ទីក្រុងប៊ែឡាំង៖ ថ្មីៗនេះ ចៅហ្វាយក្រុងម្នាក់របស់អាល្លឺម៉ង់ត្រូវជនមិនស្គាល់មុខយកកាំបិតចាក់ឡើងសុះសាច់ស្ទើរស្លាប់ស្ទើររស់ ឥឡូវនេះ កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ សារព័ត៌មានក្នុងស្រុកផ្សាយថាជនដៃដល់មានគ្នាច្រើននាក់សម្រុកចាក់ទៅលើចៅហ្វាយក្រុងដោយឥតបន្ធូរដៃ។ លោកស្រីអាយរីស ស្តាល់ហ្សឺ (Iris Stalzer) ដែលទើបតែជាប់ឆ្នោតជាចៅហ្វាយក្រុងហ៊ែដេខឺ (Herdecke) ត្រូវបានកូនប្រុសរបស់លោកស្រីប្រទះឃើញរងរបួសយ៉ាងធ្ងន់ធ្ងរ។
ស្ត្រីវ័យ៥៧ឆ្នាំរូបនេះប្រាប់កូនប្រុសរបស់លោកស្រីថាមានបុរសជាច្រើននាក់វាយប្រហារមកលើលោកស្រីតែម្នាក់ឯងនៅពេលលោកស្រីធ្វើដំណើរនៅតាមផ្លូវ។ លោកស្រីថ្លែងបន្តទៀតថាពួកគេចាក់លោកស្រីត្រូវចំពោះ និងខ្នង។ ក្រោយហេតុការណ៍នេះ នគរបាលអាល្លឺម៉ង់ចាប់ផ្ដើមបើកប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យដើម្បីយកទៅផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ដំណឹងនេះបានលេចឮដល់អធិការបតីអាល្លឺម៉ង់ លោកហ្វ្រីតរីចម៊ែករួចហើយ (Friedrich Merz)។ លោកបានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាលោកបានទទួលដំណឹងថាមានករណីវាយប្រហារដ៏គួរឱ្យស្អប់ខ្ពស់មួយកើតឡើងនៅទីក្រុងហ៊ែដេខឺ (Herdecke)។ យើងកំពុងបារម្ភអំពីសុខទុក្ខរបស់លោកស្រីអភិបាលក្រុងរូបនេះ ខ្លាចលោកស្រីគ្រោះថ្នាក់ដល់អាយុជីវិត។
លោកសង្ឃឹមថាលោកស្រីអភិបាលក្រុងនឹងជាសះស្បើយពីមុខរបួសឡើងវិញនាពេលខាងមុខនេះ។ លោកម៊ែកសរសេររៀបរាប់បន្តទៀតថាអារម្មណ៍របស់លោកនៅតែដិតជាប់នឹងក្រុមគ្រួសាររបស់លោកស្រី និងមនុស្សជាទីស្រឡាញ់របស់លោកស្រីជានិច្ច។ លោកស្រីអាយរីស ស្តាល់ហ្សឺជាប់ឆ្នោតជាអភិបាលក្រុងហ៊ែដេខឺកាលពីថ្ងៃទី២៨ ខែកញ្ញាដោយទទួលបានសំឡេងគាំទ្រ៥២%។ នេះបើតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ