ទីក្រុងប៉ារីស៖ នាយករដ្ឋមន្ត្រីចាំផ្ទះបារាំង លោកសេបាត្យៀង ឡឺគ័រនូ (Sébastien Lecornu) ដែលកំពុងទទួលបេសកកម្មសំខាន់មួយពីលោកម៉ាក្រុងដើម្បីនិយាយបញ្ចុះបញ្ចូលបណ្ដាគណបក្សនយោបាយនានាឱ្យគាំទ្រថវិកាជាតិឆ្នាំ២០២៦នោះ លោកថ្លែងថាឥឡូវនេះមិនចាំបាច់បោះឆ្នោតសភាជាថ្មីទេព្រោះគណបក្សនានាបង្ហាញឆន្ទៈរួបរួមគ្នាអនុម័តកញ្ចប់ថវិកានោះហើយ។
ការថ្លែងដូច្នេះបន្ទាប់ពីមជ្ឈដ្ឋានខ្លះរួមទាំងសម្ព័ន្ធមិត្តរបស់លោកម៉ាក្រុងផងបានដាក់ចេញសេណារីយោសំខាន់ៗចំនួន២ ទី១លោកម៉ាក្រុងត្រូវចុះចេញពីតំណែង និងទី២លោកម៉ាក្រុងត្រូវរំលាយសភាដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រឡើងវិញ។ យោងតាមលោកឡឺគ័រនូ បណ្ដាគណបក្សនយោបាយនានាត្រៀមបោះឆ្នោតគាំទ្រកញ្ចប់ថវិកានៅចុងឆ្នាំ២០២៥។
លោកយល់ថាការបង្ហាញឆន្ទៈក្នុងការបោះឆ្នោតអនុម័តកញ្ចប់ថវិកានេះជាព្រឹត្តិការណ៍សំខាន់មួយ និងជាការរួបរួមកម្លាំងគ្នាដ៏ពិតប្រាកដ។ ដូច្នេះការរំលាយសភាត្រូវទុកមួយឡែកសិនចុះព្រោះនៅមានរឿងត្រូវនិយាយគ្នាវែងឆ្ងាយតទៅទៀត។ លោកថ្លែងដូច្នេះពីវិមានម៉ាទីញ៉ុង (Matignon) (និវេសនដ្ឋាននាយករដ្ឋមន្ត្រីបារាំង) នៅក្នុងសេចក្ដីសង្ខេបព័ត៌មានស្ដីពីស្ថានការណ៍វិវត្តថ្មីៗ។
លោកឡឺគ័រនូបានដាក់ពាក្យលាឈប់កាលពីថ្ងៃចន្ទបន្ទាប់ពីឡើងកាន់អំណាចបានត្រឹមតែជាង៣សប្ដាហ៍ប៉ុណ្ណោះ។ នៅយប់នេះ លោកត្រៀមរាយកាណ៍ជូនលោកម៉ាក្រុងនូវលទ្ធផលនៃការចរចាជាមួយបណ្ដាគណបក្សនយោបាយនានា។ សូមរំលឹកថាលោកម៉ាក្រុងសម្រេចចិត្តរៀបចំការបោះឆ្នោតសភាឡើងវិញកាលពីរដូវក្ដៅឆ្នាំ២០២៤ដោយសង្ឃឹមថានឹងដោះស្រាយវិបត្តិនយោបាយ។ ប៉ុន្តែវិបត្តិនៅតែកើតមានដដែល។
ចាប់តាំងពីពេលនោះមក ប្រទេសបារាំងដូរនាយករដ្ឋមន្ត្រីចំនួន២ដោយសារមិនអាចកៀរគរសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីគាំទ្រគម្រោងថវិកាជាតិ។ លោកឡឺគ័រនូជានាយករដ្ឋមន្ត្រីទីបីដែលត្រូវលាលែងពីតំណែង។ លោកបានលើកហេតុផលថាបណ្ដាគណបក្សនយោបាយទាំងនៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នា និងគណបក្សប្រឆាំងសុទ្ធតែប្រឆាំងជំទាស់នឹងគម្រោងថវិកាជាតិ។ ដូច្នេះលោកនៅបន្តធ្វើការតទៅទៀតក៏គ្មានន័យអ្វីដែរ៕
ចែករំលែកព័តមាននេះ