតណាម ៖ គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម មាន​គម្រោង​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ចំនួន ៥ លាន​ដុ​ង ឬ​ស្មើនឹង ១៩០ ដុល្លារ​អា​មេ​រិ​ក សម្រាប់​ម្ចាស់​ម៉ូតូ​ប្រើ​សាំង​ដែល​ប្តូរ​មក​ប្រើ​ម៉ូតូ​អគ្គិសនី​ជំនួស​វិញ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

ផែនការ​គណៈកម្មាធិការ​ប្រជាជន ដែល​នឹង​ត្រូវ​បោះ​ឆ្នោត​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ក្រុង​នៅ​ស​ប្តា​ហ៍​នេះ នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​រស់នៅ​អចិន្ត្រៃយ៍ និង​អ្នក​មក​រស់នៅ​ក្នុង​ទីក្រុង​ហាណូយ​យ៉ាង​ហោច​ណាស់​ពីរ​ឆ្នាំ​។ នៅ​ពេល​ដែល​ពួក​គេ​ទិញ​ម៉ូតូ​អគ្គិសនី​ដែល​មាន​តម្លៃ ១០ លាន​ដុ​ង ឬ ៣៧៩ ដុល្លារ ឬ​ច្រើន​ជាង​នេះ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ២០% មិន​លើស​ពី ៥ លាន​ដុ​ង​។

សម្រាប់​ប្រជាជន​ក្រីក្រ និង​ក្បែរ​ភាព​ក្រីក្រ ប្រាក់​ឧបត្ថម្ភ​នឹង​កើនឡើង​ដល់ ២០ លាន​ដុ​ង (៧៥៨​ដុល្លារ​) និង ១៥ លាន​ដុ​ង (៥៧០​ដុល្លារ​)​។ គ្រប់​គ្នា​នៅ​ក្នុង​ទីក្រុង​នឹង​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ម៉ូតូ​១​គ្រឿង រហូត​ដល់​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ ២០៣១​។ ចំនួន​ទឹកប្រាក់​នេះ គឺ​ខ្ពស់​ជាង​ការ​ស្នើ​ឡើង​របស់​នាយកដ្ឋាន​សំណង់​កាលពី​ខែកក្កដា​កន្លង​ទៅ ដែល​កំណត់​ចំនួន​ទឹកប្រាក់​ត្រឹម ៣ លាន​ដុ​ង សម្រាប់​ប្រជាជន​ភាគច្រើន​។

លើស​ពី​នេះ ទីក្រុង​ហាណូយ ក៏​មាន​គម្រោង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៥០% ដល់​ថ្លៃ​ចុះបញ្ជី និង​ធ្វើ​ផ្លា​ក​លេខ សម្រាប់​អ្នក​ដែល​ប្តូរ​ទៅ​ប្រើ​ម៉ូតូ​អគ្គិសនី​ផង​ដែរ​។ សម្រាប់​អ្នកទិញ​តាម​ផែនការ​បង់​រំលស់ នឹង​មាន​ប្រាក់​ឧបត្ថម្ភ ៣០% លើ​ការ​ប្រាក់​រយៈពេល ១២ ខែ​។ ចំណែក​អាជីវកម្ម​ដឹក​ជញ្ជូន​ដំណើរការ​ឡានក្រុង និង​តាក់ស៊ី នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពេញលេញ​លើ​ថ្លៃ​សេវា​ទាំងអស់ នៅ​ពេល​ពួក​គេ​ផ្លាស់​ប្តូរ​មក​ប្រើ​យានយន្ត​អគ្គិសនី​។

ទន្ទឹម​ជាមួយ​គ្នា ទីក្រុង​ហាណូយ ក៏​មាន​គម្រោង​បញ្ជា​ឱ្យ​អគារ​ផ្ទះល្វែង អគារ​ពាណិជ្ជកម្ម មន្ទីរពេទ្យ និង​កន្លែង​សាធារណៈ​ផ្សេង​ទៀត ផ្លាស់​ប្តូរ​យ៉ាង​ហោច​ណាស់ ១៥% នៃ​កន្លែង​ចត​រថយន្ត​ទៅ​ជា​ស្ថានីយ៍​សាក​យានយន្ត​អគ្គិសនី​។ រីឯ​កន្លែង​សាងសង់​ថ្មី​ត្រូវ​តែ​បែងចែក​យ៉ាង​ហោច​ណាស់ ៣០%​។

សូម​ជម្រាប​ថា ទីក្រុង​ហាណូយ នឹង​ហាមឃាត់​ម៉ូតូ​ប្រើ​ហ្គា​ស​ពី​ផ្លូវ​កណ្តាល​ទីក្រុង ចាប់ពី​ខែកក្កដា ឆ្នាំ ២០២៦ និង​យានយន្ត​ប្រើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ភាគច្រើន ចាប់ពី​ឆ្នាំ ២០៣០​។ បច្ចុប្បន្ន​ម៉ូតូ​ប្រហែល ៦,៩ លាន​គ្រឿង​កំពុង​ចរាចរ​ក្នុង​ទីក្រុង​ហាណូយ​។ អាជ្ញាធរ​បាន​អះអាង​ថា ម៉ូតូ​ប្រើ​សាំង​មាន​ចំនួន​ប្រហែល ៦០% នៃ​ការ​បំពុល​ទីក្រុង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ