រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នៅក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ កាលពីពេលថ្មីៗនេះ, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងសារដ៏មានទម្ងន់ទាក់ទងនឹងការបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិ។
ថ្លែងនៅសាលាមធ្យមវិចិត្រសិល្បៈ ចំពោះមុខអង្គពិធីដែលប្រមូលមូលនិធិគាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ, លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព, នឹងទទួលរងការចុះនរក ៣២ ជាន់ រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ យើងសង្ឃឹមថា បណ្ដាសារ ទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង»។
លោកជំទាវបានបន្ថែមថា៖«នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារ្យតកូនតចៅ»។
នៅចំពោះមុខស្ថានភាពដ៏លំបាកដែលប្រទេសកំពុងជួបវិបត្តិឈ្លានពាននេះ, លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យ៖ រួបរួមកម្លាំងសាមគ្គីគ្នា ជាកម្លាំងតែមួយ និង បន្តគាំទ្រ និងជឿជាក់ លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេស។
ក្នុងឱកាសនោះដែរ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានរួមចំណែកចូលរួមជួយក្នុងខណៈពេលប្រទេសកំពុងជួបវិបត្តិឈ្លានពាននេះផងដែរ៕
ចែករំលែកព័តមាននេះ