ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​រឿងចម្រូងចម្រាស​ករណីមេប៉ុស្តិ៍ផ្ទុះ​អា.វុ.ធ​ គ្រួសារ​យុវជន​រងគ្រោះ​ថា បា.ញ់ ខាង​នគរ​បាល​​ថា រៀលកៃ​

53 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពោធិ៍​អង្គ្រង បាន​ត្រូវ​សាច់ញាតិ​ក្រុមគ្រួ​សារ​​​យុវជន​រង​គ្រោះ​ចោទ​ថា យក​កាំភ្លើង​បាញ់​យុវជន​ម្នាក់​ចំ​ដើមទ្រូង​បណ្តាល​ឱ្យ​ស្លាប់ ពេល​ត្រឡប់​មក​ពី​ទិញ​ទឹកកក​វិញ ។ ទោះបីជា​បែប​ណា សមត្ថកិច្ច​ឆ្លើយ​តប​ថា ពេល​ដែល​លោកនាយ​ប៉ុស្តិ៍​ដឹកនាំ​កងកម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន…

ខេត្តកំពង់ស្ពឺ ៖ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពោធិ៍​អង្គ្រង បាន​ត្រូវ​សាច់ញាតិ​ក្រុម
គ្រួ​សារ​​​យុវជន​រង​គ្រោះ​ចោទ​ថា យក​កាំភ្លើង​បាញ់​យុវជន​ម្នាក់​ចំ​ដើមទ្រូង​បណ្តាល​ឱ្យ​ស្លាប់ ពេល​ត្រឡប់​មក​ពី​ទិញ​ទឹកកក​វិញ ។

ទោះបីជា​បែប​ណា សមត្ថកិច្ច​ឆ្លើយ​តប​ថា ពេល​ដែល​លោកនាយ​ប៉ុស្តិ៍​ដឹកនាំ​កងកម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន ក៏​បាន​ជួប​យុវជន​រង​គ្រោះ​។ ដោយ​ចាត់​ទុក​ថា​ជា​ជនសង្ស័យ ក៏​ហៅ​ឱ្យ​ឈប់ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ឈប់ ក៏​ជិះ​ម៉ូតូ​បុក​នាយ​ប៉ុស្តិ៍​ដែល​ស្ទុះ​មក​ឃាត់ ប៉ះ​កាំភ្លើង​រៀលកៃ​ផ្ទុះ​១​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់ ។

បាតុភាព​នេះ​បាន​ផ្ទុះ​ឡើង​ពេញ​បណ្ដាញ​សង្គម ដោយ​មានការ​ចោទប្រកាន់​ខ្លាំង​ៗ​លើ​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ពោធិ៍​អង្គ្រង ថា​ផ្ទុះ​កាំភ្លើង​អាកា​១​គ្រាប់​ចំ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ភ្លាម​នៅ​នឹង​កន្លែង ។ ករណី​ខាងលើ កើតឡើងកាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣ ខែតុលា​ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​គ្រញូង ឃុំ​ពោធិ៍​អង្គ្រង ស្រុក​ប​សេដ្ឋ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​យុវជន​រង​គ្រោះ​និយាយ​ថា មាន​ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ស្លាប់​ជន​រង​គ្រោះ​ឈ្មោះ ផា រ៉ា​យុ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១០ រស់នៅ​​ក្នុងភូមិ​ព្រៃ​ស្រូល ឃុំ​ពោធិ៍​អង្គ្រង ស្រុក​ប​សេដ្ឋ ។ នៅ​មុន​ពេល​កើតហេតុ ផា រ៉ា​យុ បាន​ជិះ​ម៉ូតូឌុប​មិត្តភក្តិ​ទៅ​ទិញ​ទឹកកក ដើម្បី​យក​មក​ហូប​ជួបជុំ​មិត្តភក្តិ​បងប្អូន ។ លុះ​ពេល​ត្រឡប់​មក​វិញ ដោយសារ​យប់​ងងឹត​ផង​នោះ ឃើញ​មាន​មនុស្ស​៣​ទៅ​៤​នាក់​នៅ​ឈរ​ចំ​ពីមុខ​ពួក​គេ ស្រែក​ឱ្យ​ឈប់​ម៉ូតូ ពួក​គេ​ភ័យ ក៏​បត់​ម៉ូតូ​ត្រឡប់​ថយក្រោយ​វិញ ។

ពេល​នោះ បាន​ជួបនឹង​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពោធិ៍​អង្គ្រង បាន​បាញ់​ទៅ​លើ​យុវជន ផា រ៉ា​យុ ចំ​ដើមទ្រូង ហើយ​យុវជន​រង​គ្រោះ​បាន​ស្រែ​កថា រូបគេ​ត្រូវ​១​គ្រាប់​ចំ​ដើមទ្រូង​ហើយ និង​បន្ថែម​ល្បឿន​ម៉ូតូ​រត់ ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ស្លាប់​ភ្លាម​តែ​ម្តង ។
តាម​ប្រភព​ដដែល​នេះ​បន្ត​ថា ក្រោយ​កើតហេតុ ក្រុម​លោកនាយ​ប៉ុស្តិ៍​បាន​រត់គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​អស់​ទៅ ឯ​សាច់ញាតិ​ក្រុមគ្រួ​សារបាន​នាំ​គ្នារ​ត់ទៅ​លើកសព​យុវជន​រង​គ្រោះ​យក​មក​ដាក់​នៅផ្ទះ និង​ដាក់​ពាក្យបណ្តឹង​ភ្លាម​ៗ ដើម្បី​ឱ្យ​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ជួយ​រក​យុត្តិធម៌​ឱ្យ​យុវជន​រង​គ្រោះជា​កូន​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍​ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ពោធិ៍​អង្គ្រង​ចំនួន​៥​នាក់ ដែល​ដឹកនាំ​ដោយ​លោក ទ្រី បូ​រិ​ន អាយុ​៣៨​ឆ្នាំ ជា​នាយ​ប៉ុស្តិ៍ បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន ។ ខណ​:​នោះ មានមុខ​សញ្ញា​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ក៏​ហៅ​ឲ្យ​ឈប់​ដើម្បី​ពិនិត្យ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ឈប់ និង​បាន​បត់​ត្រឡប់​ក្រោយ​ប៉ះ​នឹង​លោក ទ្រី បូ​រិ​ន ជា​នាយ​ប៉ុស្តិ៍ បណ្តាល​ឲ្យ​រៀល​កៃកាំភ្លើង​អាកា​១​គ្រាប់ ត្រូវ​ចំ​ទ្រូង​ឆ្វេង​ឈ្មោះ ផា រ៉ា​យុ បណ្តាល​ឲ្យ​ស្លាប់ ។

ក្រោយ​កើតហេតុ លោក ទ្រី បូ​រិ​ន បាន​យក​កាំភ្លើង​និង​ប្រគល់​ខ្លួន​ជូន​លោក​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។លោក ទ្រី បូ​រិ​ន និយាយ​ថា នៅ​ពេល​មានហេតុការណ៍​កើតឡើង ដោយ​ឃើញ​ក្មេង​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ គាត់​បាន​លើក​កាំភ្លើង​ឡើង​លើ ដើម្បី​គំរាម​ឲ្យ​ក្រុម​ក្មេង​នេះ​ឈប់​ម៉ូតូ តែ​បណ្តាល​ឲ្យ​រៀលកៃ​ផ្ទុះ​១​គ្រាប់ ត្រូវ​ជន​រង​គ្រោះ​តែ​ម្តង ។

លោក ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ត និយាយ​ថា នេះ​គ្រាន់តែ​ជា​ការ​សួរនាំ​ព័​ត៌មាន​បឋម​នោះ​ទេ ឥឡូវ​នាយ​ប៉ុស្តិ៍​នគរបាល​រូប​នេះ ត្រូវ​បាន​ឃាត់ខ្លួន​ហើយ ។ លោក​កំពុង​សួរនាំ​បន្ថែម​ទៀត ដើម្បី​ឱ្យ​បានដឹង​ព័ត៌មាន​ច្បាស់លាស់ ។ យោង​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បានឱ្យ​ដឹង​ថា លោក​អនុសេនីយ៍ឯក ទ្រី បូ​រិ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល
ឃុំ​ពោធិ៍​អង្គ្រង ត្រូវ​បាន​នាំ​ខ្លួន​មក​ដល់​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត​ហើយ ដើម្បី​អនុវត្ត​នីតិវិធី សាកសួរ និង​ស្នើ​សុំ​គោលការណ៍​ថ្នាក់​នាំ​ចាត់ការ​តាម​ផ្លូវច្បាប់ ចំពោះ​សកម្មភាព​ដែល​បាន​បង្ក​ឱ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​បញ្ជាក់​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ចំពោះ​ករណី​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត នឹង​ធ្វើការ​ដោយ​យុត្តិធម៌ និង​ធានា​ផ្តល់​ការ​ជឿជាក់​ដល់​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ