ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​កម្ពុជា​ថ្កោលទោស​ពី​ទ​ង្វើ​គ្មាន​ការ​គោរព និង​គ្មាន​សីលធម៌​របស់​ជនជាតិ​ថៃ​មួយ​ចំនួន​មក​លើស​ម្តេច​តេ​ជោ និង​ឥស្សរជន​ផ្សេង​ទៀត​របស់​កម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សម្តែង​នូវ​ការ​សោកស្តាយ​ជា​ពន់ពេក និង​បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត​​ចំពោះ​ទ​ង្វើ​វាយប្រហារ និង​គ្មាន​ការ​គោរព​ប្រព្រឹត្ត​មក​លើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ឥស្សរជន​កម្ពុជា​ផ្សេង​ទៀត​នា​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ​ ៖ ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សម្តែង​នូវ​ការ​សោកស្តាយ​ជា​ពន់ពេក និង​បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត​​ចំពោះ​ទ​ង្វើ​វាយប្រហារ និង​គ្មាន​ការ​គោរព​ប្រព្រឹត្ត​មក​លើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ឥស្សរជន​កម្ពុជា​ផ្សេង​ទៀត​នា​ពេល​ថ្មី​ៗ​នេះ ។

ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៧​ ​​តុលា ឆ្នាំ​២០២៥​ បាន​ចាត់​ទុក​ថា ​ចំពោះ​អាកប្បកិរិយា​បែប​នេះ គឺជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ តម្លៃ សីលធម៌ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រជាជាតិ និង​ប្រជាជាតិ​ ។ ទ​ង្វើ​បែប​នេះ​ ក៏​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​ស្មារតី​នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព និង​សន្តិ​សហ​វិជ្ជមាន ដែល​ជា​គោលការណ៍​គ្រឹះ​ក្នុង​ការ​ដឹកនាំ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ ក្នុង​នាម​ជា​សមាជិក​ក្នុង​អាស៊ាន និង​សហគមន៍​អន្តរជាតិ​ ។

ជាមួយ​គ្នា​នេះ ​ព្រឹទ្ធសភា​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បញ្ចេញមតិ​កាលពី​ថ្ងៃ​ទី​៦ តុលា​២០២៥ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកបដោយ​ភាព​ឈ្លាសវៃ អត់ធ្មត់ និង​ក្នុង​ស្មារតី​ជា​រដ្ឋបុរស ដោយ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​សីលធម៌ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

នៅ​ចំពោះ​មុខការ​បង្កហេតុ​ដោយ​ចេតនា​នេះ​ដែរ សម្តេច​តេ​ជោ​បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​ឱ្យ​រក្សា​ភាព​ស្ងប់ស្ងាត់ ចៀសវាង​ការ​សងសឹក និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃ​ការ​ឯកភាព​ជាតិ និង​ការ​អត់ធ្មត់​។ ការ​អំពាវនាវ​នេះ​បាន​បង្ហាញ​ពី​ចរិត​ថ្លៃថ្នូរ​ដ៏​ឧត្តុង្គឧត្តម និង​ភាព​ស្អាតស្អំ​ខាង​សីលធម៌ ដែល​បន្ត​ជំរុញ​ឱ្យ​មាន​សន្តិភាព និង​ភាព​សុខដុមរមនា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ ។

ព្រឹទ្ធសភា​កម្ពុជា​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​​ ចំពោះ​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ដើម្បី​លើកកម្ពស់ អធិបតេយ្យភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ ការ​ពង្រឹង​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ និង​ការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ខាងក្រៅ គឺជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​កាន់ការ​ពង្រឹង​ការ​គ្រប់គ្រង​ខ្លួនឯង​ ភាព​ធន់​របស់​ជាតិ និង​ឯករាជ្យ​ភាព ។

ទន្ទឹម​នឹង​នេះ ព្រឹទ្ធសភា​ក៏​បាន​គូសបញ្ជាក់​អំពី​ទំនួល​ខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ការ​ចាត់វិធានការ​សម​ស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្នុង​លក្ខណៈ​សម​ស្រប​ជា​ប្រទេស​ជាតិ​មួយ​ដែល​មាន​អរិយធម៌ និង​ថ្លៃថ្នូរ ដើម្បី​ទប់ស្កាត់​កុំឱ្យ​អំពើ​ស្រ​ដៀង​គ្នា​នេះ​កើតឡើង​នៅ​ពេល​អនាគត​ ។

ក្នុង​សេចក្តីថ្លែងការណ៍​ព្រឹទ្ធសភា​កម្ពុជា​ក៏​បាន​គូសបញ្ជាក់​សា​រជា​ថ្មី​ថា មិត្តភាព​រវាង​កម្ពុជា និង​ថៃ ត្រូវ​តែ​ផ្អែក​លើ​គុណ​តម្លៃ​នៃ​ការ​យោគយល់​គ្នា ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​សមភាព ដែល​ជា​កត្តាចាំបាច់​ដើម្បី​ទ្រទ្រង់​សន្តិភាព យូរអង្វែង និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ