រាជធានីភ្នំពេញ៖ នៅរដូវអាកាសធាតុចុះត្រជាក់ មេរោគគ្រុនផ្ដាសាយ តែងតែរាតត្បាតខ្លាំង ដែលបង្កផលរំខានដល់សុខភាព និងការងារប្រចាំថ្ងៃ។ យោងតាមការណែនាំពី មន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងពីវិធីសាស្ត្របង្ការដ៏មានប្រសិទ្ធភាព ដែលយើងគ្រប់រូបត្រូវតែអនុវត្តន៍៖
៥ វិធីសាស្ត្រសំខាន់ៗ ដើម្បីទប់ស្កាត់ការឆ្លងគ្រុនផ្ដាសាយ
ដើម្បីបង្ការកុំឱ្យឆ្លងជំងឺគ្រុនផ្ដាសាយ ឬដើម្បីកាត់បន្ថយការចម្លងមេរោគទៅអ្នកដទៃ អ្នកត្រូវអនុវត្តន៍ដូចខាងក្រោម៖
- ចាក់វ៉ាក់សាំងការពារ:
- ចាក់ថ្នាំបង្ការជំងឺគ្រុនផ្ដាសាយរៀងរាល់ ១ ឆ្នាំម្ដង ព្រោះមេរោគផ្ដាសាយតែងតែផ្លាស់ប្ដូរប្រភេទជាប្រចាំ។
- អនុវត្តន៍អនាម័យផ្លូវដង្ហើម:
- ខ្ទប់មាត់របស់អ្នក ដោយប្រើក្រដាសអនាម័យ ឬកន្សែង នៅពេលក្អក ឬកណ្ដាស់។ បោះចោលក្រដាសភ្លាមៗ ឬខ្ទប់មាត់ដោយប្រើកែងដៃរបស់អ្នក ប្រសិនបើគ្មានក្រដាស។
- លាងដៃឱ្យបានស្អាត:
- លាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬប្រើអាល់កុលលាងដៃ ដើម្បីសម្លាប់មេរោគ។
- សម្អាតសម្ភារៈប្រើប្រាស់:
- សម្អាតសម្ភារៈប្រើប្រាស់ ដែលអ្នកប៉ះពាល់ញឹកញាប់ (ដូចជា ទូរស័ព្ទតុធ្វើការ កូនសោរ) ដើម្បីកាត់បន្ថយការចម្លងរោគ។
- ពាក់ម៉ាស់:
- ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ជាពិសេសនៅពេលអ្នកមានរោគសញ្ញា ឬនៅពេលអ្នកស្ថិតនៅក្នុងទីកន្លែងដែលមានមនុស្សច្រើន។
ភាពត្រជាក់អាចធ្វើឱ្យយើងងាយឆ្លងមេរោគ។ ដូច្នេះសូមយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តអនាម័យ ដើម្បីការពារខ្លួន និងក្រុមគ្រួសារពីជំងឺគ្រុនផ្ដាសាយ៕
ចែករំលែកព័តមាននេះ