ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​បដិសេធ​ដាច់ខាត ​រាល់​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ​ថា យោធា​កម្ពុជា​ដាក់​មិន​ថ្មី

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បដិសេធ​ដាច់ខាត ចំពោះ​រាល់​ការ​ចោទប្រកាន់​ណាមួយ​ពី​ភាគី​ថៃ ដែល​ថា យោធា​កម្ពុជា បាន​ដាក់​មិន​ថ្មី នេះសេចក្តីថ្លែងការណ៍ ស្តី​ពី​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​ថៃ ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ផ្ទុះ​មីន​នៅ​តំបន់​ព្រំដែន​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បដិសេធ​ដាច់ខាត ចំពោះ​រាល់​ការ​ចោទប្រកាន់​ណាមួយ​ពី​ភាគី​ថៃ ដែល​ថា យោធា​កម្ពុជា បាន​ដាក់​មិន​ថ្មី នេះ
សេចក្តីថ្លែងការណ៍ ស្តី​ពី​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​ថៃ ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ផ្ទុះ​មីន​នៅ​តំបន់​ព្រំដែន​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) ។

ថ្លែងការណ៍​របស់​អាជ្ញាធរ​មីន នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០២៥ បាន​កត់សម្គាល់ នូវ​ការ​ចែកចាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​គ្មាន​ការ​ពិត មក​លើ​កម្ពុជា ថា បាន​ដាក់​មិន​ថ្មី នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ ការ​ចោទប្រកាន់​ទាំងនេះ ជា​ថ្មី​ម្តងទៀត ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​គ្មាន​របាយការណ៍​ស៊ើបអង្កេត​ផ្លូវការ មិន​មានការ​ផ្ទៀងផ្ទាត់​រួម​គ្នា និង​គ្មាន​ការពិគ្រោះ​យោបល់​តាម​រយៈ​យន្តការ​ទ្វេភាគី ដែល​បាន​ព្រមព្រៀង​គ្នា​នោះ​ឡើយ ។

ថ្លែងការណ៍​បញ្ជាក់​ថា ៖ “​កម្ពុជា​បដិសេធ​ដាច់ខាត ចំពោះ​រាល់​ការ​ចោទប្រកាន់​ណាមួយ ដែល​ថា យោធា​កម្ពុជា​បាន​ដាក់​មិន​ថ្មី​។ កម្ពុជា នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ក្រប​ខណ្ឌ​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​គូ​ឡា​ឡាំ​ពួ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​គ្រប់​យន្តការ​ទ្វេភាគី​ទាំងអស់​ជាមួយ​ថៃ​” ។

ប្រភព​បាន​លើក​ឡើង​ថា ទាក់ទង​នឹង​ការ​លើក​ឡើង​អំពី “​មីន​ប្រភេទ PMN-2 ទើបត្រូវ​បាន​ដាក់​ថ្មី​” កម្ពុជា​សូម​គូសបញ្ជាក់​ថា ការ​លើក​ឡើង​នេះ ត្រូវ​តែ​គាំទ្រ​ដោយ​របាយការណ៍​បច្ចេកទេស​ផ្លូវការ រួម​ជាមួយ​រូបថត ដែល​មានការ​ផ្ទៀងផ្ទាត់ ត្រឹមត្រូវ របាយការណ៍ នៃ​ការ​ប្រមូល​និង​រក្សា​ទុក​ភស្តុ​តាង ការ​វិភាគ​ទីតាំង​ផ្ទុះ ទិន្នន័យ GIS ដែល​មាន​កំណត់​ត្រា​ពេលវេលា និង​ការ​វាយតម្លៃ​ដោយ​អង្គការ​សកម្មភាព​មិន​ភាគី​ទី​បី​ដែល​អព្យាក្រឹត​។ មក​ទល់​បច្ចុប្បន្ន កម្ពុជា​មិន​ទាន់​ទទួល​បាន​របាយការណ៍​ណាមួយ តាម​រយៈ​បណ្តាញ​ផ្លូវការ​ណាមួយ​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ ការ​អះអាង​ពាក់ព័ន្ធ​នឹង​ការ​រើស​បាន “​ទូរ​សព្ទ​របស់​ទាហាន​កម្ពុជា​” កម្ពុជា សូម​សម្តែង នូវ​ក្តី​ព្រួយបារម្ភ ចំពោះ​ភាព​ពិត​នៃ​រូបភាព ព្រោះ​ព័ត៌មាន និង​ភស្តុ​តាង ដែល​បាន​លើក​ឡើង​ដោយ​ថៃ មិន​ត្រូវ​បាន​បញ្ជូន​មក​កាន់​កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ឬ​ក្រុមការងារ​សម្របសម្រួល ចម្រុះ (JCTF) ហើយ​ក៏​មិន​មានការ​ស្នើ​សុំ​ណាមួយ​ឱ្យ​កម្ពុជា ផ្ទៀងផ្ទាត់​រូបភាព​ផង​ដែរ​។ បច្ចុប្បន្ន រូបភាព ឬ​វី​ឌី​អូ អាច​ត្រូវ​បាន​កែប្រែ​ដើម្បី​បំភាន់ ដែល​ទាមទារ​ឱ្យ​មានការ​ពិនិត្យ​ច្បាស់លាស់​។ កម្ពុជា​ទទួលយក​តែ​ភស្តុ​តាង​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ និង​ធ្វើ​ឡើង​ដោយ​ក្រុមការងារ​ចម្រុះ​តែ​ប៉ុណ្ណោះ ។

ប្រភព​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ភាគី ដែល​បាន​ស្នើ​សុំ​ការ​គាំទ្រ និង​អន្តរាគមន៍​ពី​អាស៊ាន កម្ពុជា​កោតសរសើរ​ចំពោះ​តួនាទី​របស់ អាស៊ាន ក្នុង​ការ​សម្របសម្រួល​កិច្ច​សន្ទនា និង​ការ​រក្សា​ស្ថិរភាព​ក្នុង​តំបន់ ក៏​ប៉ុន្តែ​កម្ពុជា​សូម​បញ្ជាក់​ជូន​ថា មក​ទល់​ពេល​បច្ចុប្បន្ន កម្ពុជា​មិន​ទាន់​ទទួល​បាន​របាយការណ៍​ផ្លូវការ​ណាមួយ ហើយ​កម្ពុជា នឹង​មិន​ទទួលយក​ការ​វាយតម្លៃ​ណាមួយ ដែល​មិន​អនុលោម​តាម​នីតិវិធី​ព្រមព្រៀង​គ្នា នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​នោះ​ទេ ។

កម្ពុជា​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់ខ្ជាប់ នូវ​គោលនយោបាយ និង​គោលការណ៍​របស់​ខ្លួន ដោយ​មិន​មានការ​ប្រើប្រាស់​មីន ប្តេជ្ញា​សម្រេច​ឱ្យ​បាន​អនាគត​មួយ ដែល​គ្មាន​មីន និង​គាំទ្រ​ឱ្យ​មានការ​វិភាគ​ចំពោះ​រាល់​ឧប្បត្តិហេតុ ប្រកបដោយ​វិជ្ជាជីវៈ តាម​បែប​វិទ្យាសាស្ត្រ និង​មាន​ភាព​យុត្តិធម៌ ។

កម្ពុជា អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​រួម​គ្នា​ជា​បន្ទាន់ ដោយ​មានការ​ចូលរួម​ពី​អ្នកជំនាញ​អន្តរជាតិ​អព្យាក្រឹត ដើម្បី​ធានា​បាន​នូវ​ការ វាយតម្លៃ​ត្រឹមត្រូវ និង​ផ្អែក​លើ​ភស្តុ​តាង ។

អាជ្ញាធរ​មីន សម្តែង​នូវ​ការ​សោកស្តាយ ដែល​ការ​ចោទប្រកាន់​របស់​ថៃ ម្តង​ហើយ ម្តងទៀត ត្រូវ​បាន​ចេញផ្សាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​មិន​មានការ​ជូន​ជា​ដំណឹង​មក​កម្ពុជា តាម​រយៈ​យន្តការ​ទ្វេភាគី​។ ទ​ង្វើ ជា​ឯកតោភាគី​នេះ បាន​បំផ្លាញ​ទំនុកចិត្ត បង្ក​ឱ្យ​មានការ​យល់​ច្រឡំ​ជា​សាធារណៈ និង​បង្ក​ភាព​ស្មុគស្មាញ ដល់​ការងារ​របស់​ក្រុមបច្ចេកទេស ដែល​កំពុង​អនុវត្ត​ការងារ​ផ្ទាល់ ។

កម្ពុជា នៅ​តែ​ប្តេជ្ញា ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដោយ​សន្តិភាព តម្លាភាព និង​នាំ​មក​នូវ​សុវត្ថិភាព ជូន​ទាំង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ