ខេត្តបាត់ដំបង ៖ ខ្យល់ព្យុះដែលគេមើលឃើញយ៉ាងច្បាស់មានរូបរាងដូចប្រមោយដំរី ឬ ខ្យល់កួច
(ឈ្មោះអ្នកភូមិហៅ)បានវាយប្រហារក្នុងរយៈពេលខ្លីទៅលើផ្ទះសម្បែងបណ្ដែតលើផ្ទៃទឹកទន្លេសាបរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតអស់ជិត២០ខ្នង កាលពីវេលាម៉ោងប្រហែល៧យប់ថ្ងៃទី០៧ តុលា ត្រង់ចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

មេឃុំកោះជីវាំង លោក ពុំ ចិន បានរាយការណ៍ថា ខ្យល់ព្យុះដែលមានរូបរាងដូចប្រមោយសត្វដំរីនេះ វាបានវាយប្រហារយ៉ាងខ្លាំងក្នុងរយៈពេលខ្លី ។ ប៉ុន្តែវាបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន១៨ខ្នង ក្នុងនោះ មានចំនូន០៧ខ្នង រងការខូចខាតទាំងស្រុង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។ សូមបញ្ជាក់ថា លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រភូមិព្រែកទាល់ ឃុំកោះជីវាំង ស្ទើរ១០០% សាងសង់បណ្ដែតលើផ្ទៃទឹកទន្លេសាប និងមានមុខរបរជាអ្នកនេសាទតែម្ដង ។

ជាមួយនឹងវត្តមានខ្យល់ព្យុះដ៏កាចសាហាវមិនធ្លាប់ជួបប្រទះខាងលើនេះ គេបានឃើញរូបរាងខ្យល់ព្យុះដ៏ខ្លាំងក្លានេះ វេញត្របាញ់កួចរមូលដូចជាខ្សែភ្ជាប់ពីលើផ្ទៃទឹក ឆ្ពោះទៅលើអាកាស ដែលគ្របដណ្ដប់ទៅដោយពពកដុំខ្មៅ និងផ្ទៃមេឃងងឹតឈឹងលាយឡំជាមួយនឹងផ្គររន្ទះដ៏គួឲ្យខ្លាចផង ។

ដោយសារតែគេមើលឃើញច្បាស់ពីរូបរាងខ្យល់គួចរមូលទ្រវែងដូចសត្វចម្លែកនៅលើផ្ទៃមហាសាគរបែបនេះ ទើបអ្នកភូមិខ្លះហៅថា វាជា«ខ្យល់ព្យុះប្រមោយដំរី» រីឯអ្នកភូមិខ្លះទៀតដែលធ្លាបប្រកាន់នូវជំនឿខ្លះផងបានហៅថា វាជា«ខ្យល់នាគលេងទឹក» ។ ប៉ុន្តែយ៉ាងណា ខ្យល់ព្យុះដ៏កំណាច ដែលមានរាងដូចប្រមោយសត្វដំរីនេះ វាបានបង្កការខូចខាតលលំនៅឋានបណ្ដែតទឹករបស់អ្នកភូមិព្រែកទាល់អស់ជិត២០ខ្នង តែវាមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។ នេះបើតាមប្រភពមន្ត្រីមូល ឃុំកោះជីវាំង ដែលស្ថិតតំបន់ទន្លេសាប ៕


ចែករំលែកព័តមាននេះ