ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ បើករថយន្ត​បំពាក់​ឧបករណ៍​ផ្តាច់​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត ហើយ​ផ្ញើ​សារ SMS ផ្សាយ​ល្បែង​ និង​ឆបោក

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ឧបករណ៍​ផ្តាច់​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត ហើយ​ផ្ញើ​សារ SMS (FAKE Base Transceiver Station) ។

បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ០៣​នាក់ រួម​មាន ៖ ១.​ឈ្មោះ ឡុ​.​រ ២.​ឈ្មោះ ខ​.​ប​.​ប និង​៣.​ឈ្មោះ ក​.​ច​.​រ ដែល​កំពុង​ធ្វើ​សកម្មភាព​បើកបរ​រថយន្ត ដែល​បំពាក់​ឧបករណ៍​ផ្តាច់​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត ហើយ​ផ្ញើ​សារ SMS ដែល​ផ្សព្វផ្សាយ​អំពី​ល្បែងស៊ីសង​ខុសច្បាប់​តាម​អន​ឡាញ និង​ក្លែង​គេហទំព័រ​បន្លំ​ជា​ក្រុមហ៊ុន​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ដែល​មាន​ខ្លឹមសារ​បំភិតបំភ័យ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​គណនី​តេ​ឡេ​ក្រាម ដើម្បី​បោក​បញ្ឆោត​យក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ម្ចាស់​គណនី ក្នុង​គោលបំណង​ចូល​គ្រប់គ្រង​គណនី ឈាន​យក​ទៅ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

តាម​ការ​សាកសួរ ជនសង្ស័យ​ទាំង ០៣​នាក់ បាន​ចូល​ធ្វើការ​ជា​អ្នក​បើករថយន្ត បំពាក់​ឧបករណ៍​ផ្តាច់​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត ហើយ​ផ្ញើ​សារ SMS (FAKE Base Transceiver Station) ក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០២៥ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៣​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​សារ​ធារ​ណ​ជន សូមកុំ​ចុច​លើ​តំណ​ភ្ជាប់​ណាមួយ ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ដែល​តម្រូវ​ឱ្យ​យើង​បំពេញ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ឱ្យ​សោះ ជៀសវាង​ជន​អានា​មិ​ក​អាច​គ្រប់គ្រង​ទិន្នន័យ ឬ​គណនី​ផ្សេង​ៗ​របស់​យើង​បាន ឈាន​ដល់​ការ​ប្រឈម​ហានិភ័យ​នានា ដោយ​ប្រការ​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ