ខេត្តមណ្ឌលគិរី ៖ ដើម្បីថែរក្សាការពារដីព្រះរាជដំណាក់ចាស់ដែលនៅសល់តែគ្រឹះ មានទីតាំងនៅជិតទឹកជ្រោះដំណាក់ស្តេច និងជាកេរ្តិ៍ដែលបន្សល់ទុកតាំងពីជំនាន់អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ កាលពីសប្តាហ៍ទីមួយនៃខែតុលានេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បាននាំយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ព្រះរាជទ្រព្យ) ប្រគល់ជូនក្រសួងព្រះបរមរាជវាំង ។

លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានឲ្យដឹង កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា នៅទូទាំងខេត្តមណ្ឌលគិរី មានដីព្រះរាជទ្រព្យតែមួយកន្លែងប៉ុណ្ណោះ ដែលមានទំហំ៥២០៧៨ម៉ែត្រការ៉េ ឬស្មើនិងជាងប្រាំហិចតា ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ដើម្បីប្រគល់ជូនក្រសួងព្រះព្រះបរមរាជវាំង ។

ជុំវិញរបស់រាជវាំងខាងលើនេះ លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានថ្លែងបញ្ជាក់នាព្រឹកថ្ងៃទី៦ ខែកក្កដា ថា ទាក់ទិនដីព្រះរាជទ្រព្យនេះ ខាងរដ្ឋបាលខេត្តក៏មិនទាន់ បានដឹងច្បាស់អំពីការអភិវឌ្ឍអ្វីដែរ ។ ប៉ុន្តែគ្រាន់ថា រាជវាំងក៏ដូចជាក្រសួងមួយដែរ គឺក្រសួងព្រះបរមរាជវាំង អ៊ីចឹងហើយជាធម្មតាក្រសួងឬព្រះរាជវាំងតែងតែមានសារពើភណ្ឌរបស់ខ្លួន ទោះបីជាមិនមានការអភិវឌ្ឍន៍ ឬមានការអភិវឌ្ឍន៍អីនោះ គឺក្រសួងព្រះបរមរាជវាំងគាត់ អាចចុះបញ្ជីជាទ្រព្យសម្បត្តិរបស់ព្រះបរមរាជវាំងបាន។

អ្នកនាំពាក្យបានបន្តថា ការអភិវឌ្ឍអីផ្សេងៗហ្នឹងជាផែនការ ឬក៏ជាការគិតគូរ ការរៀបចំនៃព្រះបរមរាជវាំង អ៊ីចឹង!យើងហើយយើងជាអាជ្ញាធរខេត្ត ក៏អត់ទាន់បានទទួលព័ត៌មានពីព្រះបរមរាជវាំងថា តើព្រះបរមរាជវាំង និងមានផែនការអភិវឌ្ឍន៍ធ្វើអីឬយ៉ាងណានោះទេ?

ដូច្នេះ អាជ្ញាធរបានត្រឹមរៀបចំការចុះបញ្ជីដីជាទ្រព្យសម្បត្តិនៃព្រះបរមរាជរាំង តែយើងដែលជាថ្នាក់ខេត្តទាំងអស់ និងរង់ចាំទទួលបទបញ្ជា ក៏ដូចជាការសហការ និងការសម្រុះសម្រួល ប្រសិនបើមានការអភិវឌ្ឍន៍អីមួយនៅក្នុងដីរបស់ព្រះបរមរាជវាំងខាងលើនេះ ។
យោងតាមប្រវត្តិនៃដីព្រះរាជដំណាក់ចាស់របស់សម្តេចឪ ដែលកោះសន្តិភាពស្រាវជ្រាវបានឯកសារនានា និងប្រភពរដ្ឋបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា ប្រវត្តិដីអតីតព្រះរាជដំណាក់របស់សម្ដេចព្រះនរោត្តម សីហនុ នៅក្នុងខេត្តមណ្ឌលគិរី គឺពិតជាមានសារសំខាន់ណាស់ ព្រោះវាភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រនៃការកកើតខេត្តនេះតែម្ដង។

ព្រះរាជដំណាក់នេះ ត្រូវបានកសាងឡើងនៅក្នុងអំឡុង សម័យសង្គមរាស្ត្រនិយម (ឆ្នាំ១៩៥៥-១៩៧០) ដែលជាសម័យកាលដែលព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) បានដឹកនាំប្រទេស ។ ហើយខេត្តមណ្ឌលគិរី ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៦១ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គផ្ទាល់ ។ ការកសាងព្រះរាជដំណាក់ គឺដើម្បីបម្រើជាទីកន្លែងសម្រាប់ព្រះអង្គយាងគង់ប្រថាប់ និងសម្រាកលំហែកាយ នៅពេលដែលព្រះអង្គយាងចុះត្រួតពិនិត្យការងារ និងអភិវឌ្ឍន៍ខេត្តដែលទើបបង្កើតថ្មីមួយនេះ។

ស្ថានភាពបច្ចុប្បន្ន អគារព្រះរាជដំណាក់ដើម មិនមានរូបរាងពេញលេញដូចដើមទៀតទេ។ នៅសល់ត្រឹមតែ គ្រឹះបន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែការបោះបង់ចោល ការខ្វះការថែទាំក្នុងសម័យសង្គ្រាម និងការលុកលុយរបស់ព្រៃឈើ និងរុក្ខជាតិ ។ ទីតាំងនេះ បានក្លាយទៅជាទីតាំងប្រវត្តិសាស្ត្រមួយដែលបង្ហាញពីស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋក្នុងការបង្កើត និងអភិវឌ្ឍន៍ខេត្តភាគឦសាននេះ។

ព្រះរាជដំណាក់នៅមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃបណ្ដាព្រះរាជដំណាក់ជាច្រើនដែលព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានកសាងឡើងនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា ដើម្បីបង្ហាញពីវត្តមានរបស់ព្រះមហាក្សត្រ និងដើម្បីជំរុញការអភិវឌ្ឍនៅតាមតំបន់ដាច់ស្រយាល ៕

ចែករំលែកព័តមាននេះ