រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានថ្លែងថា នឹងពង្រាយនគរបាលចរាចរណ៍ នៅតាមគោលដៅសំខាន់ៗឡើងវិញ ប៉ុន្តែការដាក់តាមគោលដៅ នេះមិនត្រូវបានឲ្យផាកពិន័យនោះទេ គ្រាន់តែអប់រំ ណែនាំដល់អ្នកបើកបរដែលល្មើសច្បាប់តែប៉ុណ្ណោះ ។
លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឲ្យដឹងតាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៥ថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួន ក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍ បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតី នៃគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោកបន្តថា “រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចជាគោលការណ៍ ដើម្បីឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ទូទាំងប្រទេសតែម្តង គឺថាត្រួតពិនិត្យអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ដែលភាសាសាមញ្ញ ដាក់ពង្រាយនគរបាលចរាចរណ៍តាមគោលដៅទូទាំងប្រទេស តែម្តង ជាពិសេសគោលដៅសំខាន់ៗ” ។
ការដាក់នគរបាលចរាចរណ៍ តាមគោលដៅនេះ ត្រូវបានលោកអ្នកនាំពាក្យរង អះអាងថា ដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានមួយជំហាន ហើយអ្វីកាន់ជាពិសេសនោះ ដោយសារតែកត្តាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយ ដែលពុំមានវត្តមាន នៃសមត្ថកិច្ចនគរបាលចរាចរណ៍។ ក្នុងនោះក៏សង្កេត ឃើញថា សណ្តាប់ធ្នាប់ចរាចរណ៍ ក៏ពុំមានរបៀបរៀបរយផងដែរ ។
អ្នកនាំពាក្យរង បានសង្កត់ធ្ងន់ថា ជាមួយនឹងការប្រកាសឲ្យអនុវត្តនូវច្បាប់ចរាចរណ៍ឡើងវិញនេះ គឺនគរបាលចរាចរណ៍ មិនតម្រូវឲ្យផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទេ គ្រាន់តែអប់រំ ផ្សព្វផ្សាយដល់ពួកគាត់ ឲ្យបានយល់ពីច្បាប់ចរាចរណ៍ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ត្រឹមតែរយៈពែល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមក មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០នាក់៕

ចែករំលែកព័តមាននេះ