ខេត្តព្រៃវែង ៖ អាជ្ញាធរបន្តបិទចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវខេត្តលេខ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។

ការបន្តបិទចរាចរណ៍នេះ ខណៈនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ស្ថានភាពទឹកជំនន់បានស្រកចុះ៣តឹក (ធៀបនឹងម្សិលមិញ) ខណៈដែលទឹកនៅបានបន្តបុកទម្លុះច្រោះតួផ្លូវខេត្តលេខ៣៨៣បេចំនួនពីរកន្លែងទៀតនៅក្បែរនោះ។

ទាក់ទិននិងករណីនេះ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងបន្តតាមដានការវិវឌ្ឍន៍ស្ថានភាពនោះ ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

យោងតាមសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្វាយ ឃុំរកា ដល់ ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែងរបស់មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងបានលើកឡើងថា ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្តាល ឱ្យប៉ះពាល់កំណាត់ផ្លូវខេត្តលេខ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែល ស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់មានសភាពហូរច្រោះ និងកាត់ផ្តាច់ មិនអាចធ្វើចរាចរណ៍បាន។

ប្រភពបញ្ជាក់ថា «ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្នលើកំណាត់ផ្លូវខេត្តលេខ៣៨៣បេ នៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី» ៕
ចែករំលែកព័តមាននេះ