ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បែក​ថ្នាំ​លើកដៃ​អារ.ក​ប្រពន្ធ​និង​កូន​តូច​៩​ខែ​ស្លា.ប់​ក្នុងថ្លុកឈាម​ សំណាងណាស់​​ក្មួយ​អាយុ​៣​ឆ្នាំ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​​ជីវិត

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ អាច​ចាត់ទុកជា​អំពើ​សាហាវឃោរឃៅ​ដោយ​បុរស​ម្នាក់​បែក​ថ្នាំ​ និង​ញៀន​សុរាពេល​ផឹក​ស្រវឹង​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា ដោយ​យក​កាំបិតចិតបន្លែ​មក​អារ.​កប្រពន្ធ​និង​កូន​តូច​អាយុ៩ខែ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ​។ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៧ ​តុលា​ ឆ្នាំ…

ខេត្តកំពង់ចាម​ ៖ អាច​ចាត់ទុកជា​អំពើ​សាហាវឃោរឃៅ​ដោយ​បុរស​ម្នាក់​បែក​ថ្នាំ​ និង​ញៀន​សុរាពេល​ផឹក​ស្រវឹង​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា ដោយ​យក​កាំបិតចិតបន្លែ​មក​អារ.​កប្រពន្ធ​និង​កូន​តូច​អាយុ៩ខែ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ​។

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៧ ​តុលា​ ឆ្នាំ ២០២៥ នៅ​ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ​ ។ ក្រោយ​ពី​មាន​ករណី​ឃាតកម្ម​នេះ​ កើតឡើង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ជា​បន្ទាន់​ចាប់​បុរស​បែក​ថ្នាំ​ និង​នាំ​ក្មួយ​ស្រី​អាយុ​៣​ឆ្នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

លោក​វរសេនីយ៍ឯក ​ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​ប្រាប់​ឲ្យ​ដឹងថា កម្លាំង​ប៉ុស្តិ៍​មាន​ជ័យ​បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ​អ៊ឹម អឿ​ន ភេទ​ប្រុស នៅ​ភូមិ​មាន់​ដប់​លើ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ទូរស័ព្ទ​មក​ប្រាប់​ថា ​នៅផ្ទះ​ម៉ីង សុផល អាយុ​៥៩​ឆ្នាំ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ  ​មាន​កើតករណី​ឃាតកម្ម​ដោយ​ប្ដី​សម្លាប់​ប្រពន្ធ​និង​កូនស្រី​តូច​ម្នាក់ នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​ខ្លួន​បាន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ផង​របង​ជាមួយ​។

អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បន្ត​ថា ចំពោះ​ហេតុការណ៍​គឺ​ដំណើររឿង​ដូច​ខាងក្រោម​៖​នៅ​ថ្ងៃ​ទី០៧ ​ខែតុលា​ ឆ្នាំ​២០២៥ មានឈ្មោះ​សឿ​ន ហេង​លាភ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ស្រង់​ អ៊ី​ហ្វុ​ង អាយុ​២៥​ឆ្នាំ​ រស់នៅ​ខាង​ប្រពន្ធ​ភូមិ​ទ្រាំង​ក្រោម ឃុំ​តា​អែក ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​ចេញពីផ្ទះ​មក​យក​ក្មួយ​ស្រី​ឈ្មោះ​ឃី សេរី​កាន់​យ៉ា អាយុ​៣​ឆ្នាំ នៅ​ភូមិ​ត្រាំ​ង​លើ ឃុំ​តា​អែក ​​ដឹក​ម៉ូតូ​ទាំង​​ប្រពន្ធ​សំដៅ​មក​ភូមិ​មាន់​ដប់​លើ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម លុះ​រហូត​ដល់​ម៉ោង​ប្រហែល​៣​រសៀល​ជាង​ឈ្មោះ​សឿ​ន ហេង​លាភ ជា​ប្ដី​រៀង​ស្រវឹងស្រា មាន​ប្រវត្តិ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​បែក​ថ្នាំ បាន​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​ ហើយ​ក៏​បាន​យក​កូនកាំបិត​ចុង​ស្រួច​ប្រភេទ​កាំបិត​ចិតបន្លែ អារ.ក​ប្រពន្ធ​ឈ្មោះ​ស្រុង អ៊ីហ្វុ​ង បណ្ដាល​ឱ្យ​ស្លាប់​ និង​កូនស្រី​ឈ្មោះ​លាភ លី​ន​ដា​អាយុ​៩​ខែ បណ្ដា​លឱ្យ​ស្លាប់​នៅ​នឹង​មុខ​ផ្ទះ​ ។ ​ហើយនឹង​អារ.​ក​ក្មួយ​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ឃី សេរី​កាន់​យ៉ា អាយុ​៣​ឆ្នាំ ឲ្យ​របួសធ្ងន់​ ។​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ និងបញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ ។

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​​នោះភ្លាម កម្លាំង​ប៉ុស្តិ៍​ក៏​រដ្ឋបាល​មាន​ជ័យ​ និង​កម្លាំង​ប្រជា​ការ​ពារ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​រាយការណ៍​ជូន​រូប​លោក និង​បាន​សុំ​គោលការណ៍​ពី​​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្តបាន​បញ្ជា​អោយ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ចាម​ និង​បច្ចេកទេស​វិទ្យាសាស្ត្រចុះ​មក រួច​ក៏​ឃាត់​ជនសង្ស័យ​បាន​នៅ​កន្លែង​កើតហេតុ​បញ្ជូន​មក​អធិការដ្ឋាន​ ដើម្បី​ធ្វើការ​សាកសួរ​តែ​ជនសង្ស័យ​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់​។

​ទោះបី​​យ៉ាងណា​ក៏​ដោយ​ នឹង​ធ្វើការ​ស៊ើបអង្កេត​ចងក្រង​សំណុំ​រឿង​តាម​នីតិវិធី​ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ តាម​បញ្ជា​របស់​ឯកឧត្តម​វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។

​សូម​បញ្ជាក់​ថា ​គិត​រហូត​មក​ដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៨​ តុលា នេះ បុរស​ជា​ឃាតករ​រូប​​នៅ​តែ​មិន​ព្រម​ឆ្លើយ​សារភាព​ពី​ទោស​កំហុស​របស់​ខ្លួន​ឡើយ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ