សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះសមាជិក និងជាអគ្គលេខាធិការរង ថេរសភាព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជាបានមានថេរដីកាថា ការធ្វើបុណ្យធ្វើទៀននានា មិនគួរប្រើប្រាស់គ្រឿងស្រវឹងទទួលភ្ញៀវ ។
ចែករំលែកនៅលើបណ្តាញសង្គម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចសម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានមានថេរដីកាថា ការធ្វើបុណ្យនានា ដូចជាចំរើនព្រះជន្ម បច្ច័យបួន ឬបុណ្យធំៗគួរធ្វើឲ្យត្រូវបានបុណ្យច្រើន ។
សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានរំលឹកពុទ្ធបរិស័ទថា ប្រយ័ត្នពេលខ្លះ យើងអស់លុយធ្វើបុណ្យហើយមិនបានបុណ្យទៅជាបានបាបវិញក៏មាន ។
សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានមានថេរដីកាបញ្ជាក់ថា « ឧទាហណ៍ដូចជាយើងដាក់ស្រាទទួលភ្ញៀវ នៅក្នុងធម៌ការឲ្យទានជាសុរានេះមិនត្រឹមតែបានបុណ្យទេ គឺបានបាបទៅវិញ» ។
សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានបន្ថែមថា ញាតិញោមខ្លះខ្លាចគេរិះគន់ថា ពេលយើងធ្វើបុណ្យអត់ដាក់ស្រា ខ្លាចគេថារិះ ប៉ុន្តែការពិតទៅធ្វើបុណ្យអត់មានត្រូវខ្លាចគេថានោះទេ ។ យើងអញ្ជើញភ្ញៀវមក ក៏មិនមែនដើម្បីចង់បានលុយកាក់ពីគេទេ គឺគ្រាន់តែចង់បានការចូលរួម បុណ្យជាមួយយើងប៉ុណ្ណោះ ។
សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានបន្ថែមថា សុរាយើងអាចទទួលទាននៅទីណាក៏បានដែរ មិនគួរយកទៅដាក់នៅរោងបុណ្យនោះទេ ។
ចែករំលែកព័តមាននេះ